Site icon Newsroom Cambodia

Blog: ចំណេះដឹងទាក់ទងដោះស្រាយបញ្ហា គ្រប់គ្រងបញ្ហា «សិល្បៈជីវិត» នាំឱ្យយើងសប្បាយ ច្រើនជាងកើតទុក្ខ

សកម្មភាពព្រះសាស្តាចរចា និងដោះស្រាយវិវាទជាមួយស្តេច ពហុស្សូត និងព្រាហ្មណ៍។ រូបភាព៖ ហ្វេសប៊ុកផេកព្រះអង្គសាន់ សុជា

បញ្ហាគឺជាធម្មជាតិម្យ៉ាងដែលមនុស្សគ្រប់រូបទាំងអស់តែងតែជួបប្រទះ ទោះបីមនុស្សភាគច្រើនមិនប្រាថ្នាចង់ជួបក៏ដោយ បញ្ហាខ្លះធ្វើឱ្យមនុស្សរស់ដូចស្លាប់ និងបញ្ហាខ្លះទៀតធ្វើឱ្យមនុស្សហ៊ានលះបង់ជីវិតខ្លួនឯង។ដូច្នោះហើយការដែលមានចំណេះដឹងទាក់ទងនឹងរបៀបដោះស្រាយបញ្ហា គ្រប់គ្រងបញ្ហា ម្យ៉ាងទៀតគេហៅថា
សិល្បៈជីវិត វានាំឱ្យយើងសប្បាយ ច្រើនជាងកើតទុក្ខ។

ព្រះ​ពុទ្ធ​បានឆ្លងកាត់បទពិសោធន៍ធំៗពីរ ក្នុងភាពជាអ្នកដឹកនាំ គឺដឹកនាំខាងអាណាចក្រ និងពុទ្ធចក្រ។
ព្រះសទ្ធត្ថមើលឃើញយ៉ាងជ្រាលជ្រៅទៅក្នុង ធម្មជាតិ ដែលដេកត្រាំ ជាប់ស្អិតនៅក្នុងសណ្តានចិត្តរបស់មនុស្សគឺ
កំហឹង ភាពលោភលន់ ការស្អប់ខ្ពើម ការប្រកាន់រឹងត្អឹង ភាពវង្វេងវង្វាន់ ច្រណែនឈ្នានីស អាត្មានិយម។ល។

ធម្មជាតិដែលដេកពួនសម្ងំនៅក្នុងចិត្តមនុស្ស នឹងបង្កគ្រោះថ្នាក់ បង្កកំហុស ការឈឺចាប់ បាត់បង់ក្តីសុខ សុភមង្គល ប្រទេសច្របូកច្របល់ កើតមានសង្រ្គាម និងហិង្សាជិះជាន់គ្នាជាដើម។ ទើបព្រះពុទ្ធសម្តែងថាអវិជ្ជាជាឬសគល់នៃសេចក្តីទុក្ខ ឬការវិនាសទាំងពួង នៅពេលយើងជាមនុស្សគ្មានវិជ្ជា ឬគ្មានចំណោះដឹង យើងនឹងយកខ្លួនឯងជាសត្រូវ យកខ្លួនឯងជាបញ្ហា និងកំពុងបំផ្លាញខ្លួនឯងដោយគ្មានដឹងខ្លួន។

ដូច្នោះការបង្កើតខ្លួនឯងឲ្យទៅជាពន្លឺ ពង្រីកខ្លួនឯងឲ្យធំជាងបញ្ហា និងសង្រ្គោះខ្លួនឯងឱ្យឈរខាងផ្នែកវិជ្ជមាន ឬដំណោះស្រាយ តាមរយៈការអប់រំសតិបញ្ញាស្មារតី និងផ្លូវចិត្ត គឺជាចលករបង្កើតសន្តិភាព។

