ជំងឺកូវីដ១៩បានធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សនៅលើភពផែនដីតាំងពីដើមឆ្នាំ២០២០មក។ មនុស្សគ្រប់រូបមិនធ្លាប់នឹកស្មានថា វីរុសមួយនេះអាចអូសបន្លាយមកទល់ឆ្នាំ២០២១ ហើយបានឆក់យកជីវិតមនុស្សប្រមាណ ៣លាននាក់ហើយ បើគិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ។ សម្រាប់កម្ពុជាក៏បាននិងកំពុងទទួលរងវិបត្តិនៃជំងឺរលាកសួតមួយនេះ និងទទួលរងការរីករាលដាលព្រមទាំងមានអ្នកស្លាប់ប្រហែល២៥២ នាក់នៅខែមិថុនា ឆ្នាំ២០២១នេះផងដែរ។
ស្របពេលដែលមនុស្សទូទាំងសកលលោកមានការព្រួយបារម្ភអំពីវីរុសដ៏កាចសាហាវមួយនេះ ថាអាចនឹងលេបត្របាក់អាយុជីវិតមនុស្សបានគ្រប់ពេលវេលានៅពេលដែលមានការធ្វេសប្រហែសដោយមិនបានពាក់ម៉ាស់ការពារ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវជាមួយនឹងការបាញ់ទឹកអាកុលសម្លាប់មេរោគ រាល់ពេលចេញក្រៅម្តងៗនោះ មនុស្សមួយចំនួននៅប្រហែលជាមិនទាន់ដឹងថា នៅមានវីរុសមួយទៀតដែលលាក់ខ្លួនសម្ងំក្នុងការគិតរបស់អ្នកទាំងអស់គ្នាដែលត្រៀមនឹងវាយប្រហារសុខភាពផ្លូវកាយ និងផ្លូវចិត្ត នោះគឺ «បញ្ហាតានតឹងចិត្ត» ។
បញ្ហាតានតឹងចិត្ត ឬការថប់បារម្ភ ដែលមនុស្សភាគច្រើនតែងហៅតាមភាសាអង់គ្លេសថា ស្រ្តេស (Stress) ជាបញ្ហាដែលកំពុងដុះដាលពេញទី ជាពិសេសក្នុងសតិអារម្មណ៍របស់មនុស្សគ្រប់រូបដោយមិនដឹងខ្លួន។
បើតាមរបាយការណ៍ដែលចេញផ្សាយពីគេហទំព័ររបស់បណ្ណាល័យជាតិនៃវិទ្យាស្ថានជាតិវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិក ស្តីពី «តើអ្នកណាដែលមានការតាងតឹងផ្លូវចិត្ត ស្រ្តេស (Stress) ជាងគេបំផុតក្នុងកំឡុងពេលបិទខ្ទប់នៃជំងឺកូវីដ-១៩?» បង្ហាញថា ទិន្នន័យដែលរកឃើញពីប្រទេសចំនួន២៦ និងតំបន់ បានបញ្ជាក់ថា ស្រ្តីជួបប្រទះកម្រិតភាពស្រ្តេសខ្ពស់ជាងបុរសក្នុងអំឡុងពេលបិទខ្ទប់នេះ (Pandemic of Covid-19) ដោយបញ្ហានេះមិនពាក់ព័ន្ធទៅនឹងទំនាក់ទំនងយេនឌ័រ និងកម្រិតភាពស្រ្តេសនោះទេ។ ការណ៍នេះផ្ទុយពីការស្រាវជ្រាវក្នុងប្រទេសស៊ុយអែត កាលពីឆ្នាំ២០០២ ដោយសាស្ត្រាចារ្យជំនាញពីររូបគឺលោក Jan Bergdahl និង Maud Bergdahl និងការសិក្សាស្រាវជ្រាវដោយ បណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិសហរដ្ឋអាមេរិកនៅឆ្នាំ២០១០ ដែលរកឃើញថា ទំនាក់ទំនងរវាងយេនឌ័រ និងកម្រិតភាពស្រ្តេសមានការជាប់ទាក់ទងគ្នា។
