សកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រៃឈើនៅក្នុងខេត្តនេះ នៅតែបន្តរងការកាប់បំផ្លាញពីជនមិនស្គាល់មុខ ខណៈ USAID មរតកបៃតង បានចេញរបាយការណ៍ឆ្នាំ២០២៣ ថាបានស្តារគម្របព្រៃឈើជាង ២៥ហិកតា នៅខេត្តមណ្ឌលគិរី។
លោក ក្រើង តុលា ជាជនជាតិដើមភាគតិចព្នង (ពូនង) រស់នៅខេត្តមណ្ឌលគិរី មានប្រសាសន៍ថា គម្រោងស្ដារព្រៃឈើឡើងវិញនេះ គឺជារឿងល្អ ប៉ុន្តែលោកមើលឃើញថា នៅតែមិនអាចទាន់ទៅរួចនោះទេ។
លោកមានប្រសាសន៍ថា៖ « ដោយសារតែសម្រាប់ផែនការគាត់សរសេរបាន ប៉ុន្តែការអនុវត្តអត់បាន ព្រោះបទល្មើសព្រៃឈើកើនឡើង ម្យ៉ាងប្រជាពលរដ្ឋកើនឡើង តម្រូវការដើម្បីជីវិភាពធ្វើស្រែចម្ការ តម្រូវការដើម្បីសេដ្ឋកិច្ចក្នុងគ្រួសារ គឺចេញពីស្រែចំការទាំងអស់ ដើម្បីបានដីចម្ការ គឺត្រូវកាប់ព្រៃដើម្បីដាំដុះជាដើម» ។
បើតាមពលរដ្ឋម្នាក់នេះ ពាក់ព័ន្ធបទល្មើសព្រៃឈើ ជាទូទៅគឺច្រើនកើតនៅតំបន់ ដូចជា ដែនជម្រកសត្វព្រៃភ្នំណាំលៀរ ភ្នំពេ្រច ស្រែពក កែវសីមា លំផាត់ និងតំបន់ខ្លះទៀតមានតែឈ្មោះ ប៉ុន្តែមិនមានព្រៃទៀតនោះទេ នៅសល់តែនៅលើកំពូលភ្នំដែលគេមិនអាចទៅកាប់ឈើបានប៉ុណ្ណោះ។
ប្រធានបណ្តាញជនជាតិដើមភាគតិចពូនង នៅខេត្តមណ្ឌលគិរី អ្នកស្រី ភ្លឹក ភីរម្យ លើកឡើងថាការស្តារគម្របព្រៃឈើនេះជាការល្អ តែសុំឱ្យកុំស្តារលើដីចំការរបស់ប្រជាពលរដ្ឋ។ អ្នកស្រីបន្តថា ការស្តារព្រៃឈើចំនួន ២៥ហិកតា ក្នុងឆ្នាំ២០២៣ នៅមិនទាន់អាចទប់ទល់នឹងការឈូសឆាយពីសំណាក់ក្រុមហ៊ុនដែលបានឈូសឆាយរាប់ពាន់ហិចតានោះទេ។
អ្នកស្រីថ្លែងថា៖ «នៅក្នុងខេត្តមណ្ឌលគិរី មិនបាច់ដាំក៏បានដែរ សំខាន់ឱ្យតែយើងការពារ ដើមឈើវាដុះខ្លួនឯងហើយ មិនបាច់ចំណាយលុយលើការដាំដើមឈើទេ ឱ្យតែយើងមិនកាប់ មិនឈូស មិនឆាយ សែនគង់ ខ្ញុំឃើញគ្រាន់តែការដាំកូនឈើខ្ញុំឃើញរដ្ឋអស់លុយជាច្រើន»។
ប្រជាកសិកររស់នៅខេត្តមណ្ឌលគិរី លោក មើល ងែវ បានកត់សម្គាល់ឃើញថា ព្រៃឈើនៅខេត្តមណ្ឌលគិរី កាន់តែមានតិចទៅៗ ដោយសារតែមានក្រុមហ៊ុនចូលទៅអភិវឌ្ឍន៍ ដែលធ្វើឱ្យប៉ះពាល់ដល់គម្របព្រៃឈើ។ លោកសំណូមពរឱ្យមានការដាំដើមឈើឡើងវិញនៅកន្លែងដែលត្រូវដាំ ដូចជាដើមប្រើស ឬដើមធំៗ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយទស្សនា ដូចជាដើមក្រញូង បេង នាងនួនជាដើម ។
