មានមនុស្សជាច្រើនបានឆ្លងកាត់នូវបទពិសោធន៏ដ៏ល្វីងជូរចត់  ក្នុងព្រឹត្តិការណ៏សង្គមអវិជ្ជមានជាច្រើន ហើយព្រឹត្តិការណ៏ទាំងនោះបានដិតដាមនិងតាមគម្រាមកំហែងពួកគេជាប់ក្នុងចិត្ត ដោយពុំមានថ្នាំក្នុងការព្យាបាលឲ្យបានជាសះស្បើយនោះទេ។

បញ្ហាចិត្តសង្គមនៅកម្ពុជា ត្រូវបានគេចាប់ផ្ដើមយកចិត្តទុកដាក់និងដោះស្រាយ កំឡុងឆ្នាំ១៩៩៤ តាមរយៈនៃការបង្កើតឲ្យមានមុខវិជ្ជាចិត្តវិទ្យានិងតាមរយៈនៃការលេចឡើងនូវអង្គការជំនាញជាក់លាក់មួយនៅកម្ពុជាគឺ អង្គការចិត្តសង្គមអន្តរវប្បធម៍ (TPO)។

តើបញ្ហាផ្លូវចិត្តជាអ្វី? ជម្ងឺផ្លូវចិត្តជាអ្វី? កន្លងមកមានការយល់ច្រលំច្រើនចំពោះពាក្យថា បញ្ហានិងជម្ងឺ ផ្លូវចិត្ត ដែលសូម្បីតែអ្នកធ្វើការលើវិស័យសុខភាពខ្លះក៏ដូចជាប្រជាពលរដ្ឋមួយចំនួនតែងតែលើកឡើងឬហៅបញ្ហាផ្លូវចិត្តនេះថាជាជម្ងឺផ្លូវចិត្ត ខណៈដែលផ្នត់គំនិតនេះនៅតែបន្តកើតមាននិងប្រកាន់យកនៅឡើយ។

បញ្ហាផ្លូវចិត្ត ជាការប្រតិកម្មតបទៅនឹងព្រឹត្តិការណ៏ ឬរឿងរ៉ាវ ឬស្ថានភាពថ្មីៗដែលកើតមាននៅក្នុងជីវភាពប្រចាំថ្ងៃ ឧទាហរណ៏ការផ្លាស់ប្ដូរកន្លែងការងារថ្មី ការប្ដូរទីលំនៅ ការធ្វើការងារលើសបន្ទុកជាដើម(ខាន់ សារ៉េត ចិត្តវិទ្យា មិនធម្មតា២០១៣) ។

បញ្ហាផ្លូវចិត្តដែលយើងតែងតែជួបប្រទះស្ទើតែជារៀងរាល់ថ្ងៃនោះ គឺតំណឹងចិត្ត ឬអ្វីដែលយើងហៅថាស្រ្តែស ប៉ុន្តែស្រែ្តសវាគឺជាផ្នែកមួយនៃជីវិត មានន័យថាជីវិតយើងមិនអាចរស់នៅដោយគ្មានស្រ្តែសបានទេ ហើយពេលខ្លះវាក៏បានជួយយើងឲ្យចេះតស៊ូនិងជំនះគ្រប់ឧបសគ្គរហូតដល់ចំនុចជោគជ័យ ដែលស្រ្តែសប្រភេទនេះជាស្រ្តែសបែបវិជ្ជមាន​ ចំណែកតំណឹងចិត្តអវិជ្ជមានវិញ ជាតំណឹងចិត្តទាំងឡាយណាដែលនាំយើងឲ្យសោកសៅ ខ្វល់ខ្វាយ ក្រៀមក្រំរហូតដល់មានការធ្លាក់ទឹកចិត្តហើយប៉ះពាល់ដល់សុខភាពទៀតផង។

ម្យ៉ាងវិញទៀតបុគ្គលដែលប្រឈមនឹងបញ្ហាផ្លូវចិត្ត ក្នុងស្ថានភាពខ្លះអាចមានការធូរស្រាលឬអាចព្យាបាលដោយខ្លួនឯងបាន តាមរយៈការប្រើប្រាស់នូវវិធីសាស្ត្រមួយចំនួនដូចជា ការធ្វើលំហាត់ដង្ហើម ការជជែកពិភាក្សាពីបញ្ហាដែលកើតមានជាមួយអ្នកដែលអាចទុកចិត្តបានជាដើម។

យើងអាចធ្វើការគត់សម្គាល់បានចំពោះអ្នកដែលកំពុងមានបញ្ហាផ្លូវចិត្ត ដោយសង្កេតទៅលើ ទីមួយ ផ្នែកអារម្មណ៏ បុគ្គលដែលមានបញ្ហាផ្លូវចិត្តច្រើនតែមានអារម្មណ៏ធ្លាក់ទឹកចិត្ត ឆេវឆាវ ឆាប់ខឹង ព្រួយបារម្ភច្រើន ពិបាកផ្ចង់អារម្មណ៏ រសាប់រសល់ ងាយយំ ។ល។ ទីពីរ ផ្នែកសកម្មភាព បុគ្គលផ្ទាល់អាចនឹងឬពិសារស្រាច្រើនឬឈានដល់ការសេពគ្រឿងញៀនផ្សេងៗ ចេះរៀនជក់បារីឬជក់ច្រើនជាងមុន ខកខានក្នុងការបំពេញការងារឬបំពេញការងារមិនបានល្អ ភ្លេចភ្លាំង ដេកមិនលក់ជាដើម។