ផ្ទុយមកវិញ ចំពោះការស្រាវជ្រាវថ្មីៗនេះជាពិសេសក្នុងពេលបិទខ្ទប់ គេរកឃើញថាស្រ្តីបែរជាមានទំនួលខុសត្រូវខ្ពស់ចំពោះបន្ទុកគ្រួសារ (family-oriented) ពោលគឺពួកគាត់មានការខ្វល់ខ្វាយ និងតែងគាំទ្រដល់សមាជិកគ្រួសារក្នុងគ្រាអាសន្នមួយនេះ ស្របពេលដែលពួកគាត់ដែលជាស្រ្តី មិនត្រឹមតែមានទំនួលខុសត្រូវលើកិច្ចការងាររបស់គាត់ប៉ុណ្ណោះទេ បន្ថែមពីនេះពួកគាត់ត្រូវមើលថែរទាំកូន និងអ្នកផ្ទះផងដែរ។
កាលពីដើមខែមេសា ខ្ញុំបានធ្វើការស្ទង់មតិពីសិស្ស និងនិស្សិតចំនួន១០០នាក់ ជាទម្រង់ហ្គូហ្គល (Google Form) តាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «តើជំងឺកូវីដ-១៩ផ្តល់ផលប៉ះពាល់ដល់ការរស់នៅរបស់សិស្សនិស្សិតកម្ពុជាយ៉ាងណាខ្លះ?» ក្នុងការស្ទង់មតិនោះខ្ញុំក៏ទទួលបានទិន្នន័យមួយដែលភាគច្រើនជាសិស្សនិស្សិតស្រី ដែលមានបញ្ហាតានតឹងចិត្តកើនឡើងច្រើនជាងសិស្សនិស្សិតភេទប្រុស។ ឮ
បើតាមការសាកសួរក្នុងការប្រៀបធៀបអាការ:ធុញថប់អារម្មណ៍នៅមុនពេលកូវីដ (មុនឆ្នាំ២០២០) និងនៅចន្លោះពេលកំពុងមានវិបត្តិជំងឺរាតត្បាតនេះមក (ឆ្នាំ២០២០ ដល់២០២១) ដែលមាននៅក្នុងទម្រង់ជាហ្គូហ្គលហ្វម (Google form) ឃើញថា ភាគច្រើនសុទ្ធតែជាសិស្សនិស្សិតភេទស្រី មានការកើនឡើងនូវការតានតឹងខាងផ្លូវអារម្មណ៍ខ្លាំងជាង សិស្សនិស្សិតដែលជាភេទប្រុស។ ចំពោះការប្រៀបធៀបនូវចម្លើយបញ្ជាក់ពីអត្រាប្រែប្រួលស្មារតី និងកម្លាំងកាយថមថយ នៅមុន និងអំឡុងពេលផ្ទុះកូវីដនេះ។ តែដោយហេតុមិននៅទាន់ឃើញមានការចេញផ្សាយណាមួយពិតប្រាកដដែលបង្ហាញនូវតួលេខច្បាស់លាស់ និងការសិក្សាស្រាវជ្រាវក្នុងពេលថ្មីៗនេះនៅឡើយទេក្នុងប្រទេសកម្ពុជា អំពីបញ្ហាតានតឹងចិត្តក្នុងបរិបទកូវីដ។
នាងខ្ញុំក៏មានការងឿយឆ្ងល់ថា តើទំនាក់ទំនងយេនឌ័រ មានភាពខុសគ្នាដោយសារភេទជាបុរស និងស្រ្តី អាចជាកត្តាដែលធ្វើឱ្យស្រ្តីក៏ដូចជាក្មេងស្រីច្រើនតែងាយទទួលរងផលប៉ះទង្គិចផ្លូវចិត្តមិនល្អច្រើនជាងបុរស និងក្មេងប្រុសឬ? ហើយមានកត្តាចម្បងអ្វីខ្លះដែលជាបុព្វហេតុដែលនាំឱ្យមានបញ្ហាតានតឹងផ្លូវអារម្មណ៍?
