ក្រុមមេធាវីតំណាង​គណបក្សប្រជាជនកម្ពុជា បាន​ដាក់ពាក្យបណ្តឹង ប្តឹង​លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក ទៅ​​កាន់​សាលាដំបូងរាជធានីភ្នំពេញ ដោយ​​ស្នើឱ្យ​តុលាការ​ចាត់ការ​​ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តជូនគណបក្សប្រជាជន​កម្ពុជា ចំនួន ២ពាន់លានរៀល ឬស្មើប្រមាណ ៥សែនដុល្លារអាមេរិក។

យោងតាមពាក្យ​បណ្តឹងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដាក់ទៅព្រះរាជអាជ្ញានៃ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ស៊ឹង សែនករុណា បាន​ថ្លែងតាមរយៈសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលមានខ្លឹមសារស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិតថា គណបក្សប្រជាជនកម្ពុជា «…ប្រើប្រព័ន្ធតុលាការ​មកដោះស្រាយ…» និង «…តែងតែយកតុលាការ​មកធ្វើជារបាំងក្នុង​ការគាបសង្កត់ដៃគូនយោបាយ​ប្រឆាំងរបស់ខ្លួន…»ព្រមទាំងប្រើប្រាស់ «…វប្បធម៌គំរាមកំហែង​ដៃគូនយោបាយរបស់ខ្លួន…»។

មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានបន្តក្នុងបណ្តឹងទៀតថា ពាក្យពេចន៍អះអាងបំផ្លើសរបស់ឈ្មោះ ស៊ឹង សែនករុណា នេះ​ជាអំពើទុច្ច​រិត ក្នុងចេតនាទម្លាក់កំហុស​ដោយ​អសុទ្ធ​ចិត្ត​ និង​មូលបង្កាច់ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់​កិត្តិយស​របស់គណបក្សប្រជាជនកម្ពុជា។

ក្នុងពាក្យបណ្តឹងដដែល បញ្ជាក់ថា៖ «ការប្រព្រឹត្តរបស់បុគ្គលរូបនេះ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យ​មាន​ការ​ស្អប់ រើស​អើង​ចំពោះគណបក្សប្រជាជនកម្ពុជា និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ»។

ក្នុងបណ្តឹងនោះ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានស្នើដល់ព្រះរាជអាជ្ញានៃអយ្យ​ការ​អមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោស​​​លើ​​ឈ្មោះ ស៊ឹង សែនករុណា តាមច្បាប់ និងនីតិវិធីជាធរមាន ព្រមទាំងទាមទារសំណង​ជំងឺចិត្ត​ជូនគណបក្សប្រជាជនកម្ពុជា ចំនួន ២ ០០០ ០០០ ០០០ (ពីរពាន់លាន)រៀល។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីមេធាវីតំណាង​គណបក្សប្រជាជនកម្ពុជា លោក សាំង វណ្ណៈ បានទេ។

ចំណែក ប្រធានក្រុមមេធាវីរដ្ឋាភិបាល លោក គី តិច បានលើកឡើងថា៖ «ក្រុមមេធាវីរបស់គណបក្ស[ប្រជាជនកម្ពុជា] បានសិក្សា និងមានមូលដ្ឋានគ្រប់គ្រាន់តាមផ្លូវច្បាប់ ក្នុងការប្តឹង»

កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក​ ហ៊ុន សែន តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោក បានណែនាំ​ទៅ​មេធាវីតំណាង​​គណបក្សនេះ សិក្សាផ្លូវច្បាប់ក្នុងការ​​ប្តឹង លោក ស៊ឹង សែនករុណា ក្រោម​ហេតុ​ផល​ថាបា​ន​​ប្រមាថ​ទៅ​លើគណបក្សប្រជាជនកម្ពុជា។

