ព​លរដ្ឋ​​លើកឡើងថា ឈើក្រញូងជាឈើកម្រក្នុងតំបន់អង្គរក្រុងសៀមរាប នៅតែមាន​​គេ​លួ​ចកាប់ប​ន្ត​ប​ន្ទាប់​ បើទោះមន្ត្រីពាក់ព័ន្ធជាច្រើនត្រូវបានដាក់ពង្រាយឃ្លាំមើលនៅទីនោះ ។

ពលរដ្ឋរស់នៅភូមិមណ្ឌល៣ សង្កាត់នគរធំក្រុងសៀមរាប កញ្ញា អ៊ាម ហំ បាននិយាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ថា ដើមគ្រញូងមួយដើម មានអាយុប្រមាណ៣០ទៅ៤០ឆ្នាំ នៅក្នុងតំបន់អង្គរ ស្ថិតនៅភូមិម​ណ្ឌ​ល៣ជាប់ផ្លូវក្រវាត់ឧទ្យានអង្គរ ត្រូវបានគេលួចកាប់ថ្មីទៀត ទោះមន្ត្រីជាច្រើនត្រូវបានគេដាក់ប្រចាំកា​រ​នៅ​​​ទីនោះ។

កញ្ញាថា ការបណ្តែតបណ្តោយឱ្យមានសកម្មភាពកាប់ឈើគ្រញូងថ្មីទៀត ក្នុងតំបន់អង្គរ ដែលជាកេរ្តិ៍តំណែល​​រប​ស់ដូនតា អាចជាកម្សោយរបស់អាជ្ញាធរមូលដ្ឋានក្នុងការបង្ហាញឆន្ទៈ ទប់ស្កាត់និងការពារសម្បត្តិធម្មជា​​តិរបស់ដូនតា។

កញ្ញាបន្តថា៖«សូម្បីតែដើមឈើមួយដើមគាត់ការពារអត់បានផង។អ៊ីចឹងបង្ហាញថាអាជ្ញាធរហ្នឹងអសមត្ថភាព មិនទាន់សាកសមធ្វើជាអ្នការពារ អភិរក្សព្រៃឈើហ្នឹងឡើយ»

យុវតីវ័យ២១ឆ្នាំមរូបនេះ លើកជាចម្ងល់ថា មន្រ្តីសមត្ថកិច្ច និងអាជ្ញាធរអប្សរាតែងតែដាក់ពង្រាយឃ្លាំមើលការពារ និងអភិរក្សតំបន់អង្គរយ៉ាងតឹងរឹង ហេតុអ្វីជនល្មើសអាចលួចកាប់ដើមគ្រញូងដ៏ធំទាំងកណ្តាលថ្ងៃ​ត្រង់នេះបានដូច្នេះ។

កញ្ញាថា៖«អាជ្ញាធរនៅទីហ្នឹងព្រោងព្រាត(កុះករ)នៅតែចោរអាចលួចកាប់ឈើប្រណិតក្រញូងនៅក្នុងក្រុ​ងអង្គរបាន។អ៊ីចឹងបញ្ជាក់ថាអាជ្ញាធរខ្វះសមត្ថភាព ខ្វះវិធានការ ចេះតែបណ្តែតបណ្តោយឱ្យគេលួចកា​ប់​​បំ​ផ្លា​ញ​សម្បត្តិធម្មជាតិដូនតាយើងនៅអង្គរ»

លោក សំ អឿន ជាអ្នកភូមិអង្គរក្រៅ សង្កាត់គោកចក ខេត្តសៀមរាប និយាយដែរថា ការលួចកាប់ឈើប្រ​ណិ​តនៅ​ក្នុងតំបន់អង្គរ មិនមែនទើបតែជាលើកទី១ទេ ។គាត់ថា វាបានកើតជាច្រើនករណីរួចមកហើយ ប៉ុន្តែគេមិនដែលឃើញអាជ្ញាធរជាតិអប្សរា ចាត់វិធានការច្បាប់ណាមួយទប់ស្កាត់អំពើល្មើសបែបនេះឱ្យមា​ន​​ប្រសិទ្ធភាពនៅឡើយទេ។

 លោកបន្តថា កាលពីកន្លងទៅដើមគ្រញូងចំនួន៤ដើម នៅភូមិខ្នាតពោធិ៍ និងភូមិវត្ត ឃុំស្រែពោធិ៍ ស្រុកវ៉ារិន និងភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានអាយុកាលប្រមាណ៥០ឆ្នាំ ត្រូវបានគេលួចកាប់ដោយមិនដឹងមុខ កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២។

លោកថា៖«ខ្ញុំនៅតែគិតថាជាកំហុសរបស់អាជ្ញាធរពាក់ព័ន្ធ គាត់ការពារនៅហ្នឹង​ មិនដែលគាត់មិនដឹង។ហើ​យករណីកាប់ឈើក្រញូងនៅតំបន់អង្គរមិនទើបតែកើតមានទេ ប៉ុន្មានឆ្នាំមុនហ្នឹងក៏ធ្លាប់មានករណីកាប់ឈើ​ក្រញូងដែរនៅតំបន់អង្គរយើង»

បើតាមបុរសវ័យ ៣១​ ឆ្នាំរូបនេះ បន្តថា ការបាត់បង់ឈើប្រណិតនៅតំបន់អង្គរ ដែលជាមរតកដូនតា វាជាសោ​កនាដកម្មមួយសម្រាប់សង្គមជាតិ ។