ដូច្នេះព្រះពុទ្ធបានសម្តែង ឬទូន្មាន​ទុកឲ្យ​មាន​សតិនិងបញ្ញាដែលជាក្បួនច្បាប់សម្រាប់ដោះស្រាយបញ្ហាក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ឬជាមួយការងារ និងដៃគូររកស៊ីជាដើម។

ទើបអាចជួយកាត់បន្ថែមភាពខ្វែងគំនិត ឬភាពមិនចុះសម្រុងគ្នា នៅពេលដែលយើងយល់ដឹងអំពីក្បួនខ្នាត
ឬរបៀបរបបនៃការចរចា និងដោះស្រាយជម្លោះ ៦យ៉ាងរបស់ព្រះសម្មាសម្ពុទ្ធដូចខាងក្រោម៖

ក្បួនទី១៖ តាមព្រះវិន័យ ឬច្បាប់ជាសំខាន់ ដោយហេតុតែមនុស្សនៅក្នុងសង្គម ចង់ឈ្នះ ចង់បាន
និងអាត្មានិយមច្រើន។ ដូច្នេះរឿងមួយចំនួនត្រូវយកច្បាប់មកកាត់ក្តី និងជាបន្ទាត់សម្រេចចាញ់ ឬឈ្នះ
ហើយច្បាប់នោះត្រូវតែសុក្រឹត និងយុត្តិធម៌ ដើម្បីធានាឲ្យភាគីអស់ចិត្ត។ យ៉ាងណាមិញ
នៅក្នុងព្រះពុទ្ធសាសនាមានវិន័យសម្រាប់ដោះស្រាយនៅពេលវិវាទ ឬមានជម្លោះក្នុងចំណោមជំនុំសង្ឃ។ ​​
​​​
ក្បួនទី២៖ ដោះស្រាយដោយរូបមន្ត ឬអង្គហេតុរបស់អរិយសច្ច ដែលជាធម៌កំពូលនៅក្នុងព្រះពុទ្ធសាសនា។
មានន័យថានៅក្នុងជម្លោះនីមួយៗត្រូវឈ្វេងយល់ប្រភព៤យ៉ាងគឺ ទី១ ត្រូវទទួលស្គាល់ថាអ្វីជាជម្លោះ ទី២
អ្វីជាប្រភពនាំឲ្យមានជម្លោះ ទី៣ គិតថាដោះស្រាយជម្លោះដោយរបៀបណា ទី៤ មានបច្ច័យ
ឬផ្នែកអ្វីខ្លះជាប់ពាន់ព័ន្ធក្នុងជម្លោះនោះ។

ក្បួនទី៣៖ ដោយពន្យល់ឱ្យយល់ពីគុណតម្លៃនៃគុណធម៌ ដោយហេតុរឿងមួយចំនួនយកច្បាប់មកប្រើ នាំឲ្យបែកបាក់ បាត់បង់ ឬខាតប្រយោជន៍ច្រើន ដូច្នេះមានតែគុណធម៌ ទើបជាអាវុធដែលអាចដោះស្រាយដ៏ល្អផូរផង់។
ព្រោះជាធម្មតាមនុស្ស ឬក្នុងសង្គមគឺមានប្រពៃណី វប្បធម៌ សីលធម៌ និងមនោសញ្ចេតនា ដូច្នេះការបង្កើតមិត្ត
ប្រសើរជាងបង្កើតសត្រូវ ម្យ៉ាងភាសាខ្មែរថា ទុកមុខគ្នារាប់អាន។

