ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺផ្តាសាយ​ថ្មី​ ទៅលើ​ក្មេង​ប្រុស​អាយុ ១៦ឆ្នាំម្នាក់ទៀត រស់​នៅភូមិកាបូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែល​ត្រូវ​ជាបង​ប្រុស​របស់កុមារា​ម្នាក់​​ដែលបានស្លាប់ដោយសារជំងឺនេះកាលពីពេលថ្មីៗនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បាន​លើកឡើ​ង​ថា ក្មេងប្រុសអាយុ១៦ឆ្នាំរូបនេះ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស​ផ្តាសាយបក្សី ប្រភេទH5N1 ពីវិទ្យាស្ថានជាតិ​សុខភាពសាធារណៈ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយក្មេងប្រុសរូបនេះមិន​មាន​រោគសញ្ញាផ្លូវដង្ហើមទេ និងត្រូវជាបងប្រុសរបស់កុមារា អាយុ ៨ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយជំងឺផ្តាសាយបក្សី។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា​​ ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ធ្វើការ​​អង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និង​ធ្វើការឆ្លើយតប ទៅតាម​វិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត​ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និង​ធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិកើតហេតុ។

ក្រសួងសុខាភិបាល បន្តថា ប្រសិនបើប្រជាពលរដ្ឋមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយសត្វ​​មាន់ទាឈឺឬស្លាប់ ក្នុងអំឡុង១៤ថ្ងៃ មុន​ថ្ងៃចាប់ផ្ដើមមាន​រោគ​សញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា។

បើតាមក្រសួងសុខាភិបាល​ ជំងឺផ្តាសាយ​បក្សី H5N1 គឺ​ជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាង​សត្វ​បក្សី​ឈឺ ទៅ​បក្សី​ផ្សេង​ទៀត ប៉ុន្តែជួនកាល​វាអាចចម្លង​ពីបក្សី​ទៅមនុស្ស តាម​រយៈ​ការប៉ះ​ពាល់​ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សី​លើមនុស្ស ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវ​ឱ្យ​មាន​ការធ្វើការព្យាបាល​នៅ​មន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី មានប្រសាសន៍​ថា ជំងឺ​ផ្តាសាយ​បក្សី​ ដូចជា​ជំងឺផ្តាសាយផ្សេងៗ ហើយ​ជំងឺនេះមិនទាន់ជាចំណោទនាំឱ្យប្រជាពលរដ្ឋ​ទាំងអស់គ្នា មានការបារម្ភនោះ​ទេ។

លោកបន្ថែមថា៖ «អត់​ទាន់​មាន​ច្រើន​ទេ ជំងឺនេះ យើង​ធ្លាប់​ផ្ទុះ​ម្តង​នៅ​ឆ្នាំ២០០៥ ឥឡូវរកឃើញប៉ុន្មាន​ករណី​មក​វិញ សរុប​ពី​ដើមឆ្នាំមក គឺមិន​ទាន់មានចំនួនច្រើន បើគិតទៅ មិនទាន់បាន៥០ករណី​ផង ពីព្រោះយើងនៅគ្រប់គ្រងកិច្ចការ​នេះបាន​នៅឡើយទេ»។

អភិបាលខេត្តក្រចេះ លោក វ៉ា ថន មានប្រសាសន៍​ថា ករណីនេះ ក្រុមអន្តរាគមន៍របស់ក្រសួងនិង​​​មន្ទីរសុខាភិបាល បានចុះផ្សព្វផ្សាយ និង​ណែនាំដល់ប្រជាពលរដ្ឋក្នុងខេត្តរួច​រាល់​ហើយ។ លោកបន្តថា រដ្ឋបាលខេត្ត ក៏បានចេញសេចក្តីណែនាំស្តីពីការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី (H5N1) នៅក្នុងភូមិសាស្ត្រខេត្តក្រចេះផងដែរ។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី លើកឡើងថា ជំងឺផ្តាសាយបក្សីនេះ បានផ្ទុះឡើង ប្រមាណជាជិត១០ឆ្នាំមុន ដែលធ្វើឱ្យមនុស្សគ្រប់គ្នាបារម្ភ។

លោកបានបន្ថែមថា៖ «បក្សីងាប់ ឬមាន់ងាប់ អត់ត្រូវយកទៅបរិភោគទេ ខ្លាចប៉ះពាល់ ក៏ប៉ុន្តែជំងឺផ្តាសាយបក្សីនេះ វាក៏កើតតាំងពីផែនដីកកើតដំបូងម្លេះ គេហៅជំងឺមាន់ដង្កោ​រែក ខែហ្នឹងសំបូហើយខែក្តៅ»។

គួរ​រម្លឹក​ថា ចាប់តាំងពីដើមឆ្នាំ២០២៣ មក កម្ពុជា បានរកឃើញករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីចំនួន ៤ករណី ក្នុង​នោះករណីទី១ កើតលើក្មេងស្រីអាយុ១១ឆ្នាំក្នុងខេត្តកណ្តាល ករណីទី២ កើតលើក្មេង​ស្រី​អាយុ ២ឆ្នាំក្នុងខេត្តព្រៃវែង ករណីទី៣ កើតលើបុរសអាយុ ៥០ឆ្នាំក្នុងខេត្តព្រៃវែង និងករណីចុងក្រោយនៅដើមឆ្នាំ២០២៤នេះ កើតលើក្មេងប្រុសអាយុ៩ឆ្នាំក្នុងខេត្តក្រចេះ ដែលត្រូវជាប្អូនក្មេងអាយុ១៦ឆ្នាំដែលទើបតែរកឃើញនេះ​។

បើគិតក្នុងករណីស្លាប់ចុងក្រោយនេះ កម្ពុជាបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1សរុបចំនួន៥៩ករណី ឆ្លងលើមនុស្ស ក្នុងនោះមានស្លាប់ចំនួន ៤០នាក់ គិតតាំងពីឆ្នាំ២០០៥ ដែលកម្ពុជារកឃើញករណីឆ្លងដំបូង៕