ទីបី ផ្នែកទំនាក់ទំនងជាមួយអ្នកដ៏ទៃ បុគ្គលមានការឈ្លោះប្រកែកច្រើននិងមិនចុះសម្រុងជាមួយអ្នកដ៏ទៃ ពឹងផ្អែកលើអ្នកដ៏ទៃជ្រុលហួសហេតុ ចំពោះរាល់ការសម្រេចចិត្តនិងការគាំទ្រ ។ និងទីបួនផ្នែករាងកាយ បុគ្គលមានអការៈឈឺក្បាល អស់កម្លាំង ដកដង្ហើមខ្លីៗ វិលមុខឈឺចាប់ក្នុងពោះ  ចង់ក្អួត។ល។

ចំណែកឯជម្ងឺផ្លូវចិត្ត គឺជាជំងឺវេជ្ជសាស្ត្រមិនមែនកើតឡើងតាមបែបអរូបីនោះទេ មិនតែប៉ុណ្ណោះវាអាចនឹងកើតមានចំពោះមនុស្សគ្រប់វ័យ(https://healthtime.tips/km/library/article/1238) ក្នុងន័យជាក់លាក់ម្យ៉ាងទៀត ជម្ងឺផ្លូវចិត្ត គឺជាការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរដែលនាំឲ្យបុគ្គលនោះមាន រោគសញ្ញាផ្លូវចិត្ត ជាក់លាក់ច្បាស់លាស់ ។

ជម្ងឺផ្លូវចិត្ត ជាជំងឺម្យ៉ាងកើតមានចំពោះមនុស្សម្នាក់ ប៉ះពាល់ដល់អាម្មណ៏ ការគិត អាកប្បកិរិយា មានការប្រែប្រួលជំនឿ និងបុគ្គលិកលក្ខណៈ ហើយបង្កឡើងនូវផលអវិជ្ជមាន ប៉ះពាល់ដល់ការរស់នៅរស់គាត់ ឬចំពោះជីវិតគ្រួសាររបស់គាត(TPO ទីណាគញមានវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា ២០០៥)។

យើងអាចសម្គាល់បុគ្គលដែលមានជម្ងឺផ្លូវចិត្តបាន ដោយពិនិត្យមើល៣ចំណុចធំៗគឺទីមួយ ផ្លាស់ប្ដូរការគិត អារម្មណ៏ ការចងចាំ ប្រត្យក្សារម្មណ៏ ការវិន្និច្ឆ័យ ការនិយាយនិងអាកប្បកិរិយា ដែលសម្ដែងចេញមកខុសប្រលែកពីបទដ្ឋានសហគមន៏។ ទីពីរ ផ្លាស់ប្ដូរអាកប្បកកិរិយាដែលបណ្ដាលឲ្យមានគ្រោះថ្នាក់និងឈឺចាប់ចំពោះខ្លួនឯងនិងអ្នកដ៏ទៃ។និងទីបី មានការរំខានសកម្មភាព​  ប្រចាំថ្ងៃ ការងារ និងទំនាក់ទំនងជាមួយអ្នកដ៏ទៃ។

របាយការណ៏សមិទ្ធិផលសុខាភិបាលឆ្នាំ២០១៧ របស់ក្រសួងសុខាភិបាលបានបង្ហាញថា នៅកម្ពុជាជំងឺផ្លូវចិត្តចម្បងៗដែលបានរាយការណ៏និងបង្ហាញដោយមូលដ្ឋានសុខាភិបាលសាធារណៈនិងដែលបានវាយលុកមកលើពលរដ្ឋកម្ពុជា រួមមានៈ (១) ជំងឺផ្លូវចិត្តដែលបណ្ដាលមកពីភាពតានតឹងចិត្ត (២)វិបត្តិដំណេក (៣) ជំងឺធ្លាក់ទឹកចិត្ត (៤) ជំងឺវិកលចរិតរ៉ាំរ៉ៃនិង (៥) ជំងឺផ្លូវចិត្តដែលបណ្ដាលមកពីការប្រើប្រាស់សារធាតុញៀន។ ក្នុងនោះដែរ ចំនួននៃអ្នកដែលបានមកពិនិត្យ ពិគ្រោះនិងសម្រាកព្យាបាល មានប្រមាណ៩០៦៧២ករណី។

ទោះបីជាយ៉ាងណា គ្រប់បញ្ហានិងជម្ងឺផ្លូវចិត្តទាំងអស់គឺអាចព្យាបាលបានប្រសិនបើមានការសហការល្អ រវាងអ្នកព្យាបាល អាណាព្យាបាលនិងអ្នកជម្ងឺផ្ទាល់។ មានតែអ្នកដែលទទួលបានការបណ្ដុះបណ្ដាលលើជំនាញចិត្តសាស្ត្រ និងវេជ្ជៈបណ្ឌិតឯកទេសវិកលវិទ្យាតែប៉ុណ្ណោះទើបមានសិទ្ធិក្នុងការព្យាបាលនិងផ្ដល់ថ្នាំទៅឲ្យអ្នកជំងឺបាន។

ជាសរុបមក ការចូលរួមស្វែងយល់និងផ្សព្វផ្សាយអំពីបញ្ហានិងជម្ងឺផ្លូវចិត្ត វាគឺជារឿងចាំបាច់និងគួរត្រូវបានលើកទឹកចិត្ត ក្នុងន័យលើកកម្ពស់និងអប់រំឲ្យមានការយល់ដឹងចំពោះសុខភាពផ្លូវចិត្តរបស់បុគ្គលគ្រប់ៗរូប។ មានតែការពិភាក្សាប្រកបដោយការយល់ចិត្តនិងការព្យាបាលដែលពោរពេញទៅដោយវិជ្ជាជីវៈតែប៉ុណ្ណោះ ទើបជាដំណោះស្រាយសម្រាប់អ្នកជំងឺផ្លូវចិត្តពិតប្រាកដ៕