សត្វផ្សោតឈ្មោលមួយក្បាលអាយុប្រមាណ៧ឆ្នាំ បានស្លាប់ដោយសារឧបករណ៍ឆក់នៅភូមិកោះជឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា សត្វផ្សោតឈ្មោលមួយក្បាលដែលបានស្លាប់នោះមានភេទឈ្មោល ប្រវែង១,៩៤ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម។
សេចក្តីប្រកាសព័ត៌មាននេះបន្ថែមថា៖ «តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន»។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា រដ្ឋបាលជលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។
រដ្ឋបាលជលផលអំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី។ រដ្ឋបាលជលផលនឹង ផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៣នេះ ផ្សោតកើតបាន៨ក្បាល និង ស្លាប់៥ក្បាល ក្នុងនោះ កូនផ្សោតស្លាប់២ក្បាល ជំទង់២ក្បាល និងស្លាប់ដោយចាស់ជរា១ក្បាល៕