មានមនុស្សជាច្រើនតែងតែយល់ច្រលំថា អ្នកស្រឡាញ់ភេទដូចគ្នាមានតែបុរសស្រឡាញ់បុរសដូចគ្នា ឬស្ត្រីស្រឡាញ់ស្ត្រីដូចគ្នា។ ប៉ុន្តែបច្ចុប្បន្ននេះមានការរកឃើញនូវអត្តសញ្ញាណជាច្រើនដែលយើងមិនអាចស្វែងរកឃើញអស់ ប៉ុន្តែមានការកំណត់នូវអក្សរឡាតាំង LGBTQ+ ដែលជាស្តង់ដាររួមមួយដើម្បីកំណត់សម្គាល់ភេទនៃមនុស្សស្ថិតក្នុងក្រុមស្រឡាញ់ភេទដូចគ្នាដែលលោកអ្នកគួរតែយល់ដឹង។
អក្សរ L មកពីពាក្យថា Lesbian ដែលជាភាសាអង់គ្លេស តំណាងឲ្យក្រុមមនុស្សដែលមានភេទជាស្ត្រីដែលតុបតែងខ្លួនជាបុរស មានអាកប្បកិរិយាដូចជាមនុស្សប្រុស។ រីឯអ្នកស្រឡាញ់ភេទដូចគ្នាដែលមានភេទជាស្រី្តមួយចំនួន ក៏មិនមានបង្ហាញលក្ខណៈណាមួយក្នុងការតុបតែងខ្លួនឲ្យដូចជាមនុស្សប្រុសនោះដែរ ពោលគឺដូចជាស្រីទូទៅដែរ តែអ្វីដែលមានភាពដូចគ្នានោះ ពួកគេស្រឡាញ់ ឬពេញចិត្តលើមនុស្សស្រីដូចគ្នាប៉ុណ្ណោះ។ សម្រាប់អ្នកដែលស្រឡាញ់ភេទជាស្រ្តីដូចគ្នានេះអាចនឹងមានអ្នកដែលមានកាយវិការ ឬអត្តចរិកដូចជាមនុស្សប្រុស ហើយក៏មានមួយចំនួនមានកាយវិការ ឬអត្តចរិកដូចជាមនុស្សស្រីដែលស្រឡាញ់ភេទផ្ទុយផងដែរ។
អក្សរ G មកពីពាក្យថា Gay ដែលជាភាសាឡាតាំង សំដៅដល់អ្នកដែលតុបតែងខ្លួនដូចជាបុរសទូទៅ និងពេញចិត្តស្រឡាញ់តែបុរសដូចគ្នាប៉ុណ្ណោះ។ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដែលអានថាហ្គេយ៍នេះ មានមួយចំនួនបង្ហាញអត្តចរិក ឬកាយវិការ និងចូលចិត្តធ្វើដូចជាមនុស្សស្រី តែមួយចំនួនទៀតមានលក្ខណៈជាមនុស្សប្រុសទូទៅ តែមានការយល់ច្រឡំថា ពូកគេជាអ្នកស្រឡាញ់ស្រីទៅវិញ។
ចំណែកឯ B មកពីពាក្យថា Bisexual មានន័យថាជាមនុស្សដែលមានភេទស្រ្តី ឬបុរស ដែលអាចស្រឡាញ់មនុស្សដែលមានភេទដូចពូកគេ ហើយក៏អាចស្រឡាញ់មនុស្សដែលមានភេទផ្ទុយពីពួកគេដែរ ពោលគឺបានទាំង២ភេទ។ សម្រាប់មនុស្សក្រុមប្រភេទនេះ ពិបាកនឹងបែងចែកអារម្មណ៍របស់ពូកគេបន្តិច ហើយក៏អាចមានការស្មុគស្មាញ និងពិបាកយល់ពីការស្រឡាញ់របស់ពួកគេផងដែរ។ ជួនកាលយើងមើលឃើញពួកគេចាប់អារម្មណ៍លើមនុស្សដែលមានភេទផ្ទុយគ្នា តែពេលខ្លះយើងអាចសម្គាល់ថាពួកគេ ក៏ចាប់អារម្មណ៍មនុស្សដែលមានភេទដូចជាពួកគេផងដែរ តែអ្វីដែលក្រុមប្រភេទនេះប្រឈមមុខនោះគឺ ពួកគេមិនសូវ ឬពុំដែលបញ្ចេញឲ្យមនុស្សជុំវិញខ្លួនបានដឹង ដោយភាពភ័យខ្លាចពីការរិះគន់ ឬមតិយោបល់ផ្សេងៗ ដែលមនុស្សជុំវិញខ្លួនពួកគេបានយល់ខុសកន្លងមក។
