កម្មការិនីម្នាក់ បានស្លាប់បាត់បង់ជីវិត និង​មនុស្ស​ច្រើននាក់ទៀត បាន​រងរបួសក្នុងហេតុការណ៍​គ្រឿងអគ្គីភ័យ ដែលបានកើតឡើង​នៅ​​​រោងចក្រកាត់ដេរសម្លៀកបំពាក់​ឈ្មោះ យីដា (មេនូហ្វេកធីរើ ខូ អិលធីឌី) ស្ថិតនៅភូមិឬស្សីស្រុក ​ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

​ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ហេតុការណ៍គ្រឿងអគ្គីភ័យ​នៅរោងចក្រយីដានេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២៤នេះ ដោយបានបណ្តាលឱ្យកម្មការិនីម្នាក់ ឈ្មោះ សុខ ឆវី អាយុ ៣៣ឆ្នាំ ជនជាតិ​ខ្មែរ បាន​ស្លាប់ និងមានអ្នកជួយពន្លត់អគ្គីភ័យចំនួន ៤នាក់ទៀត មានបញ្ហា​ថប់​ដង្ហើម ត្រូវបាន​រថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុងតាខ្មៅ។

ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការពន្លត់គ្រោះអគ្គីភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យចំនួន ៣០គ្រឿង និងរថយន្តសង្គ្រោះចំនួន ១០គ្រឿង ប៉ុន្តែពុំបានបញ្ជាក់ពីមូល​ហេតុ​នៃការឆេះនេះទេ។

នាយការិយាល័យ​បង្កាពន្លត់អគ្គីភ័យ និងសង្គ្រោះ​នៃស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល លោក ផាន់ វណ្ណី មានប្រសាសន៍ថា មូលហេតុនៃការឆាបឆេះនេះ កើតឡើងដោយសារ​ផ្ទុះ​បំពង់​សារធាតុគីមីលាយព័ណ៌បោកគក់ នៅអគារ​មួយ​ក្នុងរោង​ចក្រ ប៉ុន្តែលោក​​មិនទាន់ដឹងច្បាស់ថាជាសារធាតុគីមីអ្វីឱ្យ​ពិតប្រាកដនៅឡើយ​។ លោកថា ក្រោយហេតុការណ៍នេះ សមត្ថកិច្ចជំនាញនឹង​ធ្វើការស៊ើបអង្កេត និងធ្វើកោសល​វិច្ច័យបន្ថែមទៀត។

បើតាមមន្ត្រីនគរបាលរូបនេះ ហេតុការណ៍គ្រោះអគ្គីភ័យនៅរោង​ចក្រយីដានេះ​ បានបណ្តាល​ឱ្យ​​កម្មការិនី​ម្នាក់​ស្លាប់ និងអ្នក​រងរបួសចំនួន ១៥នាក់។​

លោក ផាន់ វណ្ណី ក៏បានអំពាវនាវ​ដល់កម្មករកម្មការិនី និង​​បណ្តារោង​ចក្រ​ទាំងអស់ ត្រូវបង្កើនការប្រុង​ប្រយ័ត្នចំពោះគ្រោះ​អគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ ក្នុងនោះ​​ត្រូវ​មាន​សម្ភារៈបង្ការ និង​ពន្លត់​​អគ្គីភ័យ ព្រមទាំងទឹកគ្រប់គ្រាន់។ ​

លោកថ្លែងថា៖ «ជាពិសេសប្រធានក្រុមហ៊ុនឱ្យ​​មានការប្រុងប្រយ័ត្ន​ឱ្យ​មែន​ទែន រាល់​ពេល​មានការកើតអគ្គីភ័យ ត្រូវមាន​ឧបករណ៍​ជាសញ្ញា ដើម្បីឱ្យ​​បងប្អូនជាកម្មករអាច​ជម្លៀស[ពីកន្លែង​កើតហេតុ] ដើម្បីឱ្យ​​មានភាពងាយស្រួលជាពិសេស ដូចតាមបណ្តារោងចក្រនីមួយៗ សូមឱ្យ​​មានការ​គ្រប់គ្រងទឹក និង​ការពាររោងចក្រ ឱ្យ​ពួកគាត់បានរៀបចំឱ្យ​​កាន់​តែល្អប្រសើរ ងាយស្រួលក្នុងការពន្លត់អគ្គីភ័យ[…]សូមឱ្យមានការ​ប្រុងប្រយ័ត្ន ជាពិសេសក្នុងរដូវប្រាំង និង​​រដូវរំហើយ​នេះ មុននឹងចាកចេញពីទីតាំងកន្លែងធ្វើការ សូមឱ្យ​​មានការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ»។

