អង្គុយក្នុងបន្ទប់ផឹកកាហ្វេ ដៃម្ខាងកាន់សៀវភៅ​ដៃម្ខាងទៀតកាន់ប៊ិច នៅ​ចំ​ខាង​មុខ​មាន​កុំព្យូទ័រ​ បើក​ស្តាប់​កា​រវិភាគ​ពី​បញ្ហា​សង្គមរបស់លោកបណ្ឌិត កែម ឡី ឡើងវិញ ត្រង់ចំណុចមួយ​លោក​បាន​និយាយថា រាល់ការវិភាគម្តងៗរបស់លោកបណ្ឌិត លោកមិនសូវដែលគិតការស្លាប់ ឬបញ្ហាប្រឈមណាមួយនោះទេ ព្រោះលោកគិតថា «វាស្ថិតនៅក្នងប្រទេសមួយដែលមានខ្លាច្រើន ដែល​មាន​ពស់​វែក​ច្រើន និង​មាន​សត្វ​សាហាវ​ច្រើ​ន»។

ដូច្នេះនៅពេលដែលលោកចាប់ផ្តើមវិភាគលោកមិនគិតថាលោកអាចមានជីវិតទេ ប៉ុន្តែ​ប្រ​សិនបើ​យើងខ្លាច នាំគ្នាសម្ងំទាំងអស់គ្នា យើង​អត់​អាច​មាន​សមត្ថភាព​ផ្តល់​គំរូ​ឲ្យ​ដល់​ពលរដ្ឋ និង​យុវជន​ដើម្បី​អាច​កែប្រែ​ប្រទេសបាននោះទេ។

លោកបណ្ឌិត កែម ឡី គឺជា​បញ្ញាវន្ត​សាធារណៈ​ម្នាក់​ក្នុង​សង្គម​កម្ពុជា ដោយសារ​លោក​បាន​ចូលរួម និង​លះបង់​យ៉ាង​ច្រើន​ដើម្បី​បង្ហាញ​ពី​ភាព​កម្សោយ និង​ភាព​ស្ពឹក​ស្រពន់​នៅ​ក្នុង​សង្គម។​ ទាំងនេះ​ហើ​យទើ​ប​បណ្តាល​ឲ្យ​លោក​សម្រេចចិ​ត្ត​ធ្វើ​ជា​អ្នក​វិភាគ​សង្គម តាមរយៈការចុះសិក្សាស្រាវជ្រាវ និង​ប្រមូល​ចងក្រង​ព័ត៌មាន​ដើម្បី​ធ្វើ​ជា​អំណះអំណាង​ក្នុង​ការតស៊ូ​មតិ​ដោយអហិង្សារ ស្របតា​ម​គោលការណ៍​វិទ្យាសាស្រ្ត ក្នុង​ន័យ​លាត​ត្រដាង និងផ្ដល់ជូននូវព័ត៌មាន​ពិត​ជាក់ស្ដែង​ដល់​ប្រជាពលរដ្ឋ​ទូទៅតា​មរយៈ អត្ថបទសិក្សាស្រាវជ្រាវ និង​ការអត្ថា​ធិប្បាយ​អំពី​បញ្ហា​ទូទៅ​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ វិទ្យុ និង Youtube។  ទាំងនេះទើបធ្វើឲ្យជនានុជនក្នុងសង្គមកម្ពុជាស្គាល់ គោរព និង​ឲ្យ​តម្លៃ​លោក​ជា​ខ្លាំង។

ទន្ទឹម​នឹងការគោរពស្រលាញ់​លោក​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ ក៏​មាន​ជន​អគតិ​ខ្លះមិនពេញចិត្តនឹងលោកផងដែរ ព្រោះអាចដោ​យសារ​ប៉ះពាល់​ផល​ប្រយោជន៍​របស់​គេ។ ​នៅថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី ត្រូវបានគេលួចធ្វើឃាតនៅចំកណ្ដាលទីក្រុងភ្នំពេញ។ ក្រោយ​មរណភាព​​របស់​លោក​ភ្លាមៗ​ យើង​ឃើញ​ថា​មាន​ការចូលរួម​ដំណើរ​​ដង្ហែ​សព​របស់​លោក​បណ្ឌិត​យ៉ាង​ច្រើន​កុះករ ណែន​ណាន់​តាន់​តាប់ តាម​ដងផ្លូវ​ពីភ្នំពេញទៅស្រុកកំណើត​របស់​លោក​បណ្ឌិត។​ ប្រការនេះបញ្ជាក់យ៉ាងច្បាស់ថា ខ្មែរយើ​ង​ពិត​ជាមា​នកា​រគោរព និង​ស្រឡាញ់​វីរភាព​លោក​បណ្ឌិត​ខ្លាំង។

លោកបណ្ឌិតបានបន្សល់ទុកនូវស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីសង្គម ហើយ​បន្សល់​ទុក​សៀវភៅ​ពីរ​ក្បាល​គឺ «អ្នក​រូត​វាំង​នន​សង្គម» និង «កម្រង​ទស្សន​សង្គម និង​នយោបាយ» ដែល​បាន​ចងក្រង​ឡើង​ដោយ​មិត្តភក្តិ​ សហការី​របស់​លោក និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ ដែល​ធ្លាប់​ទទួ​ល​បាន​ការបណ្ដុះ​បណ្ដាល​ផ្ទាល់​ពី​សំណាក់​លោក​បណ្ឌិត។