លោក​បាន​លើកឡើងក្នុងទំព័រហ្វេសប៊ុក​ថា៖ «គ្មាន​ការ​យោគយល់ណា សម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំ តើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ? ក្នុង​​ការចុះផ្សាយ ក៏មានការនិយាយដោយ ស៊ឹង សែន​ករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀត ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិន​ផ្តល់​ឱកាស​សម្រាប់​មនុស្ស​ណា​ក៏ដោយ ប្រមាថមើលងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៌សម្រាប់ខ្លួនយើងតាម​ផ្លូវតុលាការ។ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)»។

ពាក់ព័ន្ធនឹងករណីនេះ លោក ស៊ឹង សែនករុណា បានបង្ហោះសារមួយនៅលើទំព័រហ្វេស​ប៊ុក​របស់លោក នៅថ្ងៃចន្ទនេះថា ការ​និយាយ​របស់លោកក្នុងសារព័ត៌មាននោះ ​គឺ​ពឹងផ្អែក​លើ​គោលកា​រណ៍​សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបានសំដៅ​ដល់​គណបក្សនយោបាយណាមួយនោះទេ។

លោកបន្ត​ថា៖ «បេសកម្ម សកម្មភាព និងការផ្តល់បទសម្ភាសន៍របស់ខ្ញុំ ក្នុងបំណងពង្រឹងការគោរពសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយនោះទេ ហើយក៏គ្មានចេតនាណាមួយវាយប្រហារបក្សនយោបាយណាមួយឡើយ»។

លោក​បន្ថែមថា៖ «រាល់ការសម្រង់សម្តីរបស់ខ្ញុំ ទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើឈ្មោះបក្សនយោបាយណាមួយនោះ វាមិនមែនជាចេតនា និងគោលបំណងរបស់ខ្ញុំនោះទេ ដូច្នេះខ្ញុំមិនទទួលស្គាល់ឡើយ»។

​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បង្ហាញការសោក​ស្តាយ​ ក្រោយទទួលបានព័ត៌មាន​នេះ។

លោកបន្ត​ថា៖ «តែទោះជាយ៉ាងណា ខ្ញុំកត់សម្គាល់ឃើញថា វាអាចថាការដកស្រង់សម្តីរបស់លោក ស៊ឹង សែនករុណា នៅក្នុងសារព័ត៌មានហ្នឹងអាចដកស្រង់ខ្លីពេក ដែលអាចធ្វើឱ្យ​មានការភ័ន្តច្រឡំទៅលើអត្ថន័យរឿងហ្នឹង[…]លោក ករុណា ជាង២០ឆ្នាំហើយដែលលោកធ្វើការលើវិស័យសិទ្ធិមនុស្ស គាត់តែងតែផ្តល់នូវបទសម្ភាសន៍ទៅដល់សារព័ត៌មាន និងក្នុងកម្មវិធីផ្សេងៗ ក្នុងន័យដើម្បី​លើកកម្ពស់ទៅលើបញ្ហាសិទ្ធិមនុស្ស បញ្ហាបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ ដីធ្លី និងជនរងគ្រោះផ្សេងៗទៀត ដោយសារការរំលោភសិទ្ធិមនុស្ស»។

ក្នុងនាមជាមន្ត្រីសង្គមស៊ីវិល លោក អំ សំអាត នៅតែបន្តបង្ហាញពីជំហរនៃការគាំទ្រការបញ្ចេញ​មតិដែល​ស្របទៅតាមគោលការណ៍ពេញលេញនៃលទ្ធិប្រជាធិបតេយ្យ ដើម្បីជាការ​រួមចំណែកនៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។​

លោកថា៖ «អង្គការសិទ្ធិមនុស្សនៅតែបន្តគាំទ្រក្នុងការបញ្ចេញមតិដែលប្រកបដោយក្រមសីលធម៌ ក្នុងន័​យរិះគន់ដើម្បីស្ថាបនា និងការកែលម្អ ជាពិសេសការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងប្រទេសប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ ការរិះគន់ដើម្បីស្ថាបនា ការបញ្ចេញមតិដើម្បីចូលរួបចំណែកក្នុងការអនុវត្តប្រទេសវាជារឿងសំខាន់»៕