ពាក់ព័ន្ធ​នឹងគ្រោះ​អគ្គីភ័យនៅរោង​ចក្រ​យីដានេះដែរ​ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែក​​ជើង និង​ផលិត​​ផ​ល​​ធ្វើដំណើរការ​នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍​បង្ហាញពីការសោក​ស្តាយ និងចូលរួមមរណៈទុក្ខចំពោះការស្លាប់របស់កម្មការិនី សុខ ឆវី ប្រធានផ្នែកនៅ​រោង​ចក្រ​នេះផងដែរ បើទោះជារោង​ចក្រនេះ​ត្រូវបានគេស្គាល់ថា ជារោង​ចក្រ​ដែលមានស្តង់​ដា និងសុវត្ថិការងារ​ខ្ពស់​ក៏ដោយ​។

សមាគមបាន​ក្រើនរំលឹកដល់បណ្តា​រោងចក្រ​ដែលជាសមាជិក​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និងយកចិត្ត​ទុកដាក់​បន្ថែមទៀត​ លើផ្នែកសុវត្ថិភាពឧស្សាហកម្ម ដើម្បីបញ្ចៀស​បាន​នូវ​ឧបទ្ទវហេតុ​ផ្សេងៗ ដែល​អាចនឹង​កើតឡើង​គ្រប់ពេល​វេលា។

យោងតាម​​របាយការណ៍​របស់​នាយកដ្ឋានបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ​នៃអគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ បានបង្ហាញថា ​​ក្នុង​​ឆ្នាំ​២​០​២​៣​ ​​មាន​​គ្រោះអគ្គីភ័យ​កើតឡើងសរុបចំនួន ​៧​៦​១​លើក​ កើនឡើងលើសឆ្នាំ២០២២​ចំនួន ១៤៣លើក ក្នុងនោះបណ្តាល​ឱ្យជនរងគ្រោះ​​ចំនួន ​៥៤នាក់​ បានស្លាប់បាត់បង់ជីវិត និង​៩៧នាក់​ផ្សេងទៀតរងរបួស ហើយផ្ទះ​ចំនួន ៥​៧​៩ខ្នង និងតូប​ចំនួន​៥៧​ ​ព្រមទាំងសម្ភារៈមួយចំនួន​ទៀត ត្រូវ​បាន​បំផ្លាញ​ដោយ​សារគ្រោះអគ្គីភ័យ។

ប្រភពដដែលបន្តថា រាជធានី​ភ្នំពេញ​ មាន​គ្រោះអគ្គីភ័យ​ច្រើន​ជាង​គេ ខណៈ​ខេត្ត​កណ្តាល កំពត​ ​សៀមរាប​ និង​ប៉ៃលិន​ ស្ថិត​​នៅ​ចំណាត់​ថ្នាក់បន្ទាប់។​ ចំណែកមូលហេតុ​នៃគ្រោះអគ្គីភ័យ​វិញ នាយកដ្ឋានបញ្ជាក់ថា បណ្ដាលមកពី​ទុស្សេ​ចរន្តអគ្គិសនី​ជាង ៤០ភាគរយ ​ការ​ច​ម្អិ​ន​ដោយ​​ប្រើ​ឈើ​ ​ធ្យូង​ ​និង​ហ្គា​ស​ ​មានជាង ៤០ភាគរយ និងជាង​ ១​៨​​ភាគរយទៀត ​មិនអាច​ក្តាប់ទិន្នន័យបាន៕