ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺផ្តាសាយថ្មី ទៅលើក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ទៀត រស់នៅភូមិកាបូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលត្រូវជាបងប្រុសរបស់កុមារាម្នាក់ដែលបានស្លាប់ដោយសារជំងឺនេះកាលពីពេលថ្មីៗនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា ក្មេងប្រុសអាយុ១៦ឆ្នាំរូបនេះ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទH5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយក្មេងប្រុសរូបនេះមិនមានរោគសញ្ញាផ្លូវដង្ហើមទេ និងត្រូវជាបងប្រុសរបស់កុមារា អាយុ ៨ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយជំងឺផ្តាសាយបក្សី។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិកើតហេតុ។
ក្រសួងសុខាភិបាល បន្តថា ប្រសិនបើប្រជាពលរដ្ឋមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយសត្វមាន់ទាឈឺឬស្លាប់ ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា។
បើតាមក្រសួងសុខាភិបាល ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមរយៈការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្ស ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី មានប្រសាសន៍ថា ជំងឺផ្តាសាយបក្សី ដូចជាជំងឺផ្តាសាយផ្សេងៗ ហើយជំងឺនេះមិនទាន់ជាចំណោទនាំឱ្យប្រជាពលរដ្ឋទាំងអស់គ្នា មានការបារម្ភនោះទេ។
លោកបន្ថែមថា៖ «អត់ទាន់មានច្រើនទេ ជំងឺនេះ យើងធ្លាប់ផ្ទុះម្តងនៅឆ្នាំ២០០៥ ឥឡូវរកឃើញប៉ុន្មានករណីមកវិញ សរុបពីដើមឆ្នាំមក គឺមិនទាន់មានចំនួនច្រើន បើគិតទៅ មិនទាន់បាន៥០ករណីផង ពីព្រោះយើងនៅគ្រប់គ្រងកិច្ចការនេះបាននៅឡើយទេ»។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន មានប្រសាសន៍ថា ករណីនេះ ក្រុមអន្តរាគមន៍របស់ក្រសួងនិងមន្ទីរសុខាភិបាល បានចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋក្នុងខេត្តរួចរាល់ហើយ។ លោកបន្តថា រដ្ឋបាលខេត្ត ក៏បានចេញសេចក្តីណែនាំស្តីពីការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី (H5N1) នៅក្នុងភូមិសាស្ត្រខេត្តក្រចេះផងដែរ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី លើកឡើងថា ជំងឺផ្តាសាយបក្សីនេះ បានផ្ទុះឡើង ប្រមាណជាជិត១០ឆ្នាំមុន ដែលធ្វើឱ្យមនុស្សគ្រប់គ្នាបារម្ភ។
លោកបានបន្ថែមថា៖ «បក្សីងាប់ ឬមាន់ងាប់ អត់ត្រូវយកទៅបរិភោគទេ ខ្លាចប៉ះពាល់ ក៏ប៉ុន្តែជំងឺផ្តាសាយបក្សីនេះ វាក៏កើតតាំងពីផែនដីកកើតដំបូងម្លេះ គេហៅជំងឺមាន់ដង្កោរែក ខែហ្នឹងសំបូហើយខែក្តៅ»។
គួររម្លឹកថា ចាប់តាំងពីដើមឆ្នាំ២០២៣ មក កម្ពុជា បានរកឃើញករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីចំនួន ៤ករណី ក្នុងនោះករណីទី១ កើតលើក្មេងស្រីអាយុ១១ឆ្នាំក្នុងខេត្តកណ្តាល ករណីទី២ កើតលើក្មេងស្រីអាយុ ២ឆ្នាំក្នុងខេត្តព្រៃវែង ករណីទី៣ កើតលើបុរសអាយុ ៥០ឆ្នាំក្នុងខេត្តព្រៃវែង និងករណីចុងក្រោយនៅដើមឆ្នាំ២០២៤នេះ កើតលើក្មេងប្រុសអាយុ៩ឆ្នាំក្នុងខេត្តក្រចេះ ដែលត្រូវជាប្អូនក្មេងអាយុ១៦ឆ្នាំដែលទើបតែរកឃើញនេះ។
បើគិតក្នុងករណីស្លាប់ចុងក្រោយនេះ កម្ពុជាបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1សរុបចំនួន៥៩ករណី ឆ្លងលើមនុស្ស ក្នុងនោះមានស្លាប់ចំនួន ៤០នាក់ គិតតាំងពីឆ្នាំ២០០៥ ដែលកម្ពុជារកឃើញករណីឆ្លងដំបូង៕