ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹង ប្តឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយស្នើឱ្យតុលាការចាត់ការទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំនួន ២ពាន់លានរៀល ឬស្មើប្រមាណ ៥សែនដុល្លារអាមេរិក។
យោងតាមពាក្យបណ្តឹងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដាក់ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ស៊ឹង សែនករុណា បានថ្លែងតាមរយៈសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលមានខ្លឹមសារស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិតថា គណបក្សប្រជាជនកម្ពុជា «…ប្រើប្រព័ន្ធតុលាការមកដោះស្រាយ…» និង «…តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន…»ព្រមទាំងប្រើប្រាស់ «…វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន…»។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានបន្តក្នុងបណ្តឹងទៀតថា ពាក្យពេចន៍អះអាងបំផ្លើសរបស់ឈ្មោះ ស៊ឹង សែនករុណា នេះជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងពាក្យបណ្តឹងដដែល បញ្ជាក់ថា៖ «ការប្រព្រឹត្តរបស់បុគ្គលរូបនេះ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ»។
ក្នុងបណ្តឹងនោះ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានស្នើដល់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ ស៊ឹង សែនករុណា តាមច្បាប់ និងនីតិវិធីជាធរមាន ព្រមទាំងទាមទារសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំនួន ២ ០០០ ០០០ ០០០ (ពីរពាន់លាន)រៀល។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា លោក សាំង វណ្ណៈ បានទេ។
ចំណែក ប្រធានក្រុមមេធាវីរដ្ឋាភិបាល លោក គី តិច បានលើកឡើងថា៖ «ក្រុមមេធាវីរបស់គណបក្ស[ប្រជាជនកម្ពុជា] បានសិក្សា និងមានមូលដ្ឋានគ្រប់គ្រាន់តាមផ្លូវច្បាប់ ក្នុងការប្តឹង»។
កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោក បានណែនាំទៅមេធាវីតំណាងគណបក្សនេះ សិក្សាផ្លូវច្បាប់ក្នុងការប្តឹង លោក ស៊ឹង សែនករុណា ក្រោមហេតុផលថាបានប្រមាថទៅលើគណបក្សប្រជាជនកម្ពុជា។
លោកបានលើកឡើងក្នុងទំព័រហ្វេសប៊ុកថា៖ «គ្មានការយោគយល់ណា សម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំ តើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ? ក្នុងការចុះផ្សាយ ក៏មានការនិយាយដោយ ស៊ឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀត ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនផ្តល់ឱកាសសម្រាប់មនុស្សណាក៏ដោយ ប្រមាថមើលងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៌សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)»។
ពាក់ព័ន្ធនឹងករណីនេះ លោក ស៊ឹង សែនករុណា បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃចន្ទនេះថា ការនិយាយរបស់លោកក្នុងសារព័ត៌មាននោះ គឺពឹងផ្អែកលើគោលការណ៍សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបានសំដៅដល់គណបក្សនយោបាយណាមួយនោះទេ។
លោកបន្តថា៖ «បេសកម្ម សកម្មភាព និងការផ្តល់បទសម្ភាសន៍របស់ខ្ញុំ ក្នុងបំណងពង្រឹងការគោរពសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយនោះទេ ហើយក៏គ្មានចេតនាណាមួយវាយប្រហារបក្សនយោបាយណាមួយឡើយ»។
លោកបន្ថែមថា៖ «រាល់ការសម្រង់សម្តីរបស់ខ្ញុំ ទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើឈ្មោះបក្សនយោបាយណាមួយនោះ វាមិនមែនជាចេតនា និងគោលបំណងរបស់ខ្ញុំនោះទេ ដូច្នេះខ្ញុំមិនទទួលស្គាល់ឡើយ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការសោកស្តាយ ក្រោយទទួលបានព័ត៌មាននេះ។
លោកបន្តថា៖ «តែទោះជាយ៉ាងណា ខ្ញុំកត់សម្គាល់ឃើញថា វាអាចថាការដកស្រង់សម្តីរបស់លោក ស៊ឹង សែនករុណា នៅក្នុងសារព័ត៌មានហ្នឹងអាចដកស្រង់ខ្លីពេក ដែលអាចធ្វើឱ្យមានការភ័ន្តច្រឡំទៅលើអត្ថន័យរឿងហ្នឹង[…]លោក ករុណា ជាង២០ឆ្នាំហើយដែលលោកធ្វើការលើវិស័យសិទ្ធិមនុស្ស គាត់តែងតែផ្តល់នូវបទសម្ភាសន៍ទៅដល់សារព័ត៌មាន និងក្នុងកម្មវិធីផ្សេងៗ ក្នុងន័យដើម្បីលើកកម្ពស់ទៅលើបញ្ហាសិទ្ធិមនុស្ស បញ្ហាបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ ដីធ្លី និងជនរងគ្រោះផ្សេងៗទៀត ដោយសារការរំលោភសិទ្ធិមនុស្ស»។
ក្នុងនាមជាមន្ត្រីសង្គមស៊ីវិល លោក អំ សំអាត នៅតែបន្តបង្ហាញពីជំហរនៃការគាំទ្រការបញ្ចេញមតិដែលស្របទៅតាមគោលការណ៍ពេញលេញនៃលទ្ធិប្រជាធិបតេយ្យ ដើម្បីជាការរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
លោកថា៖ «អង្គការសិទ្ធិមនុស្សនៅតែបន្តគាំទ្រក្នុងការបញ្ចេញមតិដែលប្រកបដោយក្រមសីលធម៌ ក្នុងន័យរិះគន់ដើម្បីស្ថាបនា និងការកែលម្អ ជាពិសេសការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ការរិះគន់ដើម្បីស្ថាបនា ការបញ្ចេញមតិដើម្បីចូលរួបចំណែកក្នុងការអនុវត្តប្រទេសវាជារឿងសំខាន់»៕