តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន​សមាជិកគណបក្សភ្លើងទៀន លោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្តា នៅពន្ធនាគារ​​​ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងសំណុំរឿង​​​ ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។

កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជូនខ្លួនលោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្តា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យតុលាការសាក​សួរ និងដំណើរការនីតិវិធីតាមច្បាប់។

លោក មាន ចាន់រិទ្ធី អាយុ៤៣ឆ្នាំ ជាកូន​របស់​អ្នកស្រី ឆាយ ចិន្តា បានឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរម្តាយរបស់​លោក និ​ង​លោក ខឹម ចាន់វណ្ណៈ រួចហើយ ហើយបានសម្រេច​បញ្ចូនខ្លួនពួកគាត់​ទៅឃុំខ្លួនជាបណ្តោះអាសន្ន​នៅ​ពន្ធនាគារព្រៃសដើម្បីរងចាំនីតិវិធីបន្ត។

លោកមានប្រសាសន៍ថា៖ «ខ្ញុំបានទៅសួរសុខទុក្ខម្តាយនៅតុលាការព្រឹកមិញ ម៉ាក់នៅតុលាការ សាលាយុត្តិធម៏នៅក្បែរ​សាលាខណ្ឌជ្រោយចង្វារនៅឡើយទេ តែខ្ញុំទទួលដំណឹងថា បន្ទាប់ពីសាកសួរករណី​លោក ខឹម ចាន់វណ្ណៈ ហើយ មានតែឃុំខ្លួនបន្ត​នៅ​ម២ ដើម្បីរងចាំការជម្រះសារជាថ្មី»។

បើតាម លោក មាន ចាន់រិទ្ធី ម្តាយរបស់លោក គឺ​​អ្នកស្រី ឆាយ ចិន្តា ជាប្រធាន​ចលនា​ស្ត្រី​ខណ្ឌ​ជ្រោយ​ចង្វា​រ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ទីស្នាក់​ការ​គណបក្ស​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៥​ ខែមករា​។ លោក​បន្តថា សំណុំ​រឿង​របស់​អ្នកស្រី ឆាយ ចិន្ដា ​កើត​ឡើង​តាំង​ពី​ខែ​មេសា ឆ្នាំ​​២០២២ ហើយ​តុលាការ​​ចេញ​ដីកា​បង្គាប់​ឱ្យចាប់​ខ្លួនរូបគាត់​ កាលពីខែ​តុលា ឆ្នាំ​២០២៣។

ចំណែក ប្រធាន​​ស្តីទីគណៈកម្មាធិការ​ប្រតិបត្តិ​គណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ លោក ខឹម ចាន់វណ្ណៈ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន នៅរសៀល​​​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅផ្ទះរបស់លោកក្នុង​ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កូនប្រុសច្បងរបស់លោក ខឹម ចាន់វណ្ណៈ គឺលោក ខឹម ចាន់សុវណ្ណមង្គល អាយុ ២១ឆ្នាំ បាន​អះអាងថា ឪពុករបស់លោកមិនបានប្រព្រឹត្តខុស​ដូចការចោទប្រកាន់នោះទេ។ លោកបន្តថា​ដើម​បណ្តឹងអាជ្ញាទាំង ៣រូប ​ដែលបាន​ប្តឹងឳពុករបស់​លោក គឺជាពលរដ្ឋធម្មតា ប៉ុន្តែលោកធ្លាប់ទទួលដំណឹងថា ​ពួកគេ​បានចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​។

លោកថា៖ «ព្រោះឯកសារក៏ពិត ហត្ថលេខាក៏ពិត តែខុសត្រង់ថាមិនបានឱ្យគេផ្តិតមេដៃបញ្ជាក់ បែរជាគេចោទប្រកាន់ថាក្លែងបន្លំឯកសារ»។

លោកខឹម ចាន់សុវណ្ណមង្គល ស្នើថា៖ «ខ្ញុំសំណូមពរឱ្យខាងអាជ្ញាធរជួយមើលឡើងវិញ ហើយដោះលែងគាត់[លោក ខឹម ចាន់វណ្ណៈ​]​ដោយ​ឥតលក្ខខណ្ឌ»។

គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែម​​ជុំវិញករណីនេះពី លោក ប្លង់ សុផល អ្នក​នាំពាក្យ​នៃអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ បានទេនៅថ្ងៃពុធនេះ ខណៈអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍ថា ការងារនេះ ផុតដៃ​សមត្ថកិច្ចហើយ។

​អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​​​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញ​ថា ឱ្យតែនៅក្នុងស្ថានភាព ឬព្រឹត្តិការណ៍នៃការបោះឆ្នោត គឺតែងតែមានការរឹតត្បិត និងដាក់សម្ពាធនានាទៅលើអង្គបោះឆ្នោត។

លោកបន្តថា៖ «ការចាប់ខ្លួន​សកម្មជននយោបាយ បើតុលាការ ឬសមត្ថកិច្ចចាប់ខ្លួន​ដោយមិនត្រឹមត្រូវតាមច្បាប់ និងមិនមានមូលដ្ឋានគ្រប់គ្រាន់ ច្បាស់ណាស់ថារងការរិះគន់ អំពីសាធារណៈមតិ​អំពីចំណាត់ការទៅលើអ្នកទាំងអស់នោះ អាចថាជាការធ្វើទុក្ខ​បុកម្នេញផ្នែកនយោបាយ»។

កាលពី​សប្តាហ៍​មុន អង្គការ​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​មួយ ដោយ​លើក​ឡើង​ថា ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាលទៅ​លើ​គណ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ សកម្មជន​ដី​ធ្លី មេ​ដឹក​នាំ​សង្គម​ស៊ីវិល ​មេ​ដឹក​នាំ​សហជីព​នៅ​តែ​កើត​មាន​ឡើង។ អង្គការ​នេះ រិះគន់​ថា ​ស្ថាន​ភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​កាន់​តែ​មាន«ភាព​យ៉ាប់​យ៉ឺន​បន្ថែម​ទៀត»ក្នុង​ឆ្នាំ​២០២៣៕