ក្នុងអំឡុងពេលកំពុងសិក្សានៅវិទ្យាល័យ ឬក៏បញ្ចប់បាក់ឌុប សិស្សានុសិស្សគ្រប់រូបគួរតែគិតទុកជាមុនថា ខ្លួននឹងត្រូវជ្រើសរើសជំនាញអ្វីមួយក្នុងការចូលរៀននៅសាកលវិទ្យាល័យ ជាពិសេសសិស្សដែលមានបំណងចង់ចូលរៀនផ្នែកភាសាបរទេស។
យើងដឹងហើយថាការសិក្សាភាសាបរទេសមិនមានភាពងាយស្រួលនោះទេសម្រាប់សិស្សានុសិស្សមួយចំនួនដែលមិនមានមូលដ្ឋានគ្រឹះមុនពេលចូលរៀន។ មូលដ្ឋានគ្រឹះជារឿងសំខាន់ណាស់ក្នុងការជួយជំរុញដើម្បីកសាងចំណេះដឹងឲ្យកាន់តែល្អប្រសើរ ព្រោះបើសិនជាពួកគាត់មិនទាន់មានគ្រឹះនោះទេ វាពិបាកក្នុងការសិក្សារៀនសូត្រហើយអាចចាប់មិនទាន់ ឬមិនអាចតាមទាន់គ្រូបង្រៀនផងដែរ។
អ្វីដែលកាន់តែសំខាន់ទៀតនោះចំពោះការរៀនភាសាបរទេសគឺទាមទារយ៉ាងណាត្រូវឲ្យយើងចេះនៅព្យព្ជានៈស្រះ និងវេយ្យាករណ៍ផងដែរ ព្រោះទាំងនេះគឺផ្នែកមួយយ៉ាងសំខាន់ដែលអាចជួយឲ្យយើងងាយស្រួលក្នុងការរៀនសូត្រ។
ទន្ទឹមនឹងគ្នានោះដែរ អ្វីដែលសំខាន់សម្រាប់សិក្សានុសិស្សគួរតែគិតពិចារណានោះថា តើគួរជ្រើសរើសភាសាណាដែលខ្លួនស្រលាញ់ និងគិតថាខ្លួនអាចទៅរួចដោយពុំមានការបង្ខិតបង្ខំពីគ្រួសារ ឬជ្រើសរើសទៅតាមការអូសទាញពីសំណាក់មិត្ដភក្តិនោះទេ ។
ម៉្យាងវិញទៀតត្រូវសិក្សាស្វែងយល់ និងគិតខ្លួនឯងឲ្យបានច្បាស់ថា ជំនាញដែលខ្លួនកំពុងជ្រើសរើសគឺស្របទៅតាមតម្រូវការទីផ្សារការងារនៅពេលអនាគតដែរ ឬទេ និងត្រូវគិតថានៅពេលដែលបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំនេះ យើងគួរធ្វើការអ្វីដែលសមនឹងជំនាញដែលបានជ្រើសរើស ជៀសវាងខាតពេលវេលា កម្លាំងកាយចិត្ដដែលខំសិក្សាហើយមិនអាចរកការងារធ្វើបាន៕