នាងខ្ញុំក៏បានសុំសម្ភាសន៍ជាមួយលោក ហឿ សេធុល ដែលជាអ្នកឯកទេសព្យាបាល និងជាអ្នកប្រឹក្សាយោបល់ខាងផ្នែកចិត្តសាស្រ្តប្រចាំគ្លីនិក KCPS ផ្តល់សេវាប្រឹក្សាយោបល់ និងអប់រំតាមបែបចិត្តសាស្ត្រ និងជាប្រធានសមាគមអ្នកប្រឹក្សាយោបល់ផ្នែកចិត្តសាស្រ្តនៅកម្ពុជា និងជាអ្នកស្រាវជ្រាវផ្នែកផ្លូវចិត្តនៅសាលាពុទ្ធិសាស្រ្តមួយរូបផងដែរ។ គាត់បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាយើងនៅមិនទាន់មានការសិក្សាស្រាវជ្រាវណាមួយនៅ ពាក់ព័ន្ធទៅនឹងបញ្ហានេះឱ្យស៊ីជម្រៅនៅឡើយ។ ប៉ុន្តែលោកថា បើតាមចំនួនអតិថិជនដែលមកទទួលសេវាកម្មពិគ្រោះយោបល់ និងព្យាបាលការថប់អារម្មណ៍នៅគ្លីនិករបស់លោកផ្ទាល់ ក្នុងចំណោមប្រមាណជាង២០០នាក់ មានអតិថិជនដែលជាស្ត្រីភេទវ័យកណ្តាល អាយុចន្លោះពី ៣៥ ដល់ ៤០ឆ្នាំ និងក្មេងស្រីជំទង់ ស្ថិតក្នុងវ័យសិក្សាចាប់ពីមធ្យមសិក្សាដល់អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានអាយុចាប់ពី ១៤ឆ្នាំទៅ សរុបប្រមាណជា ៨០% ។
លោក ហឿ សេធុល និយាយមួយៗ និងដោយសំឡេងច្បាស់ៗថា៖ «ហើយគាត់ហាក់បីដូចជាមានឆន្ទ:មករកយើងតែម្តង ហើយបើកចិត្តទូលាយក្នុងការពិភាក្សាអញ្ចឹងហើយគាត់ហាក់បីដូចជាងាយរកដំណោះស្រាយជាងអ៊ីចឹងបាទ។ ប៉ុន្តែមិនមែនបានន័យថា៨០%នៃមនុស្សស្រីមក អ៊ីចឹងស្រ្តេសមានតែមកលើមនុស្សស្រីទេ? មិនមែនទេ។ តាមសិក្សាស្រាវជ្រាវគេរកឃើញថា ចំនួនមនុស្សស្រីហើយនិងចំនួនមនុស្សប្រុស ទោះបីជាចំនួនមនុស្សស្រីប្រឈមមុខទៅនឹងការតានតឹងច្រើនជាងក៏ដោយ ប៉ុន្តែស្ថិតិមិនជាគម្លាតគ្នាខ្លាំងពេកទេ»។
អ្នកជំនាញខាងផ្នែកចិត្តសាស្រ្តរូបនេះបន្ថែមថា បើទោះបីជាគេរកឃើញថាអត្រាមនុស្សស្រីដែលមានបញ្ហាទាក់ទងទៅនឹងការតាងតឹងចិត្តច្រើនជាងបុរសបើគិតជាតួលេខមែន តែមិនមែនមានន័យថាមនុស្សប្រុសមិនមានស្រ្តេស (Stress) នោះទេ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ភាគច្រើននៃមនុស្សប្រុសដែលកើតមានការធុញថប់អារម្មណ៍ស្ទើរតែទាំងអស់ ងាយប្រឈមនឹងការវិវត្តន៍ទៅជាធ្ងន់ធ្ងរ ចំណែកឯស្រ្តីវិញភាគច្រើនមិនងាយវិវត្តន៍ទៅជាធ្ងន់ធ្ងរនោះទេ។
