អស់រយៈពេលជាង១ឆ្នាំហើយ បើយើងគិតចាប់ពីថ្ងៃនៃការចូលមករបស់ជំងឺកូវីដ ១៩ ចាប់ពីដើមឆ្នាំ២០២០មកហើយដែលធ្វើឲ្យជីវិតរស់នៅរបស់មនុស្សទាំងមូល មិនថាកម្ពុជា និងសកលលោក ត្រូវបានប្រែប្រួលយ៉ាងខ្លាំង។អាជីវកម្មធំ ឬតូចទោះចង់ឬមិនចង់ក៏ត្រូវតែប៉ះពាល់ដល់ការប្រកបអាជីវកម្មរបស់ខ្លួនដែរ។​

បើយើងក្រឡេកទៅមើលការថែទាំសុខភាពរបស់មនុស្សវិញ ក៏មានការស្វះស្វែងដើម្បីរកដំណោះស្រាយមួយដ៏ល្អសម្រាប់ប្រទេសរៀងៗខ្លួនដែរ ពោលប្រទេសចិន អាមេរិក បារាំង ឥណ្ឌា និងបណ្តាប្រទេសអភិវឌ្ឈនានាបានប្រឹងប្រែងសស្រាក់សស្រាំដើម្បីស្រោចស្រង់ជីវិតរបស់ពលរដ្ឋនៅក្នុងប្រទេសរបស់ពួកគេ។

នេះជាបទពិសោធន៏មួយថ្មីសម្រាប់មនុស្សគ្រប់គ្នាដែលកំពុងរស់នៅលើភពផែនដីត្រូវតែឆ្លងកាត់និងសម្របខ្លួនដើម្បីរស់នៅ។​ ពិភពលោកនេះអាចនឹងមានរឿងល្អៗបើសិនជាយើងព្យាយាមមើលឃើញអ្វីៗដែលកើតឡើងក្នុងន័យវិជ្ជមានជាជាងអវិជ្ជមាន។

មានរឿងជាច្រើនដែលយើងអាចស្រែកពីផលលំបាកពីជំងឺដ៌សាហាវនេះ​ ប៉ុន្តែខ្ញុំបាទសូមណែនាំនូវរឿងសំខាន់ទាំង ៥ចំនុច​ ដែលយើងអាចរៀនសូត្រតាមរយៈការកើតឡើងជំងឺនេះ។

ពាក់ម៉ាសដើម្បីថែរក្សាសុខភាព៖ កាលពីមុន មនុស្សពាក់ម៉ាសសម្រាប់តែពេលធ្វើដំណើរឆ្លងកាត់ផ្លូវដែលមានសភាពហុយដីនិងពេលចូលបន្ទប់វះកាត់ប៉ុណ្ណោះ តែឥឡូវនេះយើងអាចមើលឃើញមនុស្សម្នារពាក់ម៉ាសស្ទើរគ្រប់ទីកន្លែងមិនថាកន្លែងដែលយើងឆ្លាប់គិតថាជាកន្លែងមានសុវត្ថិភាព ឬមិនមានសុវត្ថិភាពនោះទេ។

នេះគឺជារឿងមួយដ៏ល្អដែលធ្វើឲ្យមនុស្សជាតិចាប់ផ្តើមខ្វាយខ្វល់អំពីខ្យល់ដែលពួកគេដកដង្ហើមចូល
និងចាប់ផ្តើមធ្វើគ្រប់យ៉ាងណាដើម្បីបរិយាកាសរស់នៅជុំវិញកាន់តែមានអនាម័យ និងផាសុកភាព។

មនុស្សមានពេលវេលាច្រើនជាមុន៖ ពេលមិនទាន់មានជំងឺកូវីដនេះកើតឡើង មនុស្សគ្រប់គ្នាជាពិសេសមនុស្សពេញវ័យដែលមានការងារ និងការរកស៊ី តែងតែព្យាយាមឥតទំនេរ ឯមនុស្សមួយចំនួនធំចាកឆ្ងាយពីគ្រួសារដើម្បីស្វែងរកប្រាក់ចំណូល រហូតដល់គ្មានពេលសម្រាកទៅលេង ឬសួរសុខទុកក្រុមគ្រួសារឡើយ។

