ប្រជាពលរដ្ឋ ជាង១០០នាក់ តំណាងឱ្យពលរដ្ឋជាង៤ ០០០គ្រួសារ មកពីសហគមន៍ចំនួន៧ ក្នុងខេត្តសៀមរាប ដែលមានជម្លោះដីធ្លីផ្សេងៗគ្នា បានរួមគ្នាដាក់ញត្តិទៅកាន់ស្ថាប័នជាតិ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ក្រោយពេលបារម្ភបាត់បង់ដីសហគមន៍។

ការដាក់ញត្តិរួមគ្នានេះធ្វើឡើង នៅថ្ងៃទី២៧ និង២៨ ខែមីនា ឆ្នាំ២០២៣ ដោយសហគមន៍ទាំង៧ រួមមាន សហគមន៍ឃ្លាំងទឹក៧៨ សហគមន៍ស្គន់ សហគមន៍អង្គរធំ សហគមន៍ភ្នំក្រោម សហគមន៍តាពេន សហគមន៍ស្នាសង្រ្គាម និងសហគមន៍ត្រពាំងសេះ។

លោក សូរ ស៊ីភាព វ័យ ៤៣ឆ្នាំ ជាតំណាងសហគមន៍ឃ្លាំងទឹក៧៨ បានប្រាប់ថា មានប្រជាពលរដ្ឋប្រមាណ ១៣៥នាក់ ដែលតំណាងជនរងគ្រោះ ចំនួន៤ ២០៦គ្រួសារ មកពីស្រុកចំនួន៤ នៃខេត្តសៀមរាប បានរួមគ្នាមកស្វែងរកកិច្ចអន្តរាគមន៍នេះ។

លោកថា សម្រាប់ប្រជាពលរដ្ឋរស់នៅសហគមន៍ឃ្លាំងទឹក៧៨ ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កំពុងមានការព្រួយបារម្ភបាត់បង់ដីព្រៃលិចទឹកមានទំហំជាង ១ ០០០ហិកតា ដែលជាដីសាធារណៈរបស់រដ្ឋ បន្ទាប់ពីមានគ្រឿងចក្រមកឈូសឆាយព្រៃលិចទឹក និងដាក់របងហ៊ុមព័ទ្ធយកដីនេះ។

លោកថា៖ «ដីសម្រាប់សហគមន៍ឃ្លាំងទឹក៧៨ហ្នឹង គឹមានបញ្ហាដោយសារបុគ្គលខិលខូចបានលួចទិញ និងលួចលក់ ដីឃ្លាំងទឹក ដែលជាដីសាធរណៈរបស់រដ្ឋ។ ទើបតែឆ្នាំ២០០៥ មានសកម្មភាពឈូសឆាយ ហើយលើកប្រព័ន្ធ [របង] ហ៊ុមព័ទ្ធដីដើម្បីកាយអាចម៍ដីលក់ ទើបប្រជាពលរដ្ឋយើងដឹង បានយើងចាប់ផ្តើមអន្តរាគមន៍ ដើរចុះសួរខាងក្រុងខាងខេត្តដើម្បីរកដំណោះស្រាយ»។

ប្រភពដដែលបន្តថា ដីសាធារណៈមួយនេះ គឺពិតមានប្រយោជន៍ខ្លាំងសម្រាប់ប្រជាពលរដ្ឋពឹងអាស្រ័យផលនេសាទប្រមាណ២ ០០០គ្រួសារ ហើយថា ដីព្រៃលិចទឹកនេះជាអាងស្តុកទឹកដ៏សំខាន់សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងរដូវប្រាំង។ លោកបន្តថា បច្ចុប្បន្ននេះនៅតែមានសកម្មភាពគ្រឿងចក្រឈូសឆាយ ខណៈបុគ្គលស្លៀកពាក់ស៊ីវិល បានហាមមិនឱ្យពលរដ្ឋចូលទៅនេសាទត្រីនៅក្នុងដីនោះបន្តទៀតទេ។ ជាមួយគ្នានេះ លោកថា បើអាជ្ញាធរមិនចូលរួមទប់ស្កាត់គ្រឿងចក្រដែលកំពុងបន្តទន្ទ្រានលើដីសហគមន៍មួយនេះទេ នោះដីព្រៃលិចទឹកទំហំជាង ១ ០០០ហិកតា អាចនឹងបាត់បង់នាពេលអនាគត ។