នាងខ្ញុំបានព្យាយាមទាក់ទងទៅសិស្សស្រីម្នាក់ និងសិស្សនិស្សិតប្រុសម្នាក់តាមរយ:លេខទូរស័ព្ទដែលខ្ញុំទទួលបានក្នុងការស្ទង់មតិរបស់ខ្ញុំ។ តាមរយ:ការសម្ភាសន៍ជាមួយសិស្សនិស្សិតប្រុសឆ្នាំទីមួយ មកពីវិទ្យាស្ថាន ស៊ីតិក (SETEC) ដែលមានឈ្មោះថា បុល ដារ៉ូ បាននិយាយរៀបរ៉ាប់ពីអារម្មណ៍របស់ខ្លួនទាំងសំដីខ្សោយៗថា៖ «ធម្មតា» ប៉ុន្តែរៀងពិបាកក្នុងការចេញទៅទំនាក់ទំនងខាងក្រៅដោយសារកូវីដ អ៊ីចឹងយើងមិនអាចចេញទៅណាឆ្ងាយហើយការងារសាលា ការងារអីពិបាករកកន្លែងធ្វើ។ នៅផ្ទះអត់អ៊ីនធឺណិតធ្វើ អ៊ីចឹងយើងរកទៅក្រៅ តែដោយសារកូវីដអ៊ីចឹង យើងមិនអាចចេញទៅណាបាន។ អ៊ីចឹងការងារយើងច្រើន ត្រូវស្ទះ។»
ទោះបីជួបការលំបាកក្នុងការបំពេញកិច្ចការសាលាក៏ពិតមែន និស្សិតប្រុសអាយុ២០ឆ្នាំរូបនេះ នៅតែបន្តអះអាងថា ខ្លួនមិនសូវមានការតានតឹងចិត្តប៉ុន្មានទេ ព្រោះខ្លួនអាចដោះស្រាយបញ្ហាបានដោយការរៀបចំកាលវិភាគក្នុងការធ្វើការងារផ្សេងៗតាមពេលវេលាឱ្យបានត្រឹមត្រូវ រៀបរយតាមពេលវេលាបច្ចុប្បន្ន និងមិនមានការខ្វាយខ្វល់ច្រើននោះទេ។
ដោយឡែក ងាកមកស្តាប់យុវតីវ័យ ១៦ឆ្នាំ ឃាង មួយហុង ដែលជាសិស្សកំពុងសិក្សានៅថ្នាក់ទី១១វិញ។ មួយហុង និយាយថា អំឡុងវិបត្តិជំងឺកូវីដនេះ នាងមានភាពធុញថប់ដផយសារតែត្រូវនៅតែក្នុងផ្ទះ។
នាងនិយាយថា៖ «និយាយរួមនៅក្នុងផ្ទះយូរប្រាកដជាធុញម៉ង ធុញថប់ស្មុគអីអ៊ីចឹងទៅ តែពេលយូរៗទៅក៏មានអារម្មណ៍ថា Like it’s ok like [ ដូចជាមិនអីទេ ដូចជា] ពេលយើងនៅក្នុងផ្ទះចឹងទៅយើងអាច spend time [ចំណាយពេល] ជាមួយ family like [គ្រួសារក៏ដូចជា] មួយខ្លួនឯងបានច្រើនជាងមុន។ ប៉ុន្តែពេលខ្លះក៏មានអារម្មណ៍ unmotivated [គ្មានកម្លាំងចិត្តក្នុងការធ្វើអ្វីមួយ] មិនចង់ធ្វើអីទេរបៀបអាស្មុគ អា Laziness [ភាពខ្ចិលច្រអូស] អ៊ីចឹង វាឡើងខ្លាំងជាថ្ងៃធម្មតា ជាងថ្ងៃធម្មតាដែលយើងទៅរៀននៅសាលា អត់មាន Lockdown [ការបិទខ្ទប់] អត់មានអីចឹងទៅ»។
