គណបក្សកម្លាំងជាតិ ថាដរាបណាតុលាការស្ថិតក្រោមបុគ្គលមានអំណាច មន្ត្រីតុលាការជាមន្ត្រីគណបក្សនយោបាយ នោះតុលាការពិបាកឯករាជ្យ ហើយយុត្តិធម៌សង្គមមិនអាចផ្តល់ជូនជនរងគ្រោះ ខណៈសហជីពមួយចំនួននៅតែមានក្តីសង្ឃឹមថាមានយុត្តិធម៌ ប្រសិនតុលាការ ព្យាយាមដោះស្រាយ។
ការលើកឡើងរបស់គណបក្សក្រៅរដ្ឋាភិបាល និងសហជីពនេះ ធ្វើឡើងស្របពេលដែលពួកគេប្រារព្ធខួប ២០ឆ្នាំនៃករណីឃាតកម្មទៅលើ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ នៅថ្ងៃទី២២ ខែមករា បានលើកឡើងថា ករណីឃាតកម្មលើលោក ជា វិជ្ជា បានកើតឡើង២០ឆ្នាំមកហើយ ប៉ុន្តែឃាតករពិតនៅមិនទាន់វែកមុនយកទៅកាត់ទោសតាមច្បាប់នៅឡើយ។
សេចក្តីថ្លែងការណ៍បន្តថា៖ «ឃាតករពិតប្រាកដ និងអ្នកនៅពីក្រោយខ្នងនៃការសម្លាប់លោក ជា វិជ្ជា លោក ឈុត វុទ្ធី [សកម្មជនការពារបរិស្ថាន] លោកបណ្ឌិត កែម ឡី [អ្នកវិភាគឯករាជ្យ] និងជនរងគ្រោះផ្សេងទៀត អាចត្រូវវែកមុខយកទៅកាត់ទោសតាមច្បាប់ គឺអាស្រ័យទៅលើឯករាជភាពនៃអាជ្ញាធរមានសមត្ថកិច្ច»។
គណបក្សកម្លាំងជាតិបន្តទៀតថា ដរាបណាតុលាការមិនឯករាជ្យ ស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយកាន់អំណាច និងបុគ្គលមានអំណាច នោះយុត្តិធម៌នៅតែមិនអាចផ្តល់ជូនជនរងគ្រោះបានឡើយ។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «តុលាការមិនឯករាជ្យឡើយ ដរាបណាមន្ត្រីតុលាការមិនឯករាជ្យ ដោយសារជាមន្ត្រីនៃគណបក្សនយោបាយ»។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុន្នី មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍ថា មន្ត្រីដែលធ្វើការងារនៅតុលាការ ភាគច្រើនជាសមាជិកបក្សកាន់អំណាច ហើយសម្រាប់ពលរដ្ឋស្លូតត្រង់ និងមិនពាក់ព័ន្ធបក្ស គឺពិបាកទទួលបានយុត្តិធម៌។
លោកថា៖ «លោក ជា វិជ្ជា គាត់រងគ្រោះដោយសារគាត់ចង់បានសេរីភាពឱ្យកម្មករ ចង់កម្មករមានប្រាក់បៀវត្សសមរម្យ ហើយគាត់ធ្វើការតវ៉ាជាមួយនឹងកម្មករ ហើយដល់ពេលឡើងតុលាការអត់មានភាពយុត្តិធម៌»។
លោក ជា មុន្នី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា ផងដែរនោះបន្តថា ដើម្បីរៀបចំឱ្យតុលាការឯករាជ្យ និងប្រព័ន្ធយុត្តិធម៌រីកចម្រើន គឺត្រូវអនុវត្តតាមលទ្ធិប្រជាធិបតេយ្យឱ្យបានត្រឹមត្រូវ និងថ្នាក់ដឹកនាំត្រូវមានឆន្ទៈរៀបចំឱ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ត្រង់មាត្រា ៥១ថ្មី បានចែងថា៖ «អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ»។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ ក៏បានលើកពាក់ព័ន្ធឃាតកម្មលើលោក ជា វិជ្ជា ដែរថា ការជំរុញរបស់រដ្ឋាភិបាល និងតុលាការនៅមានកម្រិត ព្រោះ២០ឆ្នាំហើយ ឃាតករពិតនៅមិនទាន់រកឃើញនៅឡើយ។ ករណីនេះលោកស្រីហាក់មិនមានជំនឿចិត្តលើស្ថាប័នតុលាការទេ ដោយសារការកាត់ក្តីមួយចំនួនអត់មានភាពសុក្រឹត និងយុត្តិធម៌ ហើយពេលខ្លះមានភាពលំអៀងទៅលើអ្នកមានលុយ មានអំណាច ឬនិយោជក។
លោកស្រីបន្ថែមថា៖ «ហេតុអ្វីរឿងទាំងអស់នេះទុកចោលមកដល់រាល់ថ្ងៃ? ហើយរឿងទាំងអស់នេះ ពិនិត្យមើលទៅសុទ្ធតែយូរៗឆ្នាំ ហេតុអ្វីរកឃាតករមិនឃើញ?»។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានផ្តល់ជាយោបល់ថា ដើម្បីឱ្យតុលាការឯករាជ្យ មន្ត្រីតុលាការត្រូវអនុវត្តកិច្ចការងារទៅតាមវិជ្ជាជីវៈរបស់ខ្លួន និងអ្នកមានលុយមានអំណាច កុំលូកដៃគាបសង្កត់មន្ត្រីតុលាការ។
