គណបក្សកម្លាំងជាតិ ថាដរាបណាតុលាការស្ថិតក្រោមបុគ្គលមានអំណាច មន្ត្រីតុលាការជា​មន្ត្រី​គណបក្ស​នយោបាយ នោះ​តុលាការពិបាក​​ឯករាជ្យ ហើយយុត្តិធម៌សង្គមមិនអាចផ្តល់​ជូន​​ជ​ន​រង​គ្រោះ​ ខណៈ​សហជីព​​មួយ​ចំនួននៅតែមានក្តីសង្ឃឹមថាមានយុត្តិធម៌ ប្រសិន​តុលាការ​ ​ព្យាយាម​​ដោះ​ស្រាយ។

ការលើកឡើងរបស់គណបក្សក្រៅរដ្ឋាភិបាល​ និង​សហជីពនេះ ធ្វើឡើងស្របពេលដែលពួកគេប្រារព្ធខួប​ ២០ឆ្នាំនៃករណីឃាតកម្មទៅលើ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះ​រាជាណាចក្រកម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ នៅថ្ងៃទី២២ ខែមករា បានលើកឡើងថា ករណីឃាតកម្ម​លើ​លោក ជា វិជ្ជា បានកើតឡើង​២០ឆ្នាំមកហើយ ប៉ុន្តែឃាតករ​ពិតនៅមិនទាន់វែកមុន​យកទៅកាត់ទោស​តាម​ច្បាប់​នៅឡើយ។

សេចក្តីថ្លែងការណ៍បន្តថា៖ «ឃាតករពិតប្រាកដ និងអ្នកនៅពីក្រោយខ្នងនៃការសម្លាប់លោក ជា វិជ្ជា លោក ឈុត វុទ្ធី [សកម្មជនការពារបរិស្ថាន] លោកបណ្ឌិត កែម ឡី [អ្នកវិភាគឯករាជ្យ] និងជនរងគ្រោះផ្សេងទៀត អាចត្រូវវែកមុខយកទៅកាត់ទោស​តាម​ច្បាប់ គឺអាស្រ័យទៅលើឯករាជភាពនៃអាជ្ញាធរមានសមត្ថ​កិច្ច»។

គណបក្សកម្លាំងជាតិបន្តទៀតថា ដរាបណាតុលាការមិន​ឯករាជ្យ ស្ថិតក្រោម​ឥទ្ធិពលអ្នកនយោ​បាយ​​កាន់អំណាច​ និងបុគ្គលមានអំណាច នោះយុត្តិធម៌នៅតែមិនអាចផ្តល់ជូនជនរងគ្រោះ​បានឡើយ។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «តុលាការមិនឯករាជ្យឡើយ ដរាបណាមន្ត្រីតុលាការមិនឯករាជ្យដោយ​សារ​​ជា​​មន្ត្រីនៃគណបក្សនយោបាយ​»

អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុន្នី មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍ថា​ មន្ត្រី​ដែល​​ធ្វើ​កា​រ​ងារ​នៅ​តុលាការ ភាគច្រើនជាសមាជិកបក្ស​កាន់​អំណាច ហើយ​សម្រាប់​ពលរដ្ឋ​ស្លូត​ត្រង់ និង​​មិន​​ពាក់​​ព័ន្ធបក្ស គឺពិបាកទទួលបានយុត្តិធម៌។

លោក​ថា៖ «លោក ជា វិជ្ជា គាត់រងគ្រោះដោយសារគាត់ចង់បានសេរីភាពឱ្យកម្មករ ចង់​កម្មករ​មាន​ប្រាក់​បៀវត្ស​សម​រម្យ ហើយ​​គាត់ធ្វើការតវ៉ាជាមួយនឹង​កម្មករ ហើយដល់ពេលឡើងតុលាការអត់មានភាព​យុត្តិ​ធម៌»