លោកថា៖ «ប្រជាពលរដ្ឋហ្នឹងគឺរស់ទាំងស្រុងទៅលើឃ្លាំងទឹកហ្នឹងឯង គឺយកទឹក សម្រាប់ស្រោចស្រពស្រែប្រាំង យើងធ្វើបានតែម្តងទេមួយរដូវ»

ការដាក់លិខិតសុំការអន្តរាគមន៍ពីសា្ថប័នថ្នាក់ជាតិរបស់ក្រុមសហគមន៍ គឺមានករណីជម្លោះដីធ្លីផ្សេងៗពីគ្នា ដូចជាការឈូសឆាយដីសហគមន៍ ជម្លោះដីធ្លីជាមួយបុគ្គលឯកជន និងការជំរុញឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិ ជាដើម។ប្រភពពីពលរដ្ឋបានឱ្យដឹងថា សហគមន៍ដែលមានបញ្ហាដីធ្លីផ្សេងៗពីគ្នា គឺមកពីស្រុកចំនួន៣ និងក្រុង ក្នុងខេត្តសៀមរាប រួមមាន ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង ស្រុកអង្គរធំ និងក្រុងសៀមរាប។

ពលរដ្ឋមួយរូបទៀត លោក ហ៊ិប នុំ តំណាងសហគមន៍ស្គន់ ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី បានប្រាប់ថា គោលបំណងដែលលោកដាក់ញត្តិនេះ គឺដើម្បីឱ្យអាជ្ញាធរ ចេញប្លង់កម្មសិទ្ធកាន់កាប់ដីដោយស្របច្បាប់ឱ្យប្រជាសហគមន៍របស់លោក។ លោកថា ក្នុងសហគមន៍របស់លោកមានប្រជាពលរដ្ឋសរុបជាង១២០គ្រួសារ ហើយក្នុងមួយគ្រួសារមានដីទំហំទទឹង២០ម៉ែត្រ និងបណ្តោយ ២០០ម៉ែត្រ ជាប្រភេទដីលំនៅឋាន កាន់កាប់ពីដូនតាមកម៉្លេះ។ ប៉ុន្តែលោកថា អាជ្ញាធរមិនបានចេញប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យប្រជាសហគមន៍របស់លោកនៅឡើយទេ។

លោកបញ្ជាក់ថា៖ «យើងដាក់ហ្នឹង យើងទាមទារឱ្យចេញជាប្លង់កម្មសិទ្ធិឱ្យ ប្លង់រឹង​»

លោកបន្ថែមថា លោកបានស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ក្រោមជាតិ រួចរាល់ហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយទេ ទើបលោកសម្រេចចិត្តស្វែងរកការអន្តរាគមន៍ពីស្ថាប័នថ្នាក់ជាតិវិញម្តង ដោយរំពឹងថា នឹងមានដំណោះស្រាយបានឆាប់រហ័ស។

លោកថា៖ «​ដាក់ [លិខិត] ទៅស្ងាត់ ដាក់ទៅសា្ងត់! អ៊ីចឹងទៅបានពួកយើងឡើងមកស្នើសុំ ដាក់ញត្តិមកដល់លើ។ យើងដាក់ច្រើនដែរ ដាក់យូហើយខាងស្រុក ខាងឃុំ យើងដាក់ស្នើសុំគាត់ដែរ ប៉ុន្តែ អត់មានដំណោះស្រាយទើបយើង សម្រេចចិត្តនាំបងប្អូនលក់ជ្រូក លក់មាន់ ជួលឡាន គេជិះមកដល់ទីក្រុងភ្នំពេញដើម្បីដាក់ញត្តិ»

បើតាម លោក ហ៊ិប នុំ ស្ថាប័នជាតិដែលក្រុមប្រជាពលរដ្ឋរកការអន្តរាគមន៍រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយរដ្ឋមន្ត្រី។

