ជនជាតិដើមភាគតិច ស្នើដល់រាជរដ្ឋាភិបាលដាក់បញ្ចូលទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ជាថ្ងៃឈប់សម្រាកទៅក្នុងប្រតិទិនជាតិ ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចនៅកម្ពុជា។
កាលពីខែធ្នូ ឆ្នាំ១៩៩៤ អង្គការសហប្រជាជាតិ បានសម្រេចថា ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នឹងត្រូវប្រារព្ធនៅថ្ងៃទី០៩ ខែសីហា ជារៀងរាល់ឆ្នាំ។ កាលបរិច្ឆេទនេះ គឺជាថ្ងៃនៃកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារអង្គការសហប្រជាជាតិ ស្តីពី ប្រជាជនជនជាតិដើមភាគតិច នៅឆ្នាំ១៩៨២។ ប្រជាជននៅទូទាំងពិភពលោក ត្រូវបានលើកទឹកចិត្តឱ្យចែករំលែកសារ របស់អង្គការសហប្រជាជាតិ ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិរបស់ជនជាតិដើមភាគតិច។
ប្រធានសហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោកថាប់ សុខឃី មានប្រសាសន៍ថា ការស្នើដាក់បញ្ជូលទិវាជនជាតិដើមភាគតិចក្នុងប្រតិទិនឈប់សម្រាកនេះ ដើម្បីឱ្យប្រជាពលរដ្ឋដឹងថាជនជាតិដើមភាគតិចមានសិទ្ធិ ដូចមនុស្សគ្រប់គ្នាដែរ ហើយចង់ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ។
លោកថា៖ «ការប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចពិភពលោក [ថ្ងៃទី]៩ [ខែ]សីហា នេះ គឺដើម្បីទទួលស្គាល់សិទ្ធិជាអន្តរជាតិ ដើម្បីឱ្យប្រជាជននៅក្នុងប្រទេសកម្ពុជាទទួល ហើយបានដឹងថាជនជាតិមានសិទ្ធិ ដូចជាមនុស្សគ្រប់គ្នាដែលមានការទទួលស្គាល់ជាអន្តរជាតិ»។
ជនជាតិដើមភាគតិចព្នងមួយរូបទៀត រស់នៅភូមឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី លោក គ្រើង តុលា លើកឡើងថា បើដាក់ថ្ងៃទី៩ ខែសីហា ជាថ្ងៃឈប់សំរាកក្នុងប្រតិទិនជាតិ គឺចំណេញទាំងរដ្ឋាភិបាល និងជនជាតិដើមភាគតិចផ្ទាល់។
លោកថ្លែងថា៖ «ប្រសិនបើបានដាក់ពិតមែនតាមការស្នើសុំហើយរដ្ឋាភិបាលបានគិតគូរមែនទែនទៅលើបញ្ហាហ្នឹង ខ្ញុំគិតថាវាចំណេញ ចំណេញដល់ជនជាតិដើមភាគតិច ក៏ដូចជាចំណេញដល់រាជរដ្ឋាភិបាលផង គឺចំណេញទៅលើជនជាតិដើមភាគតិចទាំងអស់ឱ្យតែថ្ងៃឈប់សម្រាកហ្នឹង នឹងនឹកឃើញថា ថ្ងៃហ្នឹងខ្ញុំមានសិទ្ធិបញ្ចេញមតិ ខ្ញុំមានសិទ្ធិបង្ហាញទៅលើវប្បធម៌របស់ខ្ញុំ។ ទី២ រាជរដ្ឋាភិបាល គាត់ចំណេញច្រើនណាស់ គាត់អាចទាក់ទាញអន្តរជាតិឱ្យដឹងថា ប្រទេសរបស់គាត់ពិតជាយកចិត្តទុកដាក់ជនជាតិដើមភាគតិចនិមួយៗ គាត់ចំណេញខ្លាំងមែនទែន ហើយគេនឹងផ្តល់ជំនួញច្រើនដល់រដ្ឋាភិបាល[…] ចឹងគឺចំណេញសងខាងហ្នឹងណា!»។
លោក តុលា យល់ថា ប្រសិនបើមិនដាក់ថ្ងៃទិវាជនជាតិដើមភាគតិចជាថ្ងៃឈប់សំរាកទេ គឺប៉ះពាល់ដល់ថ្ងៃការងារ ខណៈមន្ត្រីរាជការ បុគ្គលិកឯកជនខ្លះ ក៏ជាជនជាតិដើមភាគតិចផងដែរ។