លោក​ ជា មុន្នី ដែលជាប្អូនប្រុស​របស់លោក ជា វិជ្ជា ផងដែរនោះ​បន្ត​ថា ដើម្បី​រៀប​ចំ​ឱ្យ​តុលាការ​ឯក​រាជ្យ និង​ប្រព័ន្ធ​យុត្តិធម៌​រីក​ចម្រើន គឺ​ត្រូវ​​អនុវត្ត​តាម​លទ្ធិ​ប្រជា​ធិប​តេយ្យ​​​ឱ្យ​​បាន​​ត្រឹម​​ត្រូវ និងថ្នាក់ដឹកនាំត្រូវមានឆន្ទៈរៀបចំ​ឱ្យ​មានយុត្តិធម៌​សម្រាប់​ជនរងគ្រោះ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​ឆ្នាំ​១៩៩៣ ត្រង់មាត្រា ៥១ថ្មី បានចែងថា៖ «អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ»។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា​ លោកស្រី យ៉ាង សុភ័ណ្ឌ ក៏បាន​លើក​ពាក់​ព័ន្ធ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ដែរ​​ថា ការជំរុញរបស់រដ្ឋាភិបាល និង​​តុលាការ​នៅមានកម្រិត ព្រោះ២០ឆ្នាំ​ហើយ ឃាតករ​ពិតនៅមិន​​ទាន់​រកឃើញនៅឡើយ​។ ករណីនេះលោកស្រីហាក់មិន​មាន​​​​ជំនឿ​ចិត្ត​លើ​ស្ថាប័ន​​តុលាការ​​​ទេ​​ ដោយ​សារ​​ការ​កាត់​ក្តីមួយចំនួនអត់មានភាពសុក្រឹត និងយុត្តិធម៌ ហើយ​ពេល​​ខ្លះ​​មាន​ភាព​លំអៀង​​ទៅ​លើ​​អ្នក​មាន​លុយ មាន​អំណាច​ ឬនិយោជក។

លោកស្រី​បន្ថែម​ថា៖ «ហេតុ​អ្វី​រឿង​​ទាំង​​អស់​នេះ​ទុ​​ក​ចោល​​មក​ដល់រាល់ថ្ងៃ? ហើយរឿងទាំងអស់នេះ ពិនិត្យ​​មើល​​ទៅសុទ្ធ​តែយូរៗឆ្នាំ ហេតុអ្វីរកឃាតករមិនឃើញ

ប្រធានសម្ព័ន្ធសហជីពកម្ពុជា​​ បានផ្តល់ជាយោបល់ថា ដើម្បីឱ្យតុលាការឯករាជ្យ មន្ត្រីតុលាការត្រូវ​​អនុវត្ត​កិច្ច​​​ការ​ងារ​​ទៅ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន និង​អ្នក​មានលុយ​មាន​​អំណាច ​កុំលូក​ដៃ​គាប​សង្កត់​មន្ត្រី​តុលា​ការ។

លោក​ស្រី​បន្ថែម​ថា៖ «បើគាត់ធ្វើការងារឈរលើវិជ្ជាជីវៈរបស់ពួក​​គាត់ តុលាការខ្លួនមានភាពឯករាជ្យ បន្ទាប់​​​មក​មាន​ជំនឿទុកចិត្តពីពលរដ្ឋ ហើយធម្មតាពលរដ្ឋនឹងទៅប្រើសេវាកម្មហ្នឹង​បាន​ច្រើន បង្ហាញ​ថា​សង្គម​របស់​យើង​មាន​សុខ​សន្តិភាព»

ប្រធានសហព័ន្ធសហជីពសេរី​កម្មករ លោក​ស្រី ទូច សើ យល់​ឃើញស្រដៀងគ្នានេះដែរ​​​ថា នៅពេល​ដែល​​​តុលាការ​​​ឯក​រាជ្យ នោះនឹងអាច​លុប​បំបាត់​​​​​អំពើ​​​​ពុក​​​​រលួយ និង​កាត់បន្ថយនៅភាព​អយុត្តិធម៌ក្នុងសង្គម។

លោក​​ស្រី​​ថា​៖ «តុលាការ ប្រសិន​ជាគា​ត់​ស្វែងរកចាប់ខ្លួន ខ្ញុំជឿជាក់ថាអាចធ្វើបានតែប្រហែលជាចំ​អស់​លោក​​ណា ឬ​យ៉ាង​ម៉េច​​ខ្ញុំអត់ដឹង​ទេ គឺគាត់ស្វែងរកអត់ឃើញ ស្វែងរកចាប់អត់បាន​»

នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ត្រង់មាត្រា ១២៨ថ្មី បានកំណត់ថា «អំណាចតុលាការជាអំណាចឯករាជ្យ។ អំណាចតុលាការ ធានារក្សាអនាគត និងការពារសិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋ។ អំណាចតុលាការ​គ្របដណ្តបទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។ អំណាចនេះ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជំរះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់»។

​អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ​ លោក ឃុន លាងម៉េង បានបដិសេធឆ្លើយតប​​ និង​ប្រាប់​ឱ្យទៅសួរអ្នកនាំពាក្យក្រសួងយុត្តិធម៌វិញ។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល និង​លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលា​ដំបូងរាជធានី​ភ្នំពេញបានឡើយ។

​ចំណែក​លោក ឯម សុវណ្ណារ៉ា អ្នកវិភាគបញ្ហាសង្គម និងជាសាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ​ ធ្លាប់​បាន​លើក​ឡើង​នៅវេទិកាសាធារណៈរបស់អង្គការតម្លាភាពកម្ពុជាពី​ឯករាជ្យ​​តុលាការ​​ថា​ ការ​បង្កើត​នាយកដ្ឋាន​​រដ្ឋ​បាល​​​សម្របសម្រួលកិច្ចការរដ្ឋបាលរបស់តុលាការ និង​ការស្នើ​តែង​តាំង​​ផ្សេងៗ​​របស់ក្រសួង​យុត្តិធម៌ ​នាំ​ឱ្យ​តុលាការបាត់ឯករាជ្យភាព។

លោក ឯម សុវណ្ណារ៉ា បានផ្តល់ឧទាហរណ៍មួយថា​៖ «ឥណ្ឌូនេស៊ីនៅឆ្នាំ២០០០ជាង គេកែច្បាប់មួយ គេធ្វើឱ្យប្រព័ន្ធតុលាការឯករាជ្យបាន គេប្រគល់វិស័យសម្របសម្រួលរដ្ឋបាលទៅឱ្យវិស័យ​​​តុលាការ សភាអ្នកបោះ​​ឆ្នោតជ្រើស​តាំងប្រធានតុលាការកំពូល បន្ទាប់មកប្រធានតុលាការកំពូលចាត់ចែងទាំងអស់»

បើ​យោង​តាម​សន្ទស្សន៍​នីតិរដ្ឋ​ឆ្នាំ​២០២៣​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភព​លោក​(World Justice Project (WJP) ដែល​បាន​ចេ​ញ​ផ្សាយកាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២៣​ បានលើកឡើ​ងថា ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​ខាង​ការ​គោរព​នីតិ​រដ្ឋ ដោយ​ស្ថិត​នៅ​លំដាប់​លេខ​១៤១​ក្នុង​ចំណោម​១៤២​ប្រទេស​នៅ​លើ​ពិភព​លោក។ បើ​ធៀប​នឹង​សន្ទ​ស្សន៍​ឆ្នាំ​២០២២ កាល​នោះ​កម្ពុជា​ទទួល​បាន​១៣៦​ក្នុង​ចំណោម​១៤០​ប្រទេស។

ការ​អង្កេត​របស់​គម្រោង​យុត្តិធម៌​ពិភព​លោក​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ​បាន​វាស់​ស្ទង់​លើ​កម្រិត​នៃ​ការ​អនុវត្ត​តាម​គោល​ការណ៍​នីតិរដ្ឋ ដែល​​ពលរដ្ឋ​នានា​នៅ​ជុំ​វិញ​ពិភព​លោក​ជួប​ប្រទះ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ ការ​វាយ​តម្លៃ​នោះ​ ផ្អែក​​ទៅ​លើ​​ចំណុច​មួយ​ចំនួន ដូចជា​ ការ​កម្រិត​នៃ​អំណាច​រដ្ឋ អំពើ​ពុក​រលួយ សិទ្ធិ​មនុស្ស ការ​អនុវត្ត​ច្បាប់ ប្រព័ន្ធ​តុលា​ការ​ សណ្តាប់​ធ្នាប់​និង​សន្តិសុខ​ និង​ការ​បើក​ចំហ​របស់​រដ្ឋាភិបាល​ជា​ដើម។

តែយ៉ាងណា មន្រ្តីរដ្ឋាភិបាល​កម្ពុជា ​​ចាត់​ទុក​ការ​រក​ឃើញ​នៅ​ក្នុង​របាយ​ការណ៍​នោះ​ ថា​គ្មាន​ភាព​​ច្បាស់​លាស់​ និង​គ្មានត​ម្លា​​ភាព​ ដោយ​សារ​តែ​មិន​មាន​ការ​ចូលរួម​ពី​រដ្ឋា​ភិបាល៕