លោកថា ពលរដ្ឋនៅក្រុងសៀមរាបមិនចង់ឱ្យប្រភេទឈើកម្រដូចជាឈើគ្រញូងនៅតំបន់អង្គរទាំងនេះ បន្តបាត់បង់ទៀតនោះទេ ហើយថាលោកចង់ឃើញ អាជ្ញាធរមូលដ្ឋាននិងអជ្ញារធរអប្សរាផ្ទាល់ ត្រូវតែចាត់វិធានការរួមគ្នាទប់ស្កាត់កុំឱ្យមានករណីបែបនេះ កើតឡើងទៀត ។

លោកថា៖« រឿងហ្នឹងមិនទើបតែកើតមានទេ ច្រើនករណីហើយ បើគាត់មិនទប់ស្កាត់ទៀតចប់ហើយតំបន់អង្គរយើង។ដើមក្រញូងជាប្រភេទឈើកម្រផង បើបាត់បង់ស្តាយណាស់»

អ្នកស្រី រស្មី ផល្លា រស់នៅភូមិក្រសាំង ក្រុងសៀមរាប លើកឡើងប្រហាក់ប្រហែលដែរថា ការបាត់បង់ដើមឈើ​គ្រញូងដ៏ធំនៅតំបន់ការពារ ឬតំបន់អង្គរក៏ជាកត្តាធ្វើឱ្យមុខមាត់ខេត្តសៀមរាបធ្លាក់ចុះផងដែរ ។

ស្ត្រីរូបនោះសំអាងថា ព្រោះតំបន់អង្គរ ជាតំបន់ទេសចរណ៍មានភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាយ៉ាងច្រើ​នកុះករ ប្រសិនបើគេដឹងថាមន្រ្តីអាជ្ញាធរក្រុងអសមត្ថភាពការពារ នោះមុខមាត់ខេត្តនិងប្រឈមការរិះគន់យ៉ា​ងខ្លាំង។

 លោកស្រីបន្ថែមទៀតថា អាជ្ញាធរអប្សរា ឬមន្រ្តីមូលដ្ឋានត្រូវតែការពារមុខមាត់ខេត្តសៀមរាប ដោយត្រូវតែទប់ស្កាត់ករណីទាំងអស់នេះកុំឱ្យបន្តកើតមាននៅតំបន់អង្គរ។

អ្នកស្រីថា៖«ចង់ទប់ស្កាត់វាមិនពិបាកទេ អាជ្ញាធរខ្លួនឯងហ្នឹង យកបេះដូងជាតិជាធំមក កុំលោភលន់ ឃុតឃិនគ្នា ដាក់ចិត្តដាក់កាយការពារសម្បត្តិធម្មជាតិដូងតាយើងតើ ហើយជាមុខមាត់ប្រទេសយើងទៀត ការពា​​​រឱ្យល្អទៅគ្មានអ្នករិះគន់ទេ»

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល និង អភិបាលខេត្តសៀមរាប លោ​ក ​នួន ពុទ្ធារ៉ា មិនអាចសុំការបកស្រាយបាន នៅថ្ងៃទី២៥ សីហានេះ ដោយទូរស័ទ្ទចូលជាច្រើនដង គ្មា​​នអ្នកទទួល។

ដោយឡែក អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក សាន់ ម៉ាឡា យល់ឃើញថា ការបាត់បង់ឈើក្រញូវនៅ​​តំបន់អង្គរជាបន្តបន្ទាប់ អាចពាក់ព័ន្ធទៅនឹងសមត្ថិភាពរបស់មន្ត្រីជំនាញដែលការណ៍នេះ លោកចង់ឃើញ រដ្ឋាភិបាលថ្មី ត្រូវពង្រឹងការអនុវត្តច្បាប់ ចាត់វិធានការក្តៅចំពោះមន្រ្តីខិលខួច នៅពីក្រោយជនល្មើស ដើ​​ម្បីជាមុខមាត់ប្រទេសជាតិ។

លោកបន្តថា៖«ខ្ញុំយល់ឃើញថារដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនឹងគួរតែធ្វើការដាក់ពិន័យឱ្យបានខ្លាំង ឬបណ្តេញចេញតែម្តងចំពោះមន្រ្តីណាដែលគាត់ធ្វេសប្រហែសបណ្តែតបណ្តោយឱ្យមានបទល្មើសលួចកាប់ដើមឈើកម្រជាពិសេសគ្រញូងនៅតំបន់អភិរក្សអង្គរអ៊ីចឹង»

យោងតាមរបាយការណ៍​របស់​មន្ត្រី​បរិស្ថាន​ខេត្ត​សៀមរាប ធ្លាប់​បាន​អះអាង​ថា គិត​ចាប់ពី​ឆ្នាំ​២០២០ មក បទល្មើស​លួច​កាប់​ដើម​គ្រញូង​ក្នុង​តំបន់​អង្គរ​មាន​ប្រមាណ​ជាង ១០​ករណី​ទៅ​ហើយ ក្នុង​នោះ​ក៏​មាន​ករណី​មួ​យ​ចំនួន​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​រឹបអូស​វត្ថុ​តាង និង​កសាង​សំណុំរឿង​ទៅ​តុលាការ​ផង​ដែរ។