កាលនៅវិទ្យាល័យមានមនុស្សជាច្រើនមិនបានគិតគូរទៅលើរឿងអនាគតទេ ប៉ុន្តែមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលពួកគាត់បានគិតគូរទៅលើរឿងនេះ ហើយភាគច្រើនអ្នកដែលមិនបានគិតគូរទៅលើរឿងនេះ ពួកគាត់បានយកពេលផ្តោតទៅលើការសិក្សាតែមួយមុខគត់។
អ្នកខ្លះសប្បាយនឹងការដើរលេង ហើយអ្នកខ្លះទៀតសប្បាយនឹងការលេងសើចច្រើន ដោយពួកគាត់មិនដែលគិតដល់ថាតើនៅពេលចប់វិទ្យាល័យ តើពួកគាត់នឹងត្រូវប្រឈមនឹងរឿងអ្វីខ្លះនោះទេ។ ពេលដែលចូលដល់សាកលវិទ្យាល័យ អ្នកដែលបានត្រៀមខ្លួនរួចរាល់ហើយ ពួកគាត់មានគោលដៅច្បាស់លាស់ ពួកគាត់មានភាពងាយស្រួលក្នុងការចាប់ផ្តើមធ្វើអ្វីមួយព្រោះបានត្រៀមខ្លួនរួចរាល់ហើយថានឹងត្រូវរៀនជំនាញអ្វី ត្រូវធ្វើអីបន្តទៀតតាមដំណាក់កាលដែលបានរៀបចំ និងបានកំណត់។
ប៉ុន្តែសម្រាប់អ្នកដែលមិនបានគិតគូរពីរឿងនេះ យើងអាចស្វែងយល់បានថា ពួកគាត់នៅតែមិនខ្វល់ខ្វាយដដែល ពួកគាត់ជ្រើសរើសរៀនជំនាញអ្វីមួយដោយអត់មានច្បាស់លាស់ទេ ថាតើពួកគាត់ស្រឡាញ់ជំនាញនោះពិត ឬក៏អត់ហើយពេលខ្លះ ពួកគាត់តាមគ្នា តាមមិត្តភក្តិរៀនអី រៀនហ្នឹងដែរ។
ចំណែកមនុស្សមួយចំនួនទៀត ពួកគាត់អត់ដឹងថាត្រូវធ្វើអីបន្តទៀតទេព្រោះអត់ដឹងថាខ្លួនគាត់ស្រលាញ់ជំនាញអី អត់ដឹងថាចូលចិត្តអី មិនដឹងគួរចាប់ផ្តើមពីណាទៅណាទេ ដូច្នេះហើយទើបពួកគាត់ត្រូវចំណាយពេលមួយឆ្នាំចោលដើម្បីស្វែងរកខ្លួនគាត់ ដើម្បីឲ្យគាត់ច្បាស់ថាអ្វីដែលពួកគាត់បានជ្រើសរើសច្បាស់ជាងការដែលមិនបានគិតនិងស្វែងយល់ពីខ្លួនគាត់៕