ឧទារហណ៍៖ នៅក្នុងសម័យពុទ្ធកាលមានរឿងជម្លោះដែនទឹករវាងស្តេចពីនគរ ដោយហេតុស្តេចរាងៗនគរចង់បានដែនទឹកនោះមកកាន់កាប់។ ទើបលើកទ័ពទៅចម្បង់គ្នា រាបនឹងប្រយុទ្ធគ្នាហើយ ក៏ព្រះពុទ្ធនិមន្តទៅចរចា និងដោះស្រាយដើម្បីបញ្ជៀសសង្រ្គាម។ ដោយព្រះអង្គសួរថារវាងទឹក និងឈាមមួយណាថ្លៃជាង? ឱ្យស្តេចទាំងពីរនោះគិតសិន ហើយក៏ឆ្លើយថាឈាម ទើបស្តេចទាំំងពីរព្រមសម្រុះសម្រួល និងចែកគ្នាប្រើប្រាស់ទឹកនោះ។

ក្បួនទី៤៖ ដោយសច្ចះ និងខន្តី មានន័យថាភាពអនុគ្រោះ សេចក្តីសន្តោស និងមេត្តា ដើម្បីថែរក្សាមិត្តភាព
ឬផលប្រយោជន៍រួមនៅក្នុងសង្គម ក្នុងក្រុម និងគ្រូសារ ទើបជាជម្រើសល្អបំផុត។ ម្យ៉ាងព្រោះបញ្ហាខ្លះមិនអាចដោះស្រាយដោយកំហឹង ឬអារម្មណ៍ខឹងក្រោធបានទេ ដូច្នេះត្រូវការអត់ធ្មត់ និងចិត្តសន្តិភាព ទើបមិនមានវិប្បដិសារីនៅពេលក្រោយ។ សេចក្តីអត់ធ្មត់ខ្លះ វាឈឺចាប់ និងហត់នឿយក្នុងចិត្ត ប៉ុន្តែបើអាចអត់ទ្រាំក្នុងរយះពេលខ្លីបាន នោះនឹងមានក្តីសុខក្នុងរយះពេលវែង។

ក្បួនទី៥៖ ដោះស្រាយដោយឬទ្ធិ ឬអំណាច ដើម្បីឱ្យភាគីម្ខាងទៀតកុំមានអំនួត ឬអួតអាងនឹងទៅជិះជាន់អ្នកដទៃ ឬមនុស្សទន់ខ្សោយ ជាក់ស្តែងពេញនិយមណាស់នៅក្នុងសង្គមមនុស្សខ្លះអាងអំណាចធំតិចតូច ទៅបំពាន់អ្នកដទៃ។

ហើយមនុស្សខ្លះទៀត ទទួលបានអំណាច ដោយរៀបចរឹកមិនទាន់ និងខ្លះទៀតមានអំណាចលើសសមត្ថភាព
ដូច្នេះការចេះដាក់ខ្លួន និងចេះគោរពគ្នាទៅវិញមក ជាគុណធម៌បង្កើតសន្តិភាពរវាងគ្នា ម្យ៉ាងសុភាសិតខ្មែរថា
ចេះឯងឱ្យក្រែងចេះគេ។​ ឧទារហណ៍៖ រឿងនាគជាមារទៅធ្វើបាប និងសម្លាប់មនុស្សស្លួតត្រង់ អាងខ្លួនមានឬទ្ធិអំណាចតិចតូច ដូច្នេះព្រះពុទ្ធប្រើឬទ្ធិក្លាយខ្លួនជានាគដូចគ្នាទៅបង្កា្រប់ និងផ្តល់មេរៀនខ្លះដល់មារ កុំចេះតែទៅធ្វើបាប ឬសម្លាប់មនុស្ស។

ក្បួនទី៦៖ ដោយទុកបញ្ហាចោល ព្រោះរឿងខ្លះត្រូវការពេលវេលាដើម្បីជួយអារកាត់ និងផ្តល់ចម្លើយ។ ការដោះស្រាយដោយប្រញ៉ាប់ពេកក៏គ្មានប្រយោជន៍ និងមិនគ្រប់ជ្រុងជ្រួយ ដូច្នេះត្រូវឱ្យពេលវេលាជួយកែសម្រួល
ផ្តល់ចិត្តស្ងប់ និងភាពចាស់ទុំ៕

Exit mobile version