លោកស្រីបន្ថែមថា៖ «បើគាត់ធ្វើការងារឈរលើវិជ្ជាជីវៈរបស់ពួកគាត់ តុលាការខ្លួនមានភាពឯករាជ្យ បន្ទាប់មកមានជំនឿទុកចិត្តពីពលរដ្ឋ ហើយធម្មតាពលរដ្ឋនឹងទៅប្រើសេវាកម្មហ្នឹងបានច្រើន បង្ហាញថាសង្គមរបស់យើងមានសុខសន្តិភាព»។
ប្រធានសហព័ន្ធសហជីពសេរីកម្មករ លោកស្រី ទូច សើ យល់ឃើញស្រដៀងគ្នានេះដែរថា នៅពេលដែលតុលាការឯករាជ្យ នោះនឹងអាចលុបបំបាត់អំពើពុករលួយ និងកាត់បន្ថយនៅភាពអយុត្តិធម៌ក្នុងសង្គម។
លោកស្រីថា៖ «តុលាការ ប្រសិនជាគាត់ស្វែងរកចាប់ខ្លួន ខ្ញុំជឿជាក់ថាអាចធ្វើបាន តែប្រហែលជាចំអស់លោកណា ឬយ៉ាងម៉េចខ្ញុំអត់ដឹងទេ គឺគាត់ស្វែងរកអត់ឃើញ ស្វែងរកចាប់អត់បាន»។
នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ត្រង់មាត្រា ១២៨ថ្មី បានកំណត់ថា «អំណាចតុលាការជាអំណាចឯករាជ្យ។ អំណាចតុលាការ ធានារក្សាអនាគត និងការពារសិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋ។ អំណាចតុលាការគ្របដណ្តបទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។ អំណាចនេះ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជំរះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ឃុន លាងម៉េង បានបដិសេធឆ្លើយតប និងប្រាប់ឱ្យទៅសួរអ្នកនាំពាក្យក្រសួងយុត្តិធម៌វិញ។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល និងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឡើយ។
ចំណែកលោក ឯម សុវណ្ណារ៉ា អ្នកវិភាគបញ្ហាសង្គម និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ធ្លាប់បានលើកឡើងនៅវេទិកាសាធារណៈរបស់អង្គការតម្លាភាពកម្ពុជាពីឯករាជ្យតុលាការថា ការបង្កើតនាយកដ្ឋានរដ្ឋបាលសម្របសម្រួលកិច្ចការរដ្ឋបាលរបស់តុលាការ និងការស្នើតែងតាំងផ្សេងៗរបស់ក្រសួងយុត្តិធម៌ នាំឱ្យតុលាការបាត់ឯករាជ្យភាព។
លោក ឯម សុវណ្ណារ៉ា បានផ្តល់ឧទាហរណ៍មួយថា៖ «ឥណ្ឌូនេស៊ីនៅឆ្នាំ២០០០ជាង គេកែច្បាប់មួយ គេធ្វើឱ្យប្រព័ន្ធតុលាការឯករាជ្យបាន គេប្រគល់វិស័យសម្របសម្រួលរដ្ឋបាលទៅឱ្យវិស័យតុលាការ។ សភាអ្នកបោះឆ្នោតជ្រើសតាំងប្រធានតុលាការកំពូល បន្ទាប់មកប្រធានតុលាការកំពូលចាត់ចែងទាំងអស់»។
បើយោងតាមសន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៣របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក(World Justice Project (WJP) ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបជាងគេខាងការគោរពនីតិរដ្ឋ ដោយស្ថិតនៅលំដាប់លេខ១៤១ក្នុងចំណោម១៤២ប្រទេសនៅលើពិភពលោក។ បើធៀបនឹងសន្ទស្សន៍ឆ្នាំ២០២២ កាលនោះកម្ពុជាទទួលបាន១៣៦ក្នុងចំណោម១៤០ប្រទេស។
ការអង្កេតរបស់គម្រោងយុត្តិធម៌ពិភពលោកដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានវាស់ស្ទង់លើកម្រិតនៃការអនុវត្តតាមគោលការណ៍នីតិរដ្ឋ ដែលពលរដ្ឋនានានៅជុំវិញពិភពលោកជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ការវាយតម្លៃនោះ ផ្អែកទៅលើចំណុចមួយចំនួន ដូចជា ការកម្រិតនៃអំណាចរដ្ឋ អំពើពុករលួយ សិទ្ធិមនុស្ស ការអនុវត្តច្បាប់ ប្រព័ន្ធតុលាការ សណ្តាប់ធ្នាប់និងសន្តិសុខ និងការបើកចំហរបស់រដ្ឋាភិបាលជាដើម។
តែយ៉ាងណា មន្រ្តីរដ្ឋាភិបាលកម្ពុជា ចាត់ទុកការរកឃើញនៅក្នុងរបាយការណ៍នោះ ថាគ្មានភាពច្បាស់លាស់ និងគ្មានតម្លាភាព ដោយសារតែមិនមានការចូលរួមពីរដ្ឋាភិបាល៕