សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​អាយុ​ប្រមាណ​៧​ឆ្នាំ ​បាន​ស្លាប់​ដោយ​សារ​ឧបករណ៍​ឆក់​នៅ​ភូមិ​កោះ​ជឹម​ ឃុំ​អូរ​ម្រះ​ ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង​។ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​រដ្ឋ​បាល​ជល​ផលនៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ចេញ​នៅថ្ងៃ​​ទី​១៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣​ បាន​បញ្ជាក់​ថា ​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​ដែល​បាន​ស្លាប់​នោះ​មាន​ភេទ​ឈ្មោល​ ប្រវែង​១,៩៤​ម៉ែត្រ ​ទម្ងន់​៦៥​គីឡូ​ក្រាម​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ថា​៖ «តាម​ការ​ធ្វើ​កោសល្យ​វិច្ច័យ​របស់​មន្ត្រី​ជំនាញ​នៃ​រដ្ឋ​បាល​ជល​ផល​ និង​អង្គ​ការ​ WWF​ សន្និដ្ឋាន​ថា ​ផ្សោត​នេះ​ស្លាប់​ដោយ​ឧបករណ៍​ឆក់​ ព្រោះ​មាន​ស្នាម​ជាំ​ដុំៗ​នៅ​ផ្នែក​ក្បាល​ និង​ដង​ខ្លួន​»។

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា ​រដ្ឋ​បាល​ជល​ផល​នឹង​សហការ​ជា​មួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ធ្វើ​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទ​ល្មើស​ឆក់​នេះ ​និង​ដាក់​ទោស​ទណ្ឌ​ធ្ងន់​ធ្ងរ​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស​ តាម​ច្បាប់​ស្តី​ពី​ជល​ផល​។

រដ្ឋ​បាល​ជល​ផល​អំពាវ​នាវ​ដល់​ប្រជា​នេសាទ ​និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ សូម​ផ្ដល់​ព័ត៌​មាន​ដល់​សមត្ថកិច្ច​ នៅ​ពេល​ឃើញ​មាន​អ្នក​ប្រើ​ឧបករណ៍​ឆក់​ត្រី​។ ​រដ្ឋ​បាល​ជល​ផល​នឹង​     ផ្តល់​ជូន​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្នុង​ឆ្នាំ​២០២៣​នេះ ​ផ្សោត​កើត​បាន​៨​ក្បាល ​និង​ ស្លាប់​៥​ក្បាល​ ក្នុង​នោះ ​កូន​ផ្សោត​ស្លាប់​២​ក្បាល​ ជំទង់​២​ក្បាល​ និង​ស្លាប់​ដោយ​ចាស់​ជរា​១​ក្បាល​៕