គម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវបានសិក្សាសាកល្បងជាច្រើនតាំងពីឆ្នាំ១៩៩៩ ហើយនៅចុងក្រោយ ទីស្ដីការគណៈរដ្ឋមន្រ្តីបានសម្រេចយល់ព្រមលើគម្រោងនេះក្នុងខែវិច្ឆិកា ឆ្នាំ២០១២។ ការសាងសង់នេះបានចាប់ផ្ដើមក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ហើយវារីអគ្គសនីត្រូវបានបើកដំណើរនៅឆ្នាំ២០១៧ ដោយផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ខេត្តកំពង់ចាម និងខេត្តក្រចេះ។
នៅតំបន់ដែលអភិវឌ្ឍន៍គម្រោងនោះមានភូមិជាច្រើនដែលរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល។ ក្នុងនោះមានភូមិស្រែគរមួយ និងស្រែគរពីរទទួលរងទឹកជន់លិចភូមិធ្ងន់ធ្ងរជាងភូមិដទៃ។ ប្រជាជនដែលរស់នៅភូមិស្រែគរទាំងមួយ និងពីរ ប្រកបមុខរបរដោយការនេសាទ ធ្វើស្រែ ដាំដំណាំ(ស្វាយចន្ទី) ចិញ្ចឹមសត្វ និងដកផ្សិតក្នុងព្រៃលក់ជាដើម។
ភូមិនេះជាភូមិចំណាស់មួយដែលប្រតិបត្តិនូវវប្បធម៌ប្រពៃណី និងជំនឿអរូបិយ។ ចំណែកឯក្មេងៗវិញ គឺខិតខំប្រឹងប្រែងរៀនសូត្រ និងស្រលាញ់អក្សរខ្មែរខ្លាំងណាស់។ ប៉ុន្តែដោយសារតែតំបន់នេះត្រូវបានអភិវឌ្ឍន៍ ធ្វើឱ្យភូមិរបស់ពួកគេត្រូវបានរងនូវផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនី ដោយសាលារៀន ផ្ទះសម្បែង មន្ទីរពេទ្យ វត្តអារាម និងផ្សារ ត្រូវទឹកលិចឃើញតែដំបូល។ ជាពិសេសនោះ ដីកសិកម្ម ព្រៃឈើ ដែនជម្រកសត្វព្រៃ ត្រូវបានរងនូវការខូតខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរផងដែរដល់ការផ្លាស់ទីរបស់មច្ឆាជាតិ។
ការទទួលរងផលប៉ះពាល់ពីគម្រោងនេះ ត្រូវបានខាងក្រុមហ៊ុនអគ្គិសនីកម្ពុជា-ចិន ដោះស្រាយ ដោយផ្ដល់សំណងមួយគ្រួសារទទួលបានស្រែ៥ហិតតា ផ្ទះមួយខ្នង លុយ៦០០០ដុល្លារ ស្បៀងមួយឆ្នាំ។ លើសពីនេះ ក្រុមហ៊ុនបានសន្យាសាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្សារផងដែរ។
ក្នុងចំណោមប្រជាជនដែលរស់នៅក្នុងភូមិនោះ មានប្រជាជនមួយចំនួនបានបដិសេធមិនទទួលយកសំណងពីខាងក្រុមហ៊ុនឡើយ ដោយសារខ្លាចបាត់បង់ដីព្រៃ និងសម្បត្តិធនធានធម្មជាតិជាច្រើនទៀត ដែលជាកេរដំណែលដូនតា ទើបមិនហ៊ានចាកចេញពីភូមិនោះ។ ប្រជាជនដែលមិនទទួលយកសំណង បាននាំគ្នាកាប់ឆ្ការព្រៃនៅកន្លែងគ្មានទឹកជន់លិចមិនឆ្ងាយពីភូមិចាស់ឡើយ ដើម្បីសាងសង់លំនៅដ្ឋានដោយខ្លួនឯង ជាហេតុធ្វើឱ្យខាងភាគីក្រុមហ៊ុនខឹង មិនបានផ្ដល់ថាមពលអគ្គិសនីសម្រាប់ប្រជាជនដែលមិនព្រមទទួលយកសំណងប្រើប្រាស់ឡើយ ហើយថែមទាំងគំរាមពួកគាត់ទៀត។
សរុបមក វាជាការលំបាកខ្លាំងណាស់ដែលប្រជាជននៅភូមិស្រែគរខ្លះមិនទទួលសំណងពីខាងក្រុមហ៊ុន ដែលធ្វើឱ្យកូនៗរបស់ពួកគាត់មិនទទួលបានការសិក្សារៀនសូត្រ (មិនមានគ្រូបង្រៀន) ហើយការប្រកបមុខរបរវិញគឺមានការលំបាកជាងមុនទៅទៀត៕