ចាប់តាំងពីជំងឺនេះកើតឡើងមក មនុស្សជាច្រើនអាចធ្វើការ និងសម្រាកនៅផ្ទះបាន ជាហេតុធ្វើឲ្យមានពេលច្រើនជាងមុនដើម្បីមើលថែសុខភាព និងរស់នៅក្បែរជាមួយមនុស្សជាទីស្រឡាញ់កាន់តែច្រើន។

ការញុំនិងការរស់នៅ៖ ទម្លប់ការញុំសាច់ឆៅ និងទម្លាប់អនាម័យស្អាតជានិច្ចត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលដើម្បីឲ្យប្រជាជនគ្រប់រូបធ្វើឲ្យបានល្អប្រសើរក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក្នុងការទប់ស្កាត់ការរីករាលដាលនូវជំងឺនេះ។

ចំណែកមនុស្សគ្រប់រូបវិញចាប់ផ្តើមគិតគូរកាន់តែល្អិតល្អន់នូវចំណីអាហារដែលពួកគេញុំចូល និងហ៊ានចំណាយលុយកាន់តែច្រើនដើម្បីទិញសម្ភារៈការពារដូចជាទឹកលាងដៃ ម៉ាស អាកុល និងសាប៊ូជាដើម​
ដើម្បីធានាថាជំងឺនេះមិនអាចវាយលុកចូលក្នុងសារពាង្គកាយបានឡើយ។

ការសម្លាប់សត្វព្រៃត្រូវបានកាត់បន្ថយ៖ មនុស្សជាច្រើនបានសនិដ្ឋានថាជំងឺកើតចេញមកពីសត្វព្រៃដែលពុំស្គាល់ប្រភព និងរស់នៅតំបន់ព្រៃភ្នំដែលបណ្តាលឲ្យមនុស្សដែលបរិភោគ ឬប៉ះពាល់សត្វទាំងនោះកើតមានជំងឺនេះ។ ដូច្នេះមនុស្សជាច្រើននឹងមិនហ៊ានទទួលទានម្ហូបសត្វព្រៃទាំងឡាយជាលក្ខណៈឆ្អិន ឬឆៅច្រើនដូចមុនទៀតនោះទេ។

ចំណែកប្រទេសមួយចំនួនក៏ចាប់ផ្តើមគិតគូរអំពីរឿងសត្វព្រៃ និងការបរបាញ់សត្វព្រៃជាងមុនដែរដើម្បីធានាសុខសុខមាលភាពប្រជាជន។

សរុបមកគ្មានអ្នកណាម្នាក់ដឹងថានឹងមានការកើតឡើងនូវជំងឺនេះ ហើយក៏គ្មាននរណាម្នាក់ចង់ឲ្យកើតមាននៅដែរតែប្រាកដណាស់ថានឹងមានរឿងល្អៗជាច្រើនដែលតម្រូវឲ្យមនុស្សជាតិយល់ដឹងអំពី ការថែរក្សាអនាម័យ សុខភាព​និងជំងឺឆ្លងផ្សេងៗ ឲ្យកាន់តែធំទូលាយ។

ការប្រារព្ធកម្មវិធីសំខាន់ៗត្រូវបានលុបចោល៖ នៅពេលដែលអ្នកមានកម្មវិធីជួបជុំកាលពី ២ឆ្នាំមុនអ្នកតែងតែគេចវេស ឬខ្ជិលចេញទៅក្រៅ តែពេលនេះអ្នកមិនអាចបង្កើតបរិយាកាសសប្បាយៗជាមួយនឹងការជួបជាមួយមនុស្សជាទីស្រឡាញ់របស់អ្នកដូចពីមុនទេ៕
ពេលដែលជំងឺនេះត្រូវបានបញ្ចប់យើងគួរតែសាកល្បងចូលរួមកម្មវិធីផ្សេងៗដែលយើងគិតថាល្អដើម្បីទទទួលបានបទពិ
សោធន៏ជីវិតនិងការរាប់អានមិត្តថ្មីៗ។