សិស្សស្រីវ័យជំទង់រូបនេះ បានបន្តរ៉ាយរ៉ាប់ថា ខ្លួនមានបញ្ហាថប់អារម្មណ៍ដោយសារមិនអាចចេញទៅទំនាក់ទំនងជាមួយមនុស្សនៅខាងក្រៅដូចដែលខ្លួនធ្លាប់បានធ្វើពីមុន ថែមទាំងធ្លាក់ទឹកចិត្ត តែក៏មិនប្រាកដថា ដល់ថ្នាក់ធ្លាក់ទឹកចិត្តធ្ងន់ធ្ងរអ្វីនោះទេ។ នាងបន្ថែមថា នាងមានអារម្មណ៍មិនសប្បាយរីករាយដូចមុន និងជួបប្រទេះជំងឺផ្លូវចិត្តម៉្យាងដែលខ្លាចអាហារ ពោលគឺការតមអាហារជ្រុលហួស (Eating Disorder) ដោយការពីមុន នាងមានគីឡូដល់៧២ រហូតបច្ចុប្បន្នធ្លាក់ដល់៥៣គីឡូវិញ ដោយមិនអាចគ្រប់គ្រងអារម្មណ៍ក្នុងការញ៉ាំអាហារ។
តាមការជជែកជាមួយសិស្សនិស្សិតដែលយើងបានមើលឃើញខាងលើនេះបង្ហាញថា បញ្ហាធុញថប់ក្នុងចិត្តមិនមែនកើតតែលើមនុស្សប្រុសនោះទេ មនុស្សស្រីក៏ទទួលរងផលប៉ះពាល់ពីបញ្ហាទាំងនេះដែរ គ្រាន់តែរបៀបនៃការបង្ហាញអាការ: និងសេចក្តីក្លាហានក្នុងការហ៊ាននិយាយប្រាប់អ្នកដទៃថាខ្លួនពិតជាកំពុងស្ថិតនៅក្នុងស្ថានភាពស្រ្តេសដល់កម្រិតណា ហើយហ៊ានបើកចិត្តទទួលយកការពិភាក្សារកដំណោះស្រាយជាមួយអ្នកដែលយល់ចិត្ត ឬអ្នកជំនាញក្នុងការជួយដោះស្រាយដល់អ្នកឱ្យបានទាន់ពេលវេលា។
ការធ្វើបែបនេះ ធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់ពួកគេមិនឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ហើយនៅពេលដែលអាចជួយខ្លួនឯងបាន ក៏អាចចែករំលែកចំណេះដឹង ក៏ដូចជារៀនលើកទឹកចិត្តមិត្តភក្តិ ឬអ្នកដទៃដែលនៅជុំវិញខ្លួន ឱ្យមានភាពធូរស្រាលបានដែរ។
បើទោះបីជាយើងមិនអាចជួយគ្នាជាផ្នែកសម្ភារ: ក្នុងអំឡុងពេលដែលមានវិបត្តិមួយនេះក្តី ប៉ុន្តែការជ្រោមជ្រែងស្មារតីគ្នាទៅវិញទៅមក ជារឿងដែលយើងគ្រប់គ្នាគួរធ្វើក្នុងពេលនេះ ព្រោះយើងមិនអាចមើលស្រាលវីរុសផ្លូវចិត្តនោះទេ៕