ទីផ្សារលក់ផលិតផលតាមបណ្ដាញសង្គមបានកេីនឡេីងយ៉ាងគំហុកពេលបច្ចុប្បន្ននេះ។ យេីងបានមេីលឃេីញថាវាពិតជាបានផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងដល់មនុស្សទូទៅ ទន្ទឹមនេះដែរ វាក៏ផ្ដល់ភាពអវិជ្ជមានយ៉ាងខ្លាំងដល់មនុស្សគ្រប់ស្រទាប់ ជាពិសេសវ័យជំទង់។
បណ្ដាអ្នកផ្សាយផ្ទាល់ (Live) តាមបណ្ដាញសង្គមមួយចំនួនតែងប្រេីភាពសិចសុីហួសហេតុ អកប្បកិរិយាមិនសមរម្យ សម្ដីឡកឡឺយ ហែកកេរ្តិ៍ខ្មាស់គ្នា ឌឺដង ដៀមដាមផ្លែផ្កា ជេរបញ្ចោរ ដេីម្បីល្បីមានអ្នកទស្សនាច្រេីន ដែលនេះជាហេតុ បាត់បង់តម្លៃភាពជាមនុស្សខ្វះនូវក្រមសីលធម៌សង្គម។
ការ Live លក់ដោយប្រេីនូវទង្វេីអសីលធម៌ គឺជាការប្រឈមមុខនឹងបញ្ហាយូរអង្វែងដល់សង្គម ដោយហេតុថាមនុស្សខ្វះនូវឧត្តមគតិដ៏ត្រឹមត្រូវ បាត់បង់តម្លៃភាពជាមនុស្ស ព្រោះតែអគតិ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសវ័យជំទង់ងាយរងឥទ្ធិពលខ្លាំងបំផុតមួយ។
វ័យជំទង់ជាវ័យដែលត្រូវស្រូបទាញយកអ្វីដែលល្អៗ តែបេីត្រូវលង់ទង្វេីទាំងនោះ ពួកគាត់ងាយទទួលយក និងធ្វេីតម្រាប់តាមណាស់ ជាក់ស្ដែងក្មេងៗខ្លះ បានរៀនលក់តាមបងប្អូន ឬម៉ាក់ប៉ា ដោយចេះត្រាប់តាមបានយ៉ាងល្អ ចុះរឿងអ្វី ដែលធ្វេីតាមមិនបាននោះនូវរឿងអាក្រក់ៗ ព្រោះភាពអវិជ្ជមាន ងាយស្រួលធ្វេីជាងរឿងត្រឹមត្រូវទៅទៀត។
ម្ដាយឪពុកគ្រប់រូបគួរជាគំរូល្អដល់កូនៗ ត្រូវចេះតាមដានត្រួតពិនិត្យយ៉ាងតឹងរឹងចំពោះការប្រេីប្រាស់បណ្ដាញសង្គមរបស់កូនៗ។ ធនធានមនុស្សសំខាន់មួយដ៏សំខាន់នៃសង្គមគួរតែបានឃេីញនូវវប្បធម៌ផ្សព្វផ្សាយល្អៗ មិនមែនភាពគ្មានសីលធម៌ទាំងអស់នោះទេ។
រីឯចំណែកអ្នកលក់ផ្សព្វផ្សាយដែលគ្មានក្រមសីលធម៌ គួរគប្បីពិចារណាឡេីងវិញជាកំហិត គួរនាំយកសីលធម៌ ចរិយាធម៌ទំនួលខុសត្រូវ ផលិតផលមានស្ដង់ដារគុណភាពជាចម្បង ជាជាងការបង្ហាញភាពអាប់ឱនយសដល់សង្គមមនុស្សទូទៅ ភាពប៉ះពាល់នេះនឹងមានជាយូរអង្វែង បេីសិនមិនព្រមបញ្ឈប់ និងផ្សព្វផ្សាយ៕