ក្រសួងសុខាភិបាល អំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម ឈ្មោះ «Qdenga» ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ក្រោយ​ពី​មាន​​បុគ្គលមួយចំនួន បាននិងកំពុង​​ផ្សព្វផ្សាយ​ឱ្យប្រើប្រាស់វ៉ាក់សាំង​នេះ នៅលើបណ្តាញសង្គម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា វ៉ាក់សាំង​បង្ការជំងឺគ្រុនឈាម ឈ្មោះ Qdenga បច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាល​សិក្សាទី៣ នៃដំណាក់កាលសិក្សាសរុបទាំង៤ ហើយ​​អង្គការសុខភាពពិភពលោក (WHO) និង​នាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំងនេះ​នៅឡើយ​ដែរ។

ក្រសួង​បន្តថា អង្គការ WHO ក៏បានព្រមានអំពីការប្រើប្រាស់ Qdenga ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមកន្លងមកដែរ ហើយវ៉ាក់សាំងនេះដើរតួនាទីជាការចម្លងជំងឺគ្រុនឈាមលើកទី១ ហើយនៅពេលបុគ្គលនេះកើតជំងឺគ្រុនឈាមម្តងទៀត វាក្លាយទៅជាការកើត​ជំងឺគ្រុនឈាមលើកទី២ ដែលអាចនឹងវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ។

ក្រសួងបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga មិនទាន់ត្រូវ​​បាន​ចុះ​បញ្ជិការនៅក្នុងប្រទេសកម្ពុជាឡើយ។ ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជន​ ស្វែងយល់ និងបន្តការ​យកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយមធ្យោបាយ​សម​ស្រប ដែល​មាន​ការអនុញ្ញាតដោយក្រសួងសុខាភិបាល»។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវ​សកម្មចូលរួម​កម្ចាត់ដង្កូវទឹកតាមទីកន្លែង​ដែលមានទឹកដក់ ដូចជា សំបកកង់ឡាន​ ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវ​ត្ថុដក់ទឹកផ្សេងទៀត។ ដោយឡែកក្នុងករណីមានរោគសញ្ញា​ក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាល​នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ​ដែលនៅជិតបំផុត ជាបន្ទាន់។​

Newsroom Cambodia មិនអាច​សុំការអត្ថាធិប្បាយបន្ថែម​​ពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានទេ។

ចំណែក អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី មានប្រសាសន៍ថា វ៉ាក់សាំង Qdenga នៅមិនទាន់​មានការបញ្ជាក់ច្បាស់ពីប្រសិទ្ធភាព និងហានិភ័យ​ ឱ្យបានគ្រប់ជ្រុងជ្រោយ ពីអង្គការសុខភាពពិភពលោកនៅ​ឡើយ​​ទេ។ លោកបន្តថា ក្រសួងនឹងស្វែងរកប្រភពផ្សព្វផ្សាយលើបណ្តាញសង្គមដែលផ្សព្វផ្សាយពីការប្រើប្រាស់វ៉ាក់នេះ។

លោកថា៖ «សូមបងប្អូនយើងកុំងាយជឿលើ ការផ្សព្វផ្សាយណា ដែលជាមិនមានការបញ្ជាក់ពីក្រសួងសុខាភិបាល»។

នាយកប្រតិបត្តិគ្លីនីកមិត្តភាពកំពង់ឆ្នាំង​ និងជាប្រធាន​ផ្នែកផែនការ​យុទ្ធសាស្ត្រ​នៃ​គ្លីនីក​រួមមិត្ត​លោកវេជ្ជបណ្ឌិត សុខ រ៉ាផុន ឱ្យដឹងថា សម្រាប់​​ប្រទេសមួយចំនួន មានការ​​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់​សាំង​នេះ​ជាផ្លូវការ ប៉ុន្តែអង្គការសុខភាពពិភពលោក និង​​កម្ពុជា​ មិនទាន់អនុញ្ញាតឱ្យប្រើប្រាស់​នោះ​ទេ។