អក្សរ T មកពីពាក្យ Transgender គីសំដៅទៅលើអ្នកដែលបានផ្លាស់ប្តូរភេទរបស់ខ្លួនទៅជាភេទដែលខ្លួនឯងប្រាថ្នា។ មានអ្នកផ្លាស់ប្តូរភេទដូចគ្នាមួយចំនួនបានផ្លាស់ប្តូររាងកាយ ឬប្រដាប់ភេទរបស់ខ្លួនទាំងស្រុង តែមួយចំនួនទៀតក៏ពុំទាន់បានផ្លាស់ប្តូរទាំងស្រុងនោះដែរ។ សម្រាប់ក្រុមប្រភេទនេះទទួលបានការរើសអើង និងមិនឲ្យតម្លៃជាងគេ បើប្រៀបធៀបទៅនឹងប្រភេទផ្សេងទៀត។
សម្រាប់អក្សរ I បានមកពីពាក្យ Intersex គឺសំដៅទៅលើក្រុមមនុស្សដែលកើតមកមានអវៈយវៈភេទទាំងពីរ ពោលគឺមានប្រដាប់ភេទទាំងស្រី និងភេទប្រុស។ សម្រាប់ក្រុមប្រភេទនេះពុំសូវមានច្រើនដូចប្រភេទផ្សេងនោះទេ ហើយមានការមានការលាក់បាំងពីក្រុមគ្រួសារច្រើនផងដែរ ដោយខ្លាចមានការសើចចំអកពីអ្នករស់នៅក្នុងតំបន់ជាមួយគ្នា។ អ្វីដែលជាការលំបាកនៃក្រុមប្រភេទនេះមួយទៀតនោះគឺ ឪពុកម្តាយបានបង្ខំឲ្យកូនដែលកើតមកវះកាត់ប្រដាប់ភេទមួយណាដែលគិតថាពុំពេញចិត្ត មុនពេលដែលកូនរបស់ពួកគាត់នោះធំដឹងក្តីហើយចង់សម្រេចចិត្តជ្រើសរើសភេទដែលពួកគេចង់បានវិញ។
រីឯអក្សរ Q មកពីពាក្យថា Questioning គឺជាសំដៅដល់អ្នកដែលកំពុងស្វែងរកភេទ និងចំណង់ចំណូលចិត្តនៃភេទរបស់ខ្លួនឯងដោយមិនអាស្រ័យទៅលើអាយុ និងកត្តារស់នៅរបស់ពួកគេ។
ចុងក្រោយ សញ្ញាបូក + ត្រូវបានសម្គាល់ និងធានានូវការគាំទ្រទៅលើអ្នកដែលកំពុងសិក្សាអំពីភេទខ្លួនឯង និងក្រុមប្រភេទផ្សេងៗដទៃទៀតត្រូវបានរាប់បញ្ចូល។
នេះគ្រាន់តែជាអត្តសញ្ញាណធំៗដែលបានកំណត់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាប៉ុណ្ណោះ អត្តសញ្ញាណអាចនឹងមានការប្រែប្រួលទៅតាមតំបន់ និងកត្តាសង្គមផ្សេងៗគ្នាផងដែរ។
សង្គមអាចមានតែមួយ តែពួកយើងម្នាក់ៗអាចនឹងមិនដូចគ្នាទេ យើងត្រូវតែរៀនទទួលយកភាពខុសគ្នា និងឲ្យតម្លៃគ្នាទៅវិញទៅមក។ សង្គមមួយរីកចម្រើន និងមានភាពរុងរឿង មិនស្ថិតលើភេទណាមួយដែលសង្គមបានកំណត់ទទួលយកនោះទេ តែផ្ទុយទៅវិញ ការរួបរួមគ្នាជាធ្លុងមួយទៅវិញទេដែលជាកម្លាំងចលករដ៏សំខាន់ដើម្បីជ្រោមជ្រែងប្រទេសជាតិឲ្យមានការរីកចម្រើន៕