លោកថ្លែងថា៖ «បើក្រុមហ៊ុនចូលមកចឹង ព្រៃឈើវាអស់ទៅៗ ក្រុមហ៊ុនគេធ្វើចម្ការ ដូចជា ដាំកៅស៊ូ ឬកាហ្វេ […] ពីមុនមានដើមឈើធម្មជាតិ ដល់តែពេលគេឈូសឆាយទៅគេដាំដើមកៅស៊ូអីចឹង ព្រៃឈើយើងចេះតែបាត់បង់ ចម្ការជាក់ស្តែងដែលគេយកអស់ហ្នឹង បងប្អូនរកកន្លែងផ្សេងទៀត ព្រៃឈើកាន់តែបាត់បង់ទៅ»។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ USAID មរតកបៃតង បានចេញរបាយការណ៍ថា នៅឆ្នាំ២០២៣ កន្លងទៅនេះ ព្រៃឈើជាង ២៥ ហិកតា ត្រូវបានដាំស្តារឡើងវិញ នៅខេត្តមណ្ឌលគិរីដើម្បីលើកកម្ពស់ការយល់ដឹង និងកៀរគរការគាំទ្រពីប្រជាពលរដ្ឋជាង ៦០០នាក់ ដើម្បីចូលរួមក្នុងការដាំដើមឈើ ថែរក្សា និងលើកកម្ពស់ការដាំដើមឈើឡើងវិញនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។
ប្រភពដដែលបន្តថា ក្នុងការអនុវត្តគម្រោងនៃការស្តារព្រៃឈើឡើងវិញនេះ ជាផ្នែកមួយ នៃផែនការយុទ្ធសាស្ត្រជាតិ ស្តីពី បរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា USAID មរតកបៃតង និងអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងបរិស្ថាន បានសម្រេចការស្តារគម្របព្រៃឈើឡើងវិញបានចំនួន ២៥,៤៤ហិកតា ជាមួយនឹងកូនឈើចំនួន ២៧ ១២៥ដើម ត្រូវបានចែកចាយ និងដាំនៅទីតាំងសំខាន់ៗចំនួន៥ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពដដែលបន្ថែមថា សកម្មភាពស្តារគម្របព្រៃឈើឡើងវិញទាំងនេះ គឺជាផ្នែកមួយនៃគម្រោងដាំដើមឈើឡើងវិញរយៈពេល ៤ឆ្នាំ (២០២២-២០២៥) ដែលជាគំនិតផ្តួចផ្តើមចេញពីគម្រោងរេដបូកកែវសីមា ហើយគោលដៅចម្បង គឺដើម្បីស្តារ និងពង្រឹងគម្របព្រៃឈើលើផ្ទៃដី ១ ០០០ហិកតា ដោយប្រើប្រភេទឈើក្នុងស្រុក ដើម្បីស្ដារព្រៃ និងស្តារស្រទាប់ដីដែលរិចរិលខូចគុណភាពឡើងវិញ។
គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ និងលោក ខ្វៃ អាទិត្យា ព្រមទាំងអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានទេ។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្តាញយុវជនកម្ពុជា លោក អួត ឡាទីន លើកឡើងថា យន្តការនេះ គឺល្អដែលឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៅក្នុងការស្តារគម្របព្រៃឈើឡើងមកវិញ។ លោកក៏បានស្នើឱ្យមានការអនុវត្តច្បាប់ពេញលេញទៅលើជនល្មើសដែលកាប់បំផ្លាញព្រៃឈើ។
លោកថ្លែងថា៖ «ទន្ទឹមនឹងការស្តារគម្របព្រៃឈើ ព្រៃឈើដែលកំពុងមានបច្ចុប្បន្ននេះ ក៏កំពុងតែស្ថិតនៅក្នុងស្ថានភាពរងគ្រោះ ស្ថានភាពហានិភ័យកម្រិតធ្ងន់ធ្ងរដែរ ខ្ញុំយល់ថា ប្រសិនបើមានផែនការនៅក្នុងការស្តារព្រៃឈើ ក្នុងរយៈពេលខ្លី គួរណាតែផ្តល់សិទ្ធអំណាចដល់សហគមន៍ទាំងអស់គ្នា ឱ្យគាត់អាចចូលរួមក្នុងដំណើរការនៃកិច្ចការព្រៃឈើឱ្យបានល្អប្រសើរ»។
លោកស្នើឱ្យរដ្ឋាភិបាលអនុវត្តយន្តការច្បាប់ ១០០% ដោយមិនមានការលើកលែងចំពោះបទល្មើសធនធានធម្មជាតិគ្រប់ទម្រង់ ជាពិសេសបទល្មើសនៅក្នុងតំបន់ធនធានធម្មជាតិ៕