លោកថ្លែងថា៖ «ទោះបីជាប្រទេសជប៉ុនមានការគាំទ្រ ឬក៏ដាក់ចេញឱ្យមានការ​ប្រើ​ប្រាស់​ផ្លូវ​ការ​​​ជាសាធារណៈ​ ប៉ុន្តែសម្រាប់​កម្ពុជា ​គឺមិនទាន់​មាន​ការអនុញ្ញាត​​ពីក្រសួង​សុខាភិបាល​នៅឡើយ​ទេ​ ចឹងការ​មិនទាន់​មានការ​អនុញ្ញាត​នេះ​ មានន័យ​ថា ​យើងមិន​ទាន់​បាន​ត្រួត​​ពិនិត្យ​ច្បាស់លាស់​ថា វ៉ាក់​សាំង​នេះ ​ពិតជា​មានគុណ​ភាព​ពិតមែន​​ ឬក៏​វ៉ាក់សាំង​ហ្នឹងពិតជា​បាន​ឆ្លើយ​តប​ជាមួយជំងឺ​គ្រុនឈាម​ឬក៏អត់​នោះទេ ហើយអង្គការ​សុខភាពពិភពលោក ក៏មិនទាន់អនុញ្ញាតឱ្យវ៉ាក់សាំងនេះ​ប្រើជា​​សាធារណៈទូទាំង​ពិភពលោកដែរ​»

ជាមួយគ្នានេះដែរ​ លោក​កត់សម្គាល់ឃើញថា ​មួយ​រយៈចុងក្រោយនេះ ជំងឺគ្រុនឈាម​មាន​ការកើន​ឡើង​ ក្រោយពីមានការនាំចូលវ៉ាក់សាំងនេះ។

លោក​ថា៖ «ចំពោះរឿងនេះ ក៏មានអ្នកជំនាញ​របស់​​ក្រសួងសុខាភិបាល​ ក៏បានលើកឡើងដែរថាអ្នកដែលនាំវ៉ាក់សាំង​ចូលមក​បើមិនមានការឆ្លើយតប​ ឬមិនទាន់ដាក់ចូលក្រសួងសុខាភិបាលទេ សូមមានការប្រុងប្រយ័ត្ន​ ពីព្រោះឆ្នាំនេះ​ឃើញជំងឺគ្រុនឈាមបែរជាកើនឡើង​ច្រើនលើសពីការមិនទាន់នាំវ៉ាក់សាំងហ្នឹងចូល​មកទៀត»។

យោងតាមគេហទំព័រសួស្តីគ្រូពេទ្យ បានលើកឡើងថា ជំងឺគ្រុន​ឈាម គឺ​ជា​ជំងឺឆ្លងដែលមានភ្នាក់​ងារ​ចម្លង​គឺ​សត្វ​មូស (មូស​ខ្លា) បណ្តាល​មក​ពី​មេរោគ​គ្រុន​ឈាម​ចំនួន ៤ប្រភេទ។ ជំងឺ​នេះ​ ជា​ភាសា​​បច្ចេក​​ទេស ហៅ​ថា “Break-bone” ដែល​ករណី​ខ្លះ​អាច​បណ្តាល​ឱ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ឈឺ​​សាច់​ដុំ និង​មាន​អារម្មណ៍​ដូច​ឆ្អឹង​កំពុង​​បាក់។ ប្រភពដដែល​ បន្តថា ​ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម បណ្តាល​ឱ្យ​យើងគ្រុនក្តៅខ្លាំង កន្ទួល ឈឺ​សាច់​ដុំ និង​សន្លាក់ ហើយ​ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​បណ្តាល​ឱ្យ​ហូរ​ឈាម​ធ្ងន់​ធ្ងរ សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ និង​ស្លាប់​ទៀត​ផង។

យោងតាមរបាយការណ៍​របស់​​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាមនៃ​ក្រសួង​សុខាភិ​បាល​ ​ឱ្យដឹង​​ថា គិត​ត្រឹម​ពាក់កណ្តាល​​​ខែកញ្ញា ឬ​​រយៈពេល ​៣៥ ស​ប្តាហ៍ ​ឆ្នាំ​២០២៣ ​កម្ពុ​ជា​មាន​អ្នក​ឆ្លង​ជំងឺ​គ្រុន​ឈាម​ចំនួន​ជាង​ ១៩ ​០០០​ នាក់ ក្នុង​នោះ​មាន​ស្លាប់​ ៣៤នា​ក់ ​ដែល​ចំនួន​នេះ​កើន​ឡើង​២ដង​ បើ​ធៀប​ទៅនឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ២០២២ ​កន្លង​ទៅ៕