សមត្ថកិច្ចរាជធានីភ្នំពេញ ឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងសាកសួរប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំនៅរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងសំណុំរឿង ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
លោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅផ្ទះរបស់លោកក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការនគបាលរាជធានីភ្នំពេញ លោក សំ វិច្ចិកា មានប្រសាសន៍ថា ការឃាត់ខ្លួនលោក ខឹម ចាន់វណ្ណៈ បានធ្វើឡើងក្រោយសមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចំនួន ០៣នាក់ ដែលបានប្តឹងមន្ត្រីបក្សភ្លើងទៀនរូបនេះ ពីបទក្លែងបន្លំឯកសារស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយរបស់ពួកគាត់ ដើម្បីចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន។
លោកបន្តថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក ខឹម ចាន់វណ្ណៈ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីឱ្យតុលាការបន្តនីតិវិធីទៅតាមផ្លូវច្បាប់។
លោកបានថ្លែងថា៖ «តុលាការគាត់បានសួរនាំគាត់ថ្ងៃនេះ[ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤] និងនៅបន្តនីតិវិធីថ្ងៃស្អែកមួយថ្ងៃទៀត អញ្ចឹងឥឡូវគាត់[លោក ខឹម ចាន់វណ្ណៈ]ត្រូវបាននាំខ្លួនមកដោយដីកាឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះចំនួន ០៣នាក់ ដែលប្តឹងឈ្មោះ ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងករណីក្លែងស្នាមមេដៃ ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកនាំពាក្យបន្តថា តាមរយៈការផ្តល់ភស្តុតាងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើកោសលវិច័យឃើញថា ពិតជាស្នាមមេដៃ និងហត្ថលេខាក្លែងបន្លំ ហើយផ្អែកតាមលទ្ធផលនេះ លោកសៀង ហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន ចុះថ្ងៃទី១៥ ខែមករា ពាក់ព័ន្ធសំណុំរឿង ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ទើបឈានដល់មានការចាប់ខ្លួនជនសង្ស័យរូបនេះ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ទៀតថា៖ «ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់ការគំរាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ»។
Newsroom Cambodia ពុំអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ។
ជុំវិញករណីនេះ គណបក្សភ្លើងទៀន ក៏បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៥ ខែមករា ដោយបញ្ជាក់ថា ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ ពីសំណាក់សមត្ថកិច្ចប្រមាណ ២០នាក់ ធ្វើឡើងដោយមិនមានបង្ហាញដីកានោះឡើយ។ គណបក្សនេះ បានចាត់ទុកការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ ថាជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងជាការធ្វើឱ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតអសកលក្នុងឆ្នាំ២០២៤(ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ)នេះ រឹតតែមានភាពអាប់អួរថែមទៀត។
គណបក្សភ្លើងទៀន ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដោះលែងលោក ខឹម ចាន់វណ្ណៈ ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព ទៅលើថ្នាក់ដឹកនាំ សមាជិក និងសកម្មជនគណបក្សភ្លើងទៀន ដើម្បីធានាបរិយាកាសល្អប្រសើរ សម្រាប់ដំណើរការបោះឆ្នោតអសកលក្នុងឆ្នាំ២០២៤ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៅពេលចុះទៅឃាត់ខ្លួនជនសង្ស័យណាម្នាក់ សមត្ថកិច្ចត្រូវបង្ហាញដីកានាំខ្លួនរបស់តុលាការ ដល់សាមីខ្លួន លើកលែងតែបទល្មើសជាក់ស្តែង ទើបមិនចាំបាច់មានដីកា ប៉ុន្តែក៏ត្រូវប្រាប់អំពីមូលហេតុនៃការចាប់ខ្លួនឱ្យបានច្បាស់លាស់ ដល់សាមីខ្លួន និងក្រុមគ្រួសារបានដឹង។
លោកបន្តថា បើសិនការចាប់ខ្លួននោះ ធ្វើឡើងដោយខុសពីនីតិវិធីច្បាប់ នោះមានន័យថា ជាការចាប់ខ្លួនដែលរំលោភទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
លោកថ្លែងថា៖ «ដោយសារតែមូលហេតុនៃការចាប់ខ្លួនហាក់បីដូចជាមិនសមស្រប អញ្ចឹងហើយបានគេចាត់ទុកថាជាការធ្វើទុក្ខបុកម្នេញ ឬក៏ការរំលោភបំពានសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ មាត្រា៣៥ ដែលនិយាយអំពី ពលរដ្ឋទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ មួយទៀតកម្ពុជាបានផ្តល់សច្ចាប័ន្នជាច្រើនទាក់ទងសិទ្ធិមនុស្ស អញ្ចឹងរដ្ឋជាភាគីត្រូវតែមានកាតព្វកិច្ចក្នុងការអនុវត្តទៅតាមបទដ្ឋានអន្តរជាតិដែលបានផ្តល់សច្ចាប័ន»៕