កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស៊ុន ណារិន អ្នកសារព័ត៌មានមកពី វីអូអេ (VOA) បានចែករំលែកអំពីបទពិសោធន៍ជាច្រើនទាក់ទងនឹងការផលិតវីដេអូទៅកាន់សិក្ខាកាម Newsroom Cambodia។ លើសពីនេះទៅទៀតនោះ គាត់ក៏បានប្រាប់ពីមូលហេតុមួយចំនួនដែលធ្វើឲ្យគាត់អាចមានឱកាសបានរៀនសូត្រពីការផលិតវីដេអូនេះ។
គាត់បាននិយាយថា គាត់មានឱកាសបានរៀនសូត្រអំពីការផលិតវីដេអូហ្នឹងគឺដោយសារតែនៅពេលដែលគាត់ចូលធ្វើការនៅ(VOA) ខាងស្ថាប័នជាអ្នកផ្តល់ឱកាសឲ្យគាត់បានរៀនសូត្រពីការផលិតវីដេអូ និងដាក់គម្រោងឲ្យគាត់ចុះទៅផលិតវីដេអូ។ ហើយគាត់បានបន្តថា ការផលិតវីដេអូវាមិនងាយស្រួលទេ វាលំបាក ទាល់តែយើងមានការអត់ធ្មត់ខ្លាំង ហើយបើការងារនេះយើងចុះទៅធ្វើម្នាក់ឯង សម្រាប់ការគិតថាត្រូវធ្វើអ្វីខ្លះនោះគឺងាយស្រួលទេ សម្រាប់យើងម្នាក់ឯង តែពេលដែលត្រូវថតបើយើងថតផងទៅសម្ភាសន៍ប្រភពផងម្នាក់ឯងនោះយើងនឹងលំបាក ដូច្នេះទាមទារឲ្យយើងមានក្រុមការងារមួយនាក់ ឬពីរនាក់ទៅជាមួយដើម្បីជួយទើបមានភាពងាយស្រួលជាងយើងធ្វើម្នាក់ឯង។
គាត់ក៏បាននិយាយទៀតដែរថា ឥឡូវហ្នឹងគាត់ក៏មិនទាន់ក្លាយជាអ្នកផលិតវីដេអូអាជីពអីនោះដែរ គាត់មានចំណុចខ្វះខាត ហើយគាត់ក៏កំពុងតែព្យាយាមកែចំណុចដែលគាត់ខ្វះខាត ព្រមទាំងរៀនសូត្រ និងសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់គាត់ឲ្យកាន់តែប្រសើរឡើងជាងនេះទៅទៀត។
បើសម្រាប់ខ្ញុំផ្ទាល់ បន្ទាប់ពីស្តាប់ការចែករំលែក និងការបង្រៀនរបស់គាត់ហើយ ខ្ញុំរៀនសូត្រពីគាត់បានច្រើនគួរសម ទាក់ទងនឹងការត្រៀមខ្លួនមុនពេលទៅសម្ភាសន៍ប្រភព តើខ្ញុំត្រូវត្រៀមអ្វីខ្លះ ប្រាប់ពីរបៀបសួរសំណួរតើសួរបែបណាទើបបានមតិល្អៗពីប្រភពរបស់យើង ហើយប្រាប់ពីប្លង់ដែលយើងត្រូវថត តើថតបែបម៉េចទើបយើងអាចថតបានប្លង់ល្អដើម្បីយកទៅផលិតវីដេអូ ហើយត្រូវប្រើពាក្យសម្តីបែបណាទៅកាន់ប្រភព តើយើងត្រូវគិតទៅលើអ្វីខ្លះមុនពេលដែរយើងផ្សព្វផ្សាយ និងមានវីធីសាស្ត្រជាច្រើនទៀតដែលគាត់បានចែករំលែក៕