លោកបន្ថែមថា៖ «ប្រសិនបើប្រទេសមួយបាត់ជនជាតិមួយ ស្មើនឹងគឺជាប្រទេសមួយដែលមិនបានគិតពីជាតិពិន្ទុ មិនបានគិតពីលទ្ធិប្រជាធិបតេយ្យនៅតាមប្រទេសនីមួយៗ[…] រដ្ឋាភិបាលក៏ដូចជាក្រសួងសាមីហ្នឹងណា ដែលមានតួនាទីក្នុងការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចក៏ដូចជាមានតួនាទីក្នុងការគាំពារសិទ្ធជនជាតិដើមភាគតិចហ្នឹង គួរតែពិចារណា គួរតែដាក់ ៩ សីហា ជារៀងរាល់ឆ្នាំហ្នឹងជាថ្ងៃទិវាបុណ្យជាតិតែម្តងទៅ ហើយថ្ងៃហ្នឹងជាថ្ងៃសំរាកតែម្តងទៅប្រិសនបើយើងមិនដាក់ទេ អ៊ីចឹងការផ្សព្វផ្សាយក៏ដូចជាបង្ហាញវប្បធម៌របស់ជនជាតិដើមភាគតិចនៅមានកម្រិតនៅឡើយទេ» ។
ជាជនជាតិដើមភាគតិចព្រៅ រស់នៅភូមិផ៉្យាង ឃុំតាវែងក្រោម ស្រុងតាវែង ខេត្តរតនៈគិរី អ្នកស្រី ពីង ចំរើន ក៏បានលើកឡើងស្រដៀងគ្នាដែរថា ការដាក់ថ្ងៃទិវាជនជាតិដើមភាគតិច នៅក្នុងប្រតិទិនឈប់សម្រាក គឺពិតជាមានសារប្រយោជន៍ខ្លាំងសម្រាប់ជនជាតិដើមភាគតិច ព្រោះវាជួយផ្សព្វផ្សាយឱ្យមានការទទួលស្គាល់សិទ្ធិរបស់ជនជាតិដើមភាគតិច។ អ្នកស្រីបន្តថា កន្លងមក ពួកគាត់ធ្លាប់បានស្នើលើករណីនេះជាច្រើនលើកច្រើនសារដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។
អ្នកស្រីនិយាយថា៖ «កន្លងមក យើងបានដាក់ស្នើសុំជារៀងរាល់ឆ្នាំ ទី១ តាមរយៈសេចក្តីថ្លែងការណ៍ ហើយទី២ទៀត គឺយើងបានដាក់ស្នើសុំទៅខាងមន្ទីរអភិវឌ្ឍន៍ជនបទដែរ ប៉ុន្តែយើងឃើញថាការឆ្លើយតប យើងមិនទាន់បានឃើញការឆ្លើយតប ត្រូវដាក់បញ្ចូលថ្ងៃឈប់សម្រាកទិវាជនជាតិដើមភាគតិចថ្ងៃទី០៩ ខែសីហានៅឡើយទេ»។
អ្នកស្រី ចំរើន ក៏បានជំរុញទៅអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ឬអង្គការដៃគូរ យកចិត្តទុកដាក់ និងជួយពង្រឹងបន្ថែមទៅលើសហគមន៍ជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់អាចរក្សាអត្តសញ្ញាណវប្បធម៍របស់ពួកគាត់។
Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយជុំវិញករណីនេះពី លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល តាមប្រព័ន្ធទូរស័ព្ទ និងបណ្តាញសង្គមតេឡេក្រាម ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ គិតត្រឹមថ្ងៃ១២ ខែតុលា ឆ្នាំ២០២៣។
ទាក់ទងនឹងការស្នើនេះដែរ ប្រធានលេខាធិកាដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក នុន សុគន្ធា មានប្រសាសន៍ថា លោកកំពុងពិភាក្សាជាមួយតំណាងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសិក្សាបន្ថែមទៅលើហេតុផលនៃការស្នើសុំរបស់ជនជាតិដើមភាគតិច ហើយលទ្ធផលយ៉ាងណាលោកនឹងផ្តល់ព័ត៌មានបន្ថែមតាមក្រោយ។
តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជនជាតិដើមភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជា មានចំនួន ២៤ក្រុម រួមមាន ជនជាតិដើមភាគតិចព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ព្នង ល្អិន លុន មិល ព័រ រដែ សំរែ សួយ ស្ពុង ទំពួន ស្ទៀង ថ្មូន រអង និងស្អូច ដែលមានចំនួនប្រមាណជា ១,៣៤ភាគរយ នៃប្រជាជនកម្ពុជាសរុប។
ពួកគេកំពុងរស់នៅតាមខេត្តចំនួន ១៥ ដូចជាខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ និងសៀមរាប ហើយពួកគាត់ភាគច្រើនប្រកបការងារធ្វើស្រែចម្ការវិលជុំប្រមូលផលអនុផលព្រៃឈើ ការប្រមាញ់សត្វ ការនេសាទ និងចិញ្ចឹមសត្វជាលក្ខណៈប្រពៃណីគ្រួសារ៕