រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងថ្មីមួយទៀត នៅខេត្តសៀមរាប គឺក្រុងរុនតាឯកតេជោសែន ដោយកាត់យកឃុំចំនួន២ ជាឃុំចំណុះឱ្យទីក្រុងថ្មីនោះ ហើយក្នុងនោះមានឃុំរុនតាឯក ជាទីតាំងលំនៅឋានថ្មីរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលត្រូវអាជ្ញាធរឱ្យរុះរើផ្ទះចេញពីតំបន់រមណីយដ្ឋានអង្គរ។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានសម្រេចបង្កើតក្រុងថ្មីមួយឈ្មោះ “ក្រុងរុនតាឯកតេជោសែន” ដោយកាត់យកឃុំចំនួន២ គឺឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង នៃខេត្តសៀមរាប។
អនុក្រឹត្យដដែល បញ្ជាក់ថា ក្រុងថ្មីនេះ មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ចំណែកទីតាំងរដ្ឋបាល ក្រុងរុនតាឯកតេជោសែន ត្រូវស្ថិតនៅសង្កាត់រុនតាឯក ហើយការបង្កើតក្រុងរុនតាឯកតេជោសែន ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។
អនុក្រឹត្យដដែលបានបញ្ជាក់ថា៖ «ការកំណត់ចំនួនសមាជិក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែនជ័យ ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ»។
កាលពីខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋប្រមាណជិត ១ម៉ឺនគ្រួសារ ដែលរស់នៅជុំវិញតំបន់ឧទ្យានអង្គរ ត្រូវបានជូនដំណឹងឱ្យរុះរើចេញ ហើយផ្លាស់ទៅកាន់ទីតាំងថ្មី នៅតំបន់រុនតាឯក ដែលមានចម្ងាយជាង ២០គីឡូម៉ែត្រ។ រដ្ឋាភិបាល អះអាងថា ការស្នើឱ្យមានការរុះរើ និងចាកចេញនេះ គឺត្រូវបានធ្វើឡើងតាមការស្នើសុំរបស់អង្គការយូណេស្កូ ខណៈអង្គការមួយនេះអះអាងថា សកម្មភាពនេះអាចធ្វើឱ្យខូច និងប៉ះពាល់ដល់ឋានៈជាបេតិកភណ្ឌពិភពលោករបស់ប្រាសាទអង្គរវត្ដ។
ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក លោក ហ៉ង់ រាវុដ បានឱ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះថា ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ នៅតែបន្តមានភាពខ្វះខាត ក្នុងនោះមានប្រព័ន្ធលូបង្ហូរទឹកជាដើម ហើយពលរដ្ឋក៏មិនមានមុខរបរអ្វីសម្រាប់ចិញ្ចឹមជីវិតផងដែរ។ លោកថា ប្រជាពលរដ្ឋភាគច្រើន ត្រូវបង្ខំចិត្តចាកចេញទៅរកការងារនៅឯក្រុងសៀមរាប និងកន្លែងផ្សេងវិញ ខណៈរូបលោកផ្ទាល់ត្រូវប្រកបមុខរបរចិញ្ចឹមសត្វជ្រូកពីរទៅបីរក្បាល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
លោកថ្លែងថា៖ «សំណូមពរទៅកាន់រាជរដ្ឋាភិបាលថា បង្កើតការងារនៅក្នុងក្រុងរុកតាឯក ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ ដូចជាបង្កើតជារោងចក្រសហគ្រាសអីធំៗ ដើម្បីឱ្យរកកម្លាំងពលកម្មប្រជាពលរដ្ឋនៅទីនោះ ប្រសិនជាប្រជាពលរដ្ឋមានការងារធ្វើ ការអភិវឌ្ឍនៅនឹងក៏វាដំណើរការរីកចម្រើនទៅមុខដែរ។ បើបច្ចុប្បន្នមានការងារធ្វើនៅហ្នឹង ពួកគាត់មិនពិបាកត្រូវចាកចេញពីផ្ទះទៅរកការងារធ្វើនៅខេត្តវិញចឹងទេ»។
