ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ បានបើកការប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មការិនី កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម។

យោងតាមសេចក្តីប្រកាស សមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់
អាណត្តិទី៣ មានដូចជាលោកគឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត
លោកណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។

ការប្រជុំបានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់ភាគីពាក់ព័ន្ធ ធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤។

អ្នកចូលរួមក៏បានស្ដាប់គោលជំហរពីតំណាងភាគីនីមួយៗ ទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរ ផ្លូវការរបស់ខ្លួននៅឡើយទេ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត។

គួររំឮកផងដែរថា ការប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ខាងមុខនេះនៅមិនទាន់បានសម្រេចជាក់លាក់នៅឡើយទេ ដូច្នេះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលនឹងរៀបចំការប្រជុំឡើងវិញ នៅព្រឹកថ្ងៃទី២៨ ខែសីហា ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ម្ដងទៀត៕