សិស្សនិស្សិតមួយចំនួនមិនបានរៀបចំគម្រោងឱ្យបានត្រឹមត្រូវក្នុងការចាយវាយប្រចាំថ្ងៃនោះទេ។ នៅពេលដែលពួកគេឃើញរបស់ ឬសម្ភារ:ទំនើបទើបនឹងនាំចូលមកថ្មីៗ ក៏ចាប់ផ្ដើមនាំគ្នាទៅទិញប្រើបង្អួតគ្នីគ្នានៅសាលារៀន ទាំងដែលខ្លួនគេមិនបានគិតអំពីហានិភ័យនៃផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។
សិស្សនិស្សិតដែលកំពុងរៀនពីរ ឬបីសាលា ត្រូវការការចំណាយច្រើនលើការបង់ថ្លៃសាលា និងការចំណាយទៅលើសម្ភារ:សិក្សាមួយចំនួនធំ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏គួបផ្សំជាមួយនឹងថ្លៃផ្ទះជួល ម្ហូបអាហារ សៀវភៅ ឍសម្ភារ: និងថ្លៃសម្រាប់ធ្វើដំណើរ របស់ពួកគេ។
ចំណាយមិនមានចំណូល វាគឺជាហានិភ័យនៃការបរាជ័យផ្នែកហិរញ្ញវត្ថុ របស់ពួកគេដែលកំពុងបន្តការសិក្សានៅទីក្រុងភ្នំពេញ។ យ៉ាងណាមិញ សិស្សនិស្សិតដែលកំពុងតែពេញវ័យសប្បាយភ្លើតភ្លើន បាននាំគ្នាសម្រុកទៅទិញសម្ភារ:ទំនើបៗ ដោយយកជាល្បែងកម្សាន្តពេញនិយម ដោយភ្លេចគិតថា ខ្លួនគេត្រូវការចំណាយច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ។
ជាការពិតណាស់មានសិស្សនិស្សិតមួយចំនួនដែលកំពុងពេញវ័យ ភាគច្រើនពួកគេកំពុងតែកាត់បន្ថយការធ្វើសកម្មភាព ដូចជាការអានសៀវភៅនៅផ្ទះ ចូលបណ្ណាល័យស្រាវជ្រាវ ជុំមិត្តពិភាក្សាគ្នាអំពីមេរៀនដែលគ្រូបានដាក់ឱ្យធ្វើជាដើម។
ហានិភ័យនៃការបរាជ័យផ្នែកហិរញ្ញវត្ថុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សិស្សនិស្សិតដែលកំពុងបន្តការសិក្សានៅក្នុងទីក្រុងភ្នំពេញ។ វាច្រើនតែកើតមានឡើងលើសិស្សនិស្សិតកំពុងពេញវ័យ។ និស្សិតកំពុងពេញវ័យបានកាត់បន្ថយសកម្មភាពផ្សេងៗ ឬកុហកឳពុកម្ដាយថាទិញរបស់ទំនើបៗថ្លៃៗ ដើម្បីស្រួលមើលមេរៀន ឬកុហកឳពុកម្ដាយថាយកលុយទៅរៀនគួរ តែតាមពិតកុហកដើម្បីបានលុយទៅទិញសម្ភារ:ទំនើបៗ ដើម្បីបង្អួតមិត្តនៅសាលារៀន ទាំងដែលពួកគេមិនបានខ្វល់ខ្វាយអំពីការនឿយហត់ និងភាពលំបាកដែលលោកឳពុកអ្នកម្ដាយ ខិតខំរកលុយដើម្បីផ្គត់ផ្គង់ និងចំណាយទៅលើការសិក្សារបស់កូនៗនោះទេ។
យ៉ាងណាមិញសម្ភារ:ទំនើបៗថ្លៃៗ នាំឱ្យសិស្សនិស្សិតមួយចំនួនមានអាកប្បកិរិយាអឿ ឆ្មើងឆ្មៃ គិតថាមានតែឯង ខ្លះទៀតធ្វើឱ្យពួកគេមានគំនិតឆេវឆាវ ក្រអើតក្រទម មិននិយាយស្ដីជាដើម។
ការចំណាយលុយដ៏ច្រើនទៅលើការប្រើប្រាស់សម្ភារ:ថ្លៃៗទំនើបៗដោយមិនចេះគិត ធ្វើឱ្យសិស្សនិស្សិតព្រងើយកន្តើយ ភ្លេចការសិក្សារៀនសូត្រ បាត់បង់ឱកាលរៀនគួរវគ្គខ្លីៗ ចំណាយច្រើនតែលើរបស់គ្មានប្រយោជន៍ មិនសន្សំលុយសម្រាប់បង់ថ្លៃសលា ចាំតែទារសុំលុយពីឳពុកម្ដាយដែលខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីរកលុយឱ្យកូនរៀន តែកូនបែរជាកុហកយកលុយទៅទិញសម្ភារ:ប្រើប្រាស់ថ្លៃៗទំនើបៗទៅវិញ។
សិស្សនិស្សិតដែលចាយវាយខ្ជះខ្ជាយ និងមិនចេះទុកដាក់លុយកាក់ អាចឈានទៅដល់ការបរាជ័យក្នុងការសិក្សារបស់ពួកគេ និងអាចមានអារម្មណ៍ថាខ្លួនឯងទៅមុខមិនរួច និងការថយចុះនៃសកម្មភាពខួរក្បាលដែលពាក់ព័ន្ធនឹងការមិនចេះគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ(លុយ) និងបាត់បង់ឱកាសមាឱកាសប្រាក់ ក្នុងការបន្តការសិក្សារៀនសូត្ររបស់ពួកគេទៅថ្ងៃអនាគតជាដើម៕