ការថតរូបមានច្រើនប្រភេទ មានដូចជា ការថតរូបបែបឯកសារ បែបសារព័ត៍មាន បែបសិល្បៈ បែបសហសម័យជាដើម។ ចំពោះការថតរូបក្នុងវិស័យសារព័ត៍មានវិញជារឿងសំខាន់ណាស់ ព្រោះរូបភាពអាចជួយអ្នកអានអោយឆាប់យល់ពីខ្លឹមសារនៃអត្តបទ។
ក្នុងវិស័យនេះផងដែរ រូបភាពទាំងអស់មិនត្រូវបានអនុញ្ញាតិអោយមានការកែប្រែ រឺបន្ថែមដែលធ្វើអោយប៉ះពាល់ រឺខូចខាតភាពដើមឡើយ ដូចជាធ្វើអោយរូបភាពងងឹតពេក ឬភ្លឺពេក ប៉ុន្តែអាចកាត់ផ្នែកខ្លះនិងកែប្រែចំនុចប្រឡាក់បាន។
អ្នកថតរូបត្រូវរក្សាសិទ្ធិផងដែរ ដោយត្រូវប្រាប់ឈ្មោះ និងស្ថាប័នដែលខ្លួនធ្វើការ។ លើសពីនេះទៅទៀតគប្បីប្រាប់ឈ្មោះម្ចាស់រូបថត និងអត្តសញ្ញាណអោយបានច្បាស់លាស់ និងត្រឹមត្រូវ។ ការផ្តិតយករូបភាពអាចជិត អាចឆ្ងាយ រឺអាចជាប្លង់ណាមួយ។ រូបថតដែលយកមកបោះពុម្ភផ្សាយអាចជារូបបញ្ឈរ និងផ្តេក។ និយាយរួមទៅការរូបថតក្នុងវិស័យសារព័ត័មានមានភាពតឹងរ៉ឹងណាស់បើប្រៀបធៀបជាមួយវិស័យផ្សេងទៀត។
អ្នកចាប់យកអាជីពនេះត្រូវមានការទទួលខុសត្រូវ និងមានសីលធម៏វិជ្ជាជីវះខ្ពស់ទៅលើស្នាដៃរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៏មានពិតជូនសារធារណជន និងពលរដ្ឋក្នុងសង្គម ហើយត្រូវជៀសវាងរូបថតណាដែលនាំអោយមានការឈឺចាប់ រឺអាប់អោនកិត្តិយស ដល់បុគ្គលណាមួយឡើយ។ មិនតែប៉ុណ្ណោះ ក៏មិនត្រូវអោយប៉ះពាល់ដល់សន្តិសុខ ទំនៀមទំលាប់ ប្រពៃណី វប្បធម៏ ធ្វើអោយមានជម្លោះរវាងប្រទេសនិងប្រទេស ការរើសអើងប្រកាន់ពូជសាសន៍ សាសនាផងដែរ។
តើធ្វើដូចម្តេចដើម្បីអោយការថតរូបក្នុងវិស័យសារព័ត៍មានមានភាពទាក់ទាញ និងមានវិជ្ជាជីវះ?
បើតាមអ្នកថតរូបអាជីព លោកម៉ក់ រ៉េមីស្សា ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យនេះ ហើយដែលលោកបានចែករំលែកជាមួយ Newsroom Cambodia រូបថតគប្បីមានយ៉ាងហោចណាស់ប្រាំបីចំនុចរួមមាន៖
ទីមួយគឺការចាប់ប្លង់ គឺជាការសំដៅដល់ការចាប់យកប្លង់រូបភាពអោយបានពេញលេញ លៃលកយ៉ាងណាអោយមានលក្ខណៈត្រួវគ្នាជាមួយខ្លឹមសារនៃអត្តបទ។
ទីពីរគឺសកម្មភាព សំដៅដល់ភាពរស់រវើក ភាពមានចលនានៃរូបភាព អ្នកមើលមានអារម្មណ៍ថារូបភាពនោះហាក់មានចលនា ។
ទីបីគឺចំនាប់អារម្មណ៍ សំដៅដល់ការចាប់អារម្មណ៍របស់អ្នកមើល គឺមានអារម្មណ៍ទៅតាមរូបភាពដូចជា សប្បាយ រំភើប ត្រេកអរ កើតទុក្ខជាដើម។
ទីបួនគឺការកន្ត្រាក់អារម្មណ៍ សំដៅដល់អារម្មណ៍របស់អ្នកមើល ដែលមានភាពតក់ស្លុត ភ័យរន្ធត់ទៅតាមរូបភាព។
ទីប្រាំគឺរូបភាពមានភាពត្រង់ជាបន្ទាត់ មានភាពប្រទាក់ក្រឡាគ្នាតាំងពីផ្ទៃខាងមុខទៅខាងក្រោយ។
ទីប្រាំមួយ គឺការប្រៀបធៀបរូបភាពពីរ រឺច្រើនក្នុងរូបថតតែមួយដែលអាចអោយអ្នកមើលងាយស្រួលក្នុងការប្រៀបធៀប និងញែកដាច់ពីភាពខុសប្លែកគ្នានៃរូបភាពទាំងនោះ។
ទីប្រាំពីរ គឺពន្លឺ សំដៅដល់រូបភាពមួយដែលខ្វះពន្លឺគឺបណ្តាលអោយងងឹតពេក ហើយបើពន្លឺខ្លាំងពេកធ្វើអោយរូបភាពភ្លឺខ្លាំង រឺឆេះ។
ពេលវេលាដែលល្អសំរាប់ការថតរូបគឺពេលចន្លោះម៉ោងប្រាំបី ទៅប្រាំបួនព្រឹក និងចន្លោះម៉ោងបួន ទៅប្រាំរសៀល។
ទីប្រាំបី គឺពណ៏នៃរូបថត សំដៅដល់ពណ៏ធម្មជាតិដែលរួមមានពណ៏លឿង ក្រហម បៃតង ខៀវ ស ។ល។ ពណ៏ទាំងនេះធ្វើអោយរូបភាពកាន់តែមានភាពទាក់ទាញ៕