តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសមាជិកគណបក្សភ្លើងទៀន លោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្តា នៅពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងសំណុំរឿង ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនលោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្តា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យតុលាការសាកសួរ និងដំណើរការនីតិវិធីតាមច្បាប់។
លោក មាន ចាន់រិទ្ធី អាយុ៤៣ឆ្នាំ ជាកូនរបស់អ្នកស្រី ឆាយ ចិន្តា បានឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរម្តាយរបស់លោក និងលោក ខឹម ចាន់វណ្ណៈ រួចហើយ ហើយបានសម្រេចបញ្ចូនខ្លួនពួកគាត់ទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសដើម្បីរងចាំនីតិវិធីបន្ត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបានទៅសួរសុខទុក្ខម្តាយនៅតុលាការព្រឹកមិញ ម៉ាក់នៅតុលាការ សាលាយុត្តិធម៏នៅក្បែរសាលាខណ្ឌជ្រោយចង្វារនៅឡើយទេ តែខ្ញុំទទួលដំណឹងថា បន្ទាប់ពីសាកសួរករណីលោក ខឹម ចាន់វណ្ណៈ ហើយ មានតែឃុំខ្លួនបន្តនៅម២ ដើម្បីរងចាំការជម្រះសារជាថ្មី»។
បើតាម លោក មាន ចាន់រិទ្ធី ម្តាយរបស់លោក គឺអ្នកស្រី ឆាយ ចិន្តា ជាប្រធានចលនាស្ត្រីខណ្ឌជ្រោយចង្វារ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅទីស្នាក់ការគណបក្សខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា។ លោកបន្តថា សំណុំរឿងរបស់អ្នកស្រី ឆាយ ចិន្ដា កើតឡើងតាំងពីខែមេសា ឆ្នាំ២០២២ ហើយតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនរូបគាត់ កាលពីខែតុលា ឆ្នាំ២០២៣។
ចំណែក ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ លោក ខឹម ចាន់វណ្ណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅផ្ទះរបស់លោកក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កូនប្រុសច្បងរបស់លោក ខឹម ចាន់វណ្ណៈ គឺលោក ខឹម ចាន់សុវណ្ណមង្គល អាយុ ២១ឆ្នាំ បានអះអាងថា ឪពុករបស់លោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។ លោកបន្តថាដើមបណ្តឹងអាជ្ញាទាំង ៣រូប ដែលបានប្តឹងឳពុករបស់លោក គឺជាពលរដ្ឋធម្មតា ប៉ុន្តែលោកធ្លាប់ទទួលដំណឹងថា ពួកគេបានចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកថា៖ «ព្រោះឯកសារក៏ពិត ហត្ថលេខាក៏ពិត តែខុសត្រង់ថាមិនបានឱ្យគេផ្តិតមេដៃបញ្ជាក់ បែរជាគេចោទប្រកាន់ថាក្លែងបន្លំឯកសារ»។
លោកខឹម ចាន់សុវណ្ណមង្គល ស្នើថា៖ «ខ្ញុំសំណូមពរឱ្យខាងអាជ្ញាធរជួយមើលឡើងវិញ ហើយដោះលែងគាត់[លោក ខឹម ចាន់វណ្ណៈ]ដោយឥតលក្ខខណ្ឌ»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះពី លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទេនៅថ្ងៃពុធនេះ ខណៈអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍ថា ការងារនេះ ផុតដៃសមត្ថកិច្ចហើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា ឱ្យតែនៅក្នុងស្ថានភាព ឬព្រឹត្តិការណ៍នៃការបោះឆ្នោត គឺតែងតែមានការរឹតត្បិត និងដាក់សម្ពាធនានាទៅលើអង្គបោះឆ្នោត។
លោកបន្តថា៖ «ការចាប់ខ្លួនសកម្មជននយោបាយ បើតុលាការ ឬសមត្ថកិច្ចចាប់ខ្លួនដោយមិនត្រឹមត្រូវតាមច្បាប់ និងមិនមានមូលដ្ឋានគ្រប់គ្រាន់ ច្បាស់ណាស់ថារងការរិះគន់ អំពីសាធារណៈមតិអំពីចំណាត់ការទៅលើអ្នកទាំងអស់នោះ អាចថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ»។
កាលពីសប្តាហ៍មុន អង្គការសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំមួយ ដោយលើកឡើងថា ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សកម្មជនដីធ្លី មេដឹកនាំសង្គមស៊ីវិល មេដឹកនាំសហជីពនៅតែកើតមានឡើង។ អង្គការនេះ រិះគន់ថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សកាន់តែមាន«ភាពយ៉ាប់យ៉ឺនបន្ថែមទៀត»ក្នុងឆ្នាំ២០២៣៕