យ៉ាងណាក្តី អ្នកនាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគ​រូបនីយ​កម្ម និង​សំណង់​ លោក សេង ឡូត មិនអាចសុំការឆ្លើយតបបានទេជុំវិញករណីនេះ ដោយទូរសព្ទចូលជាច្រើនលើកមិនមានអ្នកទទួល។

ចំណែកមន្ត្រីផ្នែករដ្ឋបាល នៃក្រសួងការពារជាតិមួយរូប ប្រាប់ថាឈ្មោះ ផល ដែលបានទទួលយកញត្តិ ពីពលរដ្ឋបានឆ្លើយតបខ្លីថា មន្រ្តីជំនាញនឹងពិនិត្យមើលករណីជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋ ហើយដោះស្រាយទៅតាមនីតីវិធីច្បាប់បន្តទៀត។

លោកថា៖ «ក្នុងនាមរដ្ឋបាលក្រសួង ខ្ញុំបានទទួល និងរៀបចំបែបបទសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួង ដើម្បីសុំគោលការណ៍ថា លោកចារទៅខាងណាខាងណី! ខ្ញុំនឹងបញ្ចូនទៅតាមជំនាញដែលលោកបានចាត់ទៅ»

ជុំវិញករណីនេះ លោក ស៊ឹង សែនករុណា មន្ត្រី​ជាន់ខ្ពស់ផ្នែកស៊ើបអង្កេត​នៃសមាគម​អាដហុក បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាបឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយកំហឹងរបស់ប្រជាពលរដ្ឋ ដែលអាចនឹងងើបតវ៉ាទាមទារយុត្តិធម៌នាំឱ្យមានភាពចលាចលក្នុងសង្គម។ លោកថាពលរដ្ឋអស់ជំនឿលើមន្រ្តីថ្នាក់ក្រោមជាតិដែលមិនអាចរកយុត្តិធម៌ឱ្យពួកគេបាន ទើបសម្រចរកការអន្តរាគមន៍ពីស្ថាប័នជាតិបែបនេះ។

លោកថា៖ «ក្នុងថ្នាក់ក្រោមជាតិហ្នឹងរឿងខ្លះហ្នឹងមានកម្រិត ឥទ្ធិពលពីអ្នកថ្នាក់លើ អ្នកធំ ឬក៏រឿងហ្នឹងក្រុមហ៊ុនធំៗ ដែលផ្តល់អាជ្ញាបណ្ណអីឱ្យ មកពីខាងក្រសួង ឬក៏ពីអ្នកមានឥទ្ធិពល! ដល់អ៊ីចឹងអ្នកខាងក្រោមគាត់អត់ហ៊ានដោះ អត់មានអំណាចអ៊ីចឹងទៅ»

របាយការណ៍ស្តីពីស្ថានភាពវិវាទដីធ្លី ដែលចេញផ្សាយដោយសមាគមការពារ​សិទ្ធិមនុស្សអាដហុក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២២ បានឱ្យដឹងថា ​ជម្លោះដីធ្លីក្នុងឆ្នាំ២០២១​ មានចំនួន១៦៩ករណី​ ​លើផ្ទៃដីទំហំ ជាង ៥ម៉ឺនហិកតា (៥២ ៦០១.៨៧ ហិកតា)។ ក្នុងនោះបង្កផលប៉ះពាល់ដល់ជន​រងគ្រោះចំនួនជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣​ គ្រួ​សារ) ស្មើនឹង ជាង៦ ម៉ឺននាក់ (៦១ ៤៦៩នាក់) ​មានជនជាតិ​ដើមភាគតិច ១ ៣៤៧ គ្រួសារ។ ប្រភពដដែលឱ្យដឹងទៀតថា ក្នុងនោះករណីលេចធ្លោជាងគេ​គឺការរំលោភ​យកដីដោយបុគ្គល​មានអំណាចចំនួន ៦៦ករណី និងបុគ្គលអ្នក​មានទ្រព្យសម្បត្តិចំនួន២៧ករណី៕