កម្មការិនីម្នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សច្រើននាក់ទៀត បានរងរបួសក្នុងហេតុការណ៍គ្រឿងអគ្គីភ័យ ដែលបានកើតឡើងនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ឈ្មោះ យីដា (មេនូហ្វេកធីរើ ខូ អិលធីឌី) ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ហេតុការណ៍គ្រឿងអគ្គីភ័យនៅរោងចក្រយីដានេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ដោយបានបណ្តាលឱ្យកម្មការិនីម្នាក់ ឈ្មោះ សុខ ឆវី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បានស្លាប់ និងមានអ្នកជួយពន្លត់អគ្គីភ័យចំនួន ៤នាក់ទៀត មានបញ្ហាថប់ដង្ហើម ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការពន្លត់គ្រោះអគ្គីភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣០គ្រឿង និងរថយន្តសង្គ្រោះចំនួន ១០គ្រឿង ប៉ុន្តែពុំបានបញ្ជាក់ពីមូលហេតុនៃការឆេះនេះទេ។
នាយការិយាល័យបង្កាពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក ផាន់ វណ្ណី មានប្រសាសន៍ថា មូលហេតុនៃការឆាបឆេះនេះ កើតឡើងដោយសារផ្ទុះបំពង់សារធាតុគីមីលាយព័ណ៌បោកគក់ នៅអគារមួយក្នុងរោងចក្រ ប៉ុន្តែលោកមិនទាន់ដឹងច្បាស់ថាជាសារធាតុគីមីអ្វីឱ្យពិតប្រាកដនៅឡើយ។ លោកថា ក្រោយហេតុការណ៍នេះ សមត្ថកិច្ចជំនាញនឹងធ្វើការស៊ើបអង្កេត និងធ្វើកោសលវិច្ច័យបន្ថែមទៀត។
បើតាមមន្ត្រីនគរបាលរូបនេះ ហេតុការណ៍គ្រោះអគ្គីភ័យនៅរោងចក្រយីដានេះ បានបណ្តាលឱ្យកម្មការិនីម្នាក់ស្លាប់ និងអ្នករងរបួសចំនួន ១៥នាក់។
លោក ផាន់ វណ្ណី ក៏បានអំពាវនាវដល់កម្មករកម្មការិនី និងបណ្តារោងចក្រទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ ក្នុងនោះត្រូវមានសម្ភារៈបង្ការ និងពន្លត់អគ្គីភ័យ ព្រមទាំងទឹកគ្រប់គ្រាន់។
លោកថ្លែងថា៖ «ជាពិសេសប្រធានក្រុមហ៊ុនឱ្យមានការប្រុងប្រយ័ត្នឱ្យមែនទែន រាល់ពេលមានការកើតអគ្គីភ័យ ត្រូវមានឧបករណ៍ជាសញ្ញា ដើម្បីឱ្យបងប្អូនជាកម្មករអាចជម្លៀស[ពីកន្លែងកើតហេតុ] ដើម្បីឱ្យមានភាពងាយស្រួលជាពិសេស ដូចតាមបណ្តារោងចក្រនីមួយៗ សូមឱ្យមានការគ្រប់គ្រងទឹក និងការពាររោងចក្រ ឱ្យពួកគាត់បានរៀបចំឱ្យកាន់តែល្អប្រសើរ ងាយស្រួលក្នុងការពន្លត់អគ្គីភ័យ[…]សូមឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសក្នុងរដូវប្រាំង និងរដូវរំហើយនេះ មុននឹងចាកចេញពីទីតាំងកន្លែងធ្វើការ សូមឱ្យមានការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ»។
ពាក់ព័ន្ធនឹងគ្រោះអគ្គីភ័យនៅរោងចក្រយីដានេះដែរ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរការនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការសោកស្តាយ និងចូលរួមមរណៈទុក្ខចំពោះការស្លាប់របស់កម្មការិនី សុខ ឆវី ប្រធានផ្នែកនៅរោងចក្រនេះផងដែរ បើទោះជារោងចក្រនេះត្រូវបានគេស្គាល់ថា ជារោងចក្រដែលមានស្តង់ដា និងសុវត្ថិការងារខ្ពស់ក៏ដោយ។
សមាគមបានក្រើនរំលឹកដល់បណ្តារោងចក្រដែលជាសមាជិក បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បន្ថែមទៀត លើផ្នែកសុវត្ថិភាពឧស្សាហកម្ម ដើម្បីបញ្ចៀសបាននូវឧបទ្ទវហេតុផ្សេងៗ ដែលអាចនឹងកើតឡើងគ្រប់ពេលវេលា។
យោងតាមរបាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ មានគ្រោះអគ្គីភ័យកើតឡើងសរុបចំនួន ៧៦១លើក កើនឡើងលើសឆ្នាំ២០២២ចំនួន ១៤៣លើក ក្នុងនោះបណ្តាលឱ្យជនរងគ្រោះចំនួន ៥៤នាក់ បានស្លាប់បាត់បង់ជីវិត និង៩៧នាក់ផ្សេងទៀតរងរបួស ហើយផ្ទះចំនួន ៥៧៩ខ្នង និងតូបចំនួន៥៧ ព្រមទាំងសម្ភារៈមួយចំនួនទៀត ត្រូវបានបំផ្លាញដោយសារគ្រោះអគ្គីភ័យ។
ប្រភពដដែលបន្តថា រាជធានីភ្នំពេញ មានគ្រោះអគ្គីភ័យច្រើនជាងគេ ខណៈខេត្តកណ្តាល កំពត សៀមរាប និងប៉ៃលិន ស្ថិតនៅចំណាត់ថ្នាក់បន្ទាប់។ ចំណែកមូលហេតុនៃគ្រោះអគ្គីភ័យវិញ នាយកដ្ឋានបញ្ជាក់ថា បណ្ដាលមកពីទុស្សេចរន្តអគ្គិសនីជាង ៤០ភាគរយ ការចម្អិនដោយប្រើឈើ ធ្យូង និងហ្គាស មានជាង ៤០ភាគរយ និងជាង ១៨ភាគរយទៀត មិនអាចក្តាប់ទិន្នន័យបាន៕