អង្គការ-សមាគមខ្មែរកម្ពុជាក្រោម គ្រោងប្រារព្ធពិធីរំឭកខួប៧៤ឆ្នាំ នៃ​ថ្ងៃដែលអាណានិគមបារាំងប្រគល់​ទឹកដីកម្ពុជាក្រោម​ទៅ​ឱ្យវៀតណាមត្រួតត្រាបន្ តនៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ និង​បានអំពាវនាវដល់សាធារណជនចូលរួមវិភាគទានទ្រទ្រង់ពិធីរំឭកខួបនេះផងដែរ។

ប្រធានប្រតិបត្តិ​នៃសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាប្រធានលេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម លោក សឺន យឿង មានប្រសាសន៍ថា គោលបំណងនៃការបង្កើតពីធីរំឭកខួបនេះ ដើម្បីជំរុញ​ឱ្យយុវជនជំនាន់ក្រោយ បានចងចាំពីសាវតាប្រវត្តិសាស្រ្តរបស់ខ្លួន។ មួយវិញទៀត លោក​ថា ក្នុងពិធីនេះនឹងមានការ​លើកឡើងពីបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងជួបប្រទះក្នុងពេលច្ចុប្បន្ននេះ និងទាម​ទារ​ឱ្យ​រដ្ឋាភិបាលវៀតណាមបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម​ក្នុងនាមជាជនជាតិដើមម្ចាស់ស្រុកនៅលើទឹកដីកំណើតដូនតាខ្មែរផងដែរ។

លោកបន្តថា៖ «យើងខ្មែរកម្ពុជាក្រោម យើងតែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរំឭកនូវអនុស្សាវរីយ៍ ដ៏ជូរជត់ដែលធ្វើឱ្យខ្មែរកម្ពុជាក្រោម ជាជនជាតិដើមក្លាយទៅជាជនជាតិភាគតិច ដែលរស់នៅលើទឹកដីរបស់ខ្លួនដល់សព្វថ្ងៃនេះ»

បើតាម លោក សឺន យឿង ពិធីនេះនឹងរៀបចំឡើងនៅក្នុងវត្តសាមគ្គីរង្សី ហៅវត្ត​ខ្មែរកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង ១១ថ្ងៃត្រង់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២៣។ លោកបន្តថា ក្នុងពិធីរឭកខួបនេះ នឹងមានការនិមន្តព្រះសង្ឃចូលរួមចំនួន ១០០អង្គ និងប្រជាពលរដ្ឋប្រមាណ ៣០០នាក់​បន្ថែមទៀត។ បន្ថែមលើនេះ សមាគមខ្មែរក្រោម ក៏បានរៀបចំលិខិតផ្លូវការមួយដាក់ទៅកាន់ព្រះបរមរាជវាំង ដើម្បីយាងព្រះរាជតំណាងព្រះមហាក្សត្រចូលរួមថែមទៀតផង។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យសាធារណជនចូលរួមជា​វិភាគទាន និងចូលរួមក្នុងកម្មវិធីដោយផ្ទាល់ ឱ្យបានកាន់តែផុសផុលឡើងក្នុងនាមជាតិសាសន៍ខ្មែរតែមួយ។

លោកថា៖ «ដូច្នេះយើងជូនជាព័ត៌មាន ក៏ដូចជាសេចក្តីអំពាវនាវដល់បងប្អូននៅក្នុងស្រុក និងក្រៅស្រុកទាំងអស់ដើម្បីជួយឧបត្ថម្ភគាំទ្រទៅរាល់ការចែករំលែកដែលយើងអាចធ្វើទៅបានផ្គត់ផ្គង់ថវិកា ក៏ដូចជាកម្លាំងចិត្តចូលរួម»

ទឹកដីកម្ពុជាក្រោម ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្តដែលខ្មែរក្រោមចាត់ទុកថាខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មានផ្ទៃដីទំហំ ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង។ គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ទឹកដីកម្ពុជាក្រោមបានស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាមអស់រយៈពេល ៧៤ឆ្នាំមកហើយ។

ពលរដ្ឋខ្មែរក្រោមម្នាក់លោក ថាច់ ថា វ័យ៥៨ឆ្នាំ រស់នៅក្នុងខេត្តព្រះត្រពាំង ក្នុងទឹកដីកម្ពុជាក្រោម មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅក្នុងទឹកដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រងរបស់វៀតណាមបច្ចុប្បន្ន កំពុងប្រឈមការបាត់បង់វប្បធម៌ខ្មែរដើមទៅថ្ងៃអនាគត។ លោកថា អាជ្ញាធរវៀតណាមបានរឹតត្បិតសិទ្ធិសេរីភាព មិនឱ្យពលរដ្ឋខ្មែរក្រោមរៀនប្រវត្តិសាស្រ្តខ្មែរ អក្សរសាស្រ្តខ្មែរ និងការបំបិទសិទ្ធិក្នុងការទទួលបានព័ត៌មានពិត ជាដើម។លោកថា ក្នុងនាមជាជនជាតិខ្មែរដើមរស់នៅលើទឹកដីកម្ពុជាក្រោម លោកចង់ឱ្យមានការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោមដូចទៅនឹងប្រជាពលរដ្ឋទូទៅនៅលើសកលលោក។

