សៀវភៅមានក្រដាសរាប់រយសន្លឹក ហើយនៅក្នុងក្រដាសទាំងអស់នោះ មានលាយលក្សណ៍ជាអក្សរ ដែលកើតចេញពីគំនិតនិងទស្សនៈរបស់អ្នកសរសេរ ឬអ្នកនិពន្ធ ហើយបង្កើតបានជាសៀវភៅថ្មីមួយក្បាល។ សៀវភៅល្អក៏ជាប្រភេទអាហារជំនួយរបស់ខួរក្បាល ដែលធ្វើអោយខួរក្បាលមានសុខភាពល្អ និងស្រស់ស្រាយ។ ដូច្នេះហើយបានជាយើងអាចនិយាយបានថាសៀវភៅជាមិត្តដ៏ល្អចំពោះយុវជន។
យុវជនគឺជាកម្លាំងស្នូលរបស់សង្គម ហើយយុវជនជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ឬជាសរសរទ្រូងរបស់ជាតិ ព្រោះយុវជនជាអ្នកបន្តវេនសង្គម។ បើសង្គមពុំសូវសម្បូណ៌អ្នកបន្តវេនទេ សង្គមនោះក៏អាចឱនថយភាពរីកចម្រើននៃសង្គមជាតិផងដែរ។
ការអានសៀវភៅច្រើនក៏អាចចេះសម្លឹងមើលឃើញសង្គមដោយប្រើការគិតបែបវិជ្ជមាន មិនជ្រុលនិយមពេកគឺជាផ្នែកមួយនៃការកសាងខ្លួនឯង និងអាចចូលរួមចំណែកក្នុងការសាងសង្គមជាតិប្រកបដោយចក្ខុវិស័យខ្ពស់និងវែងឆ្ងាយតាមបែបប្រជាធិបតេយ្យ សេរី។
ការមានគំនិតអភិវឌ្ឍខ្លួនដោយការអានសៀវភៅច្រើន គឺជាចំណុចចាប់ផ្តើមដ៏សំខាន់ ព្រោះវាបាននាំមកនូវថាមពលក្នុងការផ្លាស់ប្តូរខ្លួនឯងទៅកាន់ផ្លូវល្អ មានសមត្ថភាពប្រឈមនឹងបញ្ហា និងឧបសគ្គនានា ហើយវានឹងអាចជួយឲ្យយើងបោះជំហានទៅមុខបានសម្រេចតាមការប្រាថ្នាចង់បានរបស់យុវជនក្នុងទិសដៅរួមមួយ។
យុវជនមិនត្រូវចុះចាញ់ចំពោះការអានសៀវភៅឡើយ បើទោះជាស្ថិតនៅក្នងស្ថានការណ៍លំបាកនិងធុញថប់ ឬធុញទ្រាន់បែបណាក៏ដោយ អានុភាពនៃការអានសៀវភៅនឹងជួយបង្កើនកម្លាំងចិត្តដល់អ្នកនិងអាចជាមិត្តដ៏ល្អក្នុងការកំដរអ្នកជារៀងរហូត។
«សត្រូវរបស់យុវជនពិតប្រាកដគឺសេចក្តីខ្ជិលច្រអូស ឬអវិជ្ជា ហើយមិត្តដ៏ល្អនិងទីពឹងរបស់យុវជនពិតប្រាកដគឺសេចក្តីឧស្សាហ៍ព្យាយាម ឬបញ្ញា»។
ការព្យាយាមរៀនសូត្រប្រៀបបានដូចជាដង្ហើមជីវិតរបស់យុវជននិងសង្គមជាតិផងដែរ ដោយយើងមិនអាចរស់គ្មានខ្យល់ដកដង្ហើមគឺរៀនសូត្រនោះទេ ការបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត មិនមានន័យថា យើងចេះដឹងសព្វគ្រប់ហើយត្រូវឈប់រៀននោះដែរ បើយើងមិនព្រមអាន ឬ សិក្សាស្រាវជ្រាវបន្ថែម នោះស្មើនឹងយើងយល់ព្រមឈប់អភិវឌ្ឍខ្លួនឯងនិងសង្គម។
សៀវភៅជាប្រភពនៃចំណេះដឹង និងជាដៃគូឬជាមិត្តល្អដែលមិនអាចខ្វះបាន ជាពិសេសសម្រាប់អ្នកដែលចង់អភិវឌ្ឍខ្លួននិងមានទឹកចិត្តចង់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ សៀវភៅជាឃ្លាំង និងជាផ្នែកមួយនៃចំណេះដឹងហើយយើងគ្រប់គ្នាសុទ្ធតែអាចទទួលបានចំណេះដឹងទាំងនេះតាមរយៈនៃការអានសៀវភៅច្រើន។
ការចំណាយពេលវេលាអានសៀវភៅច្រើនរបស់យុវជនគឺដើម្បីអភិវឌ្ឍសមត្ថភាពខ្លួននិងអភិវឌ្ឍន៍មាតុភូមិប្រកបដោយសក្តានុពល និងតម្លាភាពបែបប្រជាធិបតេយ្យ។
«យុវជនត្រូវគិតបែបនេះថាកុំទាន់ចង់ទទួលផលស្រូវនៅថ្ងៃដែលយើងទើបស្ទូង វានឹងផ្ដល់ផលឱ្យយើងនៅពេលក្រោយ»។ គំនិត សកម្មភាព លទ្ធផល ជាចំណុចសំខាន់សម្រាប់ធ្វើឱ្យជីវិតយុវជននិងសង្គមជាតិកាន់តែប្រសើរឡើង។
សម្រាប់អ្នកដែលមិនធ្លាប់អានសៀវភៅ ឬមិនចូលចិត្តអាន គប្បីបង្កើតទម្លាប់អានខ្លះ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ៕