ក្រសួងសុខាភិបាល អំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ឈ្មោះ «Qdenga» ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ក្រោយពីមានបុគ្គលមួយចំនួន បាននិងកំពុងផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងនេះ នៅលើបណ្តាញសង្គម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ឈ្មោះ Qdenga បច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី៣ នៃដំណាក់កាលសិក្សាសរុបទាំង៤ ហើយអង្គការសុខភាពពិភពលោក (WHO) និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំងនេះនៅឡើយដែរ។
ក្រសួងបន្តថា អង្គការ WHO ក៏បានព្រមានអំពីការប្រើប្រាស់ Qdenga ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមកន្លងមកដែរ ហើយវ៉ាក់សាំងនេះដើរតួនាទីជាការចម្លងជំងឺគ្រុនឈាមលើកទី១ ហើយនៅពេលបុគ្គលនេះកើតជំងឺគ្រុនឈាមម្តងទៀត វាក្លាយទៅជាការកើតជំងឺគ្រុនឈាមលើកទី២ ដែលអាចនឹងវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ។
ក្រសួងបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga មិនទាន់ត្រូវបានចុះបញ្ជិការនៅក្នុងប្រទេសកម្ពុជាឡើយ។ ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជន ស្វែងយល់ និងបន្តការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយមធ្យោបាយសមស្រប ដែលមានការអនុញ្ញាតដោយក្រសួងសុខាភិបាល»។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកតាមទីកន្លែងដែលមានទឹកដក់ ដូចជា សំបកកង់ឡាន ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។ ដោយឡែកក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ជាបន្ទាន់។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានទេ។
ចំណែក អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី មានប្រសាសន៍ថា វ៉ាក់សាំង Qdenga នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីប្រសិទ្ធភាព និងហានិភ័យ ឱ្យបានគ្រប់ជ្រុងជ្រោយ ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។ លោកបន្តថា ក្រសួងនឹងស្វែងរកប្រភពផ្សព្វផ្សាយលើបណ្តាញសង្គមដែលផ្សព្វផ្សាយពីការប្រើប្រាស់វ៉ាក់នេះ។
លោកថា៖ «សូមបងប្អូនយើងកុំងាយជឿលើ ការផ្សព្វផ្សាយណា ដែលជាមិនមានការបញ្ជាក់ពីក្រសួងសុខាភិបាល»។
នាយកប្រតិបត្តិគ្លីនីកមិត្តភាពកំពង់ឆ្នាំង និងជាប្រធានផ្នែកផែនការយុទ្ធសាស្ត្រនៃគ្លីនីករួមមិត្តលោកវេជ្ជបណ្ឌិត សុខ រ៉ាផុន ឱ្យដឹងថា សម្រាប់ប្រទេសមួយចំនួន មានការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះជាផ្លូវការ ប៉ុន្តែអង្គការសុខភាពពិភពលោក និងកម្ពុជា មិនទាន់អនុញ្ញាតឱ្យប្រើប្រាស់នោះទេ។
លោកថ្លែងថា៖ «ទោះបីជាប្រទេសជប៉ុនមានការគាំទ្រ ឬក៏ដាក់ចេញឱ្យមានការប្រើប្រាស់ផ្លូវការជាសាធារណៈ ប៉ុន្តែសម្រាប់កម្ពុជា គឺមិនទាន់មានការអនុញ្ញាតពីក្រសួងសុខាភិបាលនៅឡើយទេ ចឹងការមិនទាន់មានការអនុញ្ញាតនេះ មានន័យថា យើងមិនទាន់បានត្រួតពិនិត្យច្បាស់លាស់ថា វ៉ាក់សាំងនេះ ពិតជាមានគុណភាពពិតមែន ឬក៏វ៉ាក់សាំងហ្នឹងពិតជាបានឆ្លើយតបជាមួយជំងឺគ្រុនឈាមឬក៏អត់នោះទេ ហើយអង្គការសុខភាពពិភពលោក ក៏មិនទាន់អនុញ្ញាតឱ្យវ៉ាក់សាំងនេះប្រើជាសាធារណៈទូទាំងពិភពលោកដែរ»។
ជាមួយគ្នានេះដែរ លោកកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ ជំងឺគ្រុនឈាមមានការកើនឡើង ក្រោយពីមានការនាំចូលវ៉ាក់សាំងនេះ។
លោកថា៖ «ចំពោះរឿងនេះ ក៏មានអ្នកជំនាញរបស់ក្រសួងសុខាភិបាល ក៏បានលើកឡើងដែរថាអ្នកដែលនាំវ៉ាក់សាំងចូលមកបើមិនមានការឆ្លើយតប ឬមិនទាន់ដាក់ចូលក្រសួងសុខាភិបាលទេ សូមមានការប្រុងប្រយ័ត្ន ពីព្រោះឆ្នាំនេះឃើញជំងឺគ្រុនឈាមបែរជាកើនឡើងច្រើនលើសពីការមិនទាន់នាំវ៉ាក់សាំងហ្នឹងចូលមកទៀត»។
យោងតាមគេហទំព័រសួស្តីគ្រូពេទ្យ បានលើកឡើងថា ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងដែលមានភ្នាក់ងារចម្លងគឺសត្វមូស (មូសខ្លា) បណ្តាលមកពីមេរោគគ្រុនឈាមចំនួន ៤ប្រភេទ។ ជំងឺនេះ ជាភាសាបច្ចេកទេស ហៅថា “Break-bone” ដែលករណីខ្លះអាចបណ្តាលឱ្យមានការឈឺចាប់ខ្លាំង ឈឺសាច់ដុំ និងមានអារម្មណ៍ដូចឆ្អឹងកំពុងបាក់។ ប្រភពដដែល បន្តថា ជំងឺគ្រុនឈាមកម្រិតមធ្យម បណ្តាលឱ្យយើងគ្រុនក្តៅខ្លាំង កន្ទួល ឈឺសាច់ដុំ និងសន្លាក់ ហើយក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលឱ្យហូរឈាមធ្ងន់ធ្ងរ សម្ពាធឈាមធ្លាក់ចុះភ្លាមៗ និងស្លាប់ទៀតផង។
យោងតាមរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល ឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែកញ្ញា ឬរយៈពេល ៣៥ សប្តាហ៍ ឆ្នាំ២០២៣ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួនជាង ១៩ ០០០ នាក់ ក្នុងនោះមានស្លាប់ ៣៤នាក់ ដែលចំនួននេះកើនឡើង២ដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ កន្លងទៅ៕