លោកថ្លែងថា៖ «សព្វថ្ងៃអ្វីដែលយើងចង់បានយើងទាមទារសិទ្ធិសេរីភាពដូចជាពូជសាសន៍ដទៃ ពីព្រោះខ្មែរក្រោមគាត់ដឹងខ្លួនគាត់ជាជនជាតិដើម ពីមុនយើងអត់មានច្បាប់ជនជាតិដើមទេ ឥលូវអង្គការសហប្រជាជាតិគេបានចេញនូវច្បាប់​សិទ្ធិជាជនជាតិដើម [សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម]»

បើតាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម មាត្រា៩ បញ្ជាក់ថា ជនជាតិដើម និងបុគ្គលជនជាតិដើម មានសិទ្ធិស្ថិតនៅជាសមាជិកសហគមន៍ ជាជនជាតិដើម និងសង្គមជាតិ សមស្របតាមប្រពៃណី និងទំនៀម​ទម្លាប់របស់សហគមន៍ និងសង្គមជាតិពាក់ព័ន្ធ។ គ្មានការរើសអើងណាមួយកើតឡើងដោយសារការប្រើសិទ្ធិនេះឡើយ។

ពាក់ព័ន្ធសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោមនេះ ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានឆ្លើយ​តប​ថា ប្រទេសកម្ពុជាមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសវៀតណាមនោះទេ ដោយថាទឹកដីកម្ពុជាក្រោមត្រូវបានគ្រប់គ្រងដោយរដ្ឋបាលនៃប្រទេសវៀតណាម។

លោកបញ្ជាក់ថា៖ «ការទាមទារ [សិទ្ធិសេរីភាព] អាហ្នឹង! ជារឿងដាច់ដោយឡែកដែលមិនមែនជាសមាសភាព ឬសមត្ថកិច្ចរបស់ខ្មែរដែលរាជរដ្ឋាភិបាលខ្មែរបច្ចុប្បន្ននោះទេ ព្រោះយើងមានគោលការណ៍នយោបាយបរទេសមួយ។ យើងគោរពនូវអ្វីទៅដែលជាសន្ធិសញ្ញាដែលយើងចូលទៅសមាជិកអង្គការសហប្រជាជាតិ»

ចំណែកស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា មិនអាចសុំការឆ្លើយតបបានទេ ដោយសារលេខទូរសព្ទទំនាក់ទំនងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតវៀតណាម ត្រូវបានហៅចូលជាច្រើនលើក ប៉ុន្តែមិនមានការឆ្លើយតប។

ដែនដីកម្ពុជាក្រោមដែលអាណានិគមបារាំងហៅថា កូសាំងស៊ីន បច្ចុប្បនត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោមប៉ាន់ប្រមាណថា មានពលរដ្ឋខ្មែរក្រោមរស់នៅមិនតិចជាង ៧ លាននាក់នោះទេ បើទោះជារដ្ឋាភិបាលវៀតណាមថាមានប្រមាណ​តែ ១លាន៣សែននាក់ក្តី។  កម្ពុជាក្រោមមានវត្តអារាមពុទ្ធសាសនាថេរវាទខ្មែរចំនួន ៤៦១ វត្ត ក្នុងនោះខេត្តព្រះត្រពាំងដែលមានពលរដ្ឋខ្មែរក្រោមរស់នៅច្រើនជាងគេមានវត្តសរុបចំនួន ១៤៣ វត្ត ហើយវត្តមានវ័យចំណាស់ជាងគេឈ្មោះថា សំបួររង្សី កសាងនៅ គ.ស. ៣៧៣ ស្ថិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង។ នៅកម្ពុជាក្រោម វត្តអារាមត្រូវបានគេចាត់ទុកថាជាឃ្លាំងវប្បធម៌ ជាទីកន្លែងថែរក្សា ការពារអត្តសញ្ញាណរបស់ខ្មែរក្រោមទាំងមូល។

បើទោះបីជាទឹកដីកម្ពុជាក្រោមត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមក៏ដោយ ប៉ុន្តែ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់មានព្រះរាជបន្ទូលថា ចាប់តាំងពីឆ្នាំ១៩៤៩ រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលលោក លន់ នល់ ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងរដ្ឋាភិបាលរបស់ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់១៩៧៩ គឺគ្មានរដ្ឋាភិបាលខ្មែរណាមួយទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមនោះឡើយ។ ព្រះអង្គបញ្ជាក់ថា ការមិនទទួលស្គាល់នេះបង្ហាញថា ទឹកដីកម្ពុជាក្រោមនៅតែជាទឹកដីរបស់ខ្មែរដដែល៕