មន្ត្រីសម្របសម្រួល និងឃ្លាំមើលការរំលោភសិទ្ធមនុស្សនៃសមាគមអាដហុកប្រចាំខេត្តសៀមរាប លោក ចន្ទ័ ចំរើន បានឱ្យដឹងដែរថា ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនៅក្រុងរុនតាឯកដែលរដ្ឋាភិបាលទើបបង្កើតក្រុងថ្មីនេះ នៅមានភាពខ្វះខាតនៅឡើយ ក្នុងនោះមានដូចជា មន្ទីរពេទ្យ សាលារៀន ប្រព័ន្ធទឹក អគ្គិសនី និងទីផ្សារការងារជាដើម។ តែយ៉ាងណា លោកសង្កេតឃើញថា អាជ្ញាធរ បាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះបន្ថែមឱ្យបានគ្រប់គ្រាន់ ដើម្បីជួយបម្រើសេវាសារធារណៈផ្សេងៗដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ក្នុងនាមជាសង្គមស៊ីវិលចង់ឱ្យអាជ្ញារធពន្លឿន[ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់គ្រាន់]។ ខ្ញុំសុំស្នើសុំឱ្យអាជ្ញាធរហ្នឹង ធ្វើយ៉ាងម៉េចដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ប្រពន្ធ័ផ្លូវទឹក ភ្លើង ផ្សារ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ហ្នឹងហើយ កាលណាដែលយើងបង្កើតទាំងអស់ហ្នឹងហើយ ទៅជាក្រុងត្រូវមានការបម្រើប្រជាពលរដ្ឋដែលបានជម្លៀសទៅពីតំបន់អង្គរមួយចំនួនហ្នឹងផងដែរ»។
តែយ៉ាងណា នាយករដ្ឋបាលនៃរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានគូសបញ្ជាក់ថា កាលដែលរាជរដ្ឋាភិបាល សម្រេចបង្កើតទីក្រុងរុនតាឯកតេជោសែន ជាទីក្រុងទី២ប្រចាំខេត្តនេះ គឺបានឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ពីអាជ្ញាធរ និងក្រសួងមហាផ្ទៃ។
លោកបន្តថា ទីក្រុងរុនតាឯកតេជោសែន មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ ដូចជា ទឹកស្អាត អគ្គិសនី សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធទូរស័ព្ទជាដើម នៅសល់តែផ្លូវកៅស៊ូ និងផ្លូវបេតុងមួយចំនួនក្នុងតំបន់ ដែលអាជ្ញាធរបាននិងកំពុងសាងសង់ជិតរួចហើយដែរ។
លោកថ្លែងថា៖ «មុននឹងការសម្រេច រាជរដ្ឋាភិបាលបានគិតពិចារណារួចរាល់ហើយ មុននឹងគិតថា ចុះជាតំបន់ទីក្រុង ឬជាក៏តំបន់អី ហើយការស្នើសុំហ្នឹង មិនមែនពីរ[ឃុំនោះ]ទេ គឺបីឃុំ[ដែលបានស្នើសុំ] ប៉ុន្តែដោយសារបីឃុំ មិនអាចគ្រប់គ្រាន់រុញទៅការអភិវឌ្ឍបានលឿន ចឹងគឺ គាត់ជ្រើសរើសយកតែពីរឃុំ ធ្វើជាក្រុងតែម្តង»។
កន្លងមក មានការរិះគន់ច្រើនពីអង្គការជាតិ និងអន្តរជាតិ លើរដ្ឋាភិបាល ជុំវិញការតម្រូវឱ្យពលរដ្ឋរុះរើចេញពីតំបន់ឧទ្យានអង្គរ ឱ្យទៅតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក ដោយពួកគេថា ប្រជាពលរដ្ឋនៅតំបន់អង្គរ ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅទៅកាន់តំបន់រុនតាឯក ដែលខ្វះខាតហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទឹកស្អាត ប៉ុន្តែរដ្ឋាភិបាលបានអះអាងម្តងហើយម្តងទៀតថា ការតាំងទីលំនៅថ្មីរបស់ពលរដ្ឋទាំងនោះ ធ្វើឡើងដោយការស្ម័គ្រចិត្ត៕