លោកបណ្ឌិតបានផ្ដល់នូវទស្សនទានជាច្រើនទាក់ទងទៅនឹងបញ្ហាសង្គម ដូចនេះ​បើ​លោក​អ្នក​គោរព និ​ងទទួលស្គាល់គុណសម្បត្តិ និងឧត្តមគតិលោកបណ្ឌិត លោកអ្នកគួរតែលើកយកនូវទស្សនទានរបស់លោកបណ្ឌិតមកសិក្សា ឬ​លើក​មក​និយាយ​ចែក​ជូន​សាធារណៈជន និង​អនុវ​ត្ត​ឲ្យបានផុលផុស នោះ​មានន័យថា​អ្នក​បាន​ចូលរួម​ចំណែក​រក្សា​កិត្តិយស និង​គុណ​តម្លៃរ​បស់លោកបណ្ឌិត​តទៅ​ទៀត។

ដោយយើងមើលឃើញថាទស្សន​ទាន​របស់​លោក​បណ្ឌិត​បាន​ក្លាយ​ទៅ​ជា​រឿង​និទាន ហើយ​ដែល​ត្រូវ​បាន​អ្នក​នយោបាយ ពលរដ្ឋ និង​យុវជន​មួយ​ចំនួ​ន​មើល​រំលង​ទៅ​វិញ។​ តើវាអាចដូចជាពាក្យចាស់បុរាណនិយាយថា៖ «ភ្លើងចំបើង​ឆេះ​មិនងំ» នោះទេ?

ដូច្នេះក្នុងនាមយើងជាអ្នកស្រឡាញ់គាំទ្រទស្សនៈ និងយុទ្ធសាស្រ្ត​រប​ស់​លោក​បណ្ឌិត គួរ​តែ​នាំ​គ្នាជួ​យគា​ស់​កកាយ​ស្នាដៃ និង​វីរភាព និង​ឧត្តមគតិ​របស់​លោក​ទាំងនោះ​កុំ​ឲ្យរសាត់​បាត់ទៅតាមខ្យល់។

បច្ចុប្បន្នយើងឃើញថា អ្នកអត្ថាធិប្បាយសង្គម ឬអ្នក​ផ្តល់​យោបល់​ក្នុង​សង្គ​មភា​គច្រើន​មិនសូ​វបា​ន​លើក​យក​ទស្សនៈ​ល្អៗ​រប​ស់លោ​ក​បណ្ឌិត​ដូចជា​យុទ្ធសាស្រ្ត ឬ​ដំណោះស្រាយ​សំខាន់ៗ​ដែល​លោក​បណ្ឌិត​បាន​ផ្តល់ទុក​នៅក្នុង​សៀវភៅ « កម្រង​ទស្សន​សង្គម និង​នយោបាយ» មកបង្ហាញដល់សង្គមម្តងទៀតនោះទេ។​  ដូច្នេះ​ប្រសិនបើ​អ្នក​​មាន​គោលដៅ​ពិតប្រាកដ ថា​គាត់​ចង់​ជួយ​សង្គម​ពិតប្រាកដ​ត្រូវ​ហ៊ាន​និយាយ​ការពិត ជាជាងនិយាយ​ការពារ។

លោកបណ្ឌិតតែងតែអំពាវនាវឲ្យក្រុមយុវជនជំនាន់កណ្តាល ឬ​យុវជ​ន​ជំនាន់​ក្រោយ​​មាន​សេចក្តី​ក្លាហាន​ឡើង ហ៊ានផ្តល់យោបល់ ឬ​ព័ត៌មាន​ពិត​ដែល​មាន​ភស្តុតាង​ត្រឹមត្រូវ ហើយ​មាន​លក្ខណៈបែបវិទ្យាសាស្រ្ត​ឲ្យបានច្រើន មានឧទាហរណ៍ឲ្យ​បាន​ច្រើន​ ហើយ​ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។

លោកបាន​លើកឡើង​ថា៖ «បើយើង​វិភាគ​ហើយ​យើងខ្លា​ច​បរិយាកាស​នយោបាយ យើង​បារម្ភខ្លាចគេលួចធ្វើបាប ខ្លាចជាប់គុក យើង​អាច​នឹង​វិភាគ​អត់​ត្រូវ​ជ្រុង​ទេ អញ្ចឹងសាធារណៈជន យុវជនយើងត្រូវនិយាយអ្វីជាការពិត ហើយ​កម្រិត​នៃការ​យល់ដឹ​ងប៉ុ​ណ្ណា យើងអាចនិយាយប៉ុណ្ណឹងខ្ញុំគិតថាអាចរក្សានូវតម្លៃ»។

ជាទូទៅលោកបណ្ឌិតពេលលោកចាប់ផ្តើមវិភាគលោកតែង​និយាយ​ថា លោក​ត្រូវ​មានលិខិតឆ្លងដែនមួយ និងវីសាបី៖

ទី១ «បើគេមិនសប្បាយចិត្ត គេអាចឲ្យយើងទៅមន្ទីពេទ្យ យើងត្រូវតែទៅៗ»

ទី២ «បើគេមិនសប្បាយចិត្ត គេឲ្យយើងទៅព្រៃស យើងត្រូវតែទៅៗ»

ទី៣ «បើគេមិនសប្បាយចិត្តខ្លាំង គេអាចឲ្យយើងទៅវត្តព្រះពុទ្ធ យើង​ក៏​ត្រូវ​តែ​ទៅៗ»។​

លោក​ថា ទាំងនេះ​អាចធ្វើឲ្យ​យើង​អាចវិភាគបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែបើ​យើង​នៅ​តែ​ខ្លាច​វីសា​ទាំងបី​ហ្នឹង លោក​ថា ​យើងមិន​អាច​ផ្តល់​យោបល់បា​នល្អ និង​វិភាគ​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ​ដល់​សង្គម​បាន​នោះទេ​៕