សត្វស្លាបជាច្រើនក្បាល នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ បានងាប់ ដោយសារការបំពុលពីសំណាក់ជនមិនស្គាល់មុខ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា សត្វស្លាបព្រៃជាច្រើនក្បាលត្រូវបានបំពុលងាប់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសត្វទាំងនោះ រួមមាន ទាកាបព្រៃចំនួន ១០ក្បាល ចង្កៀលខ្យងចំនួន ១ក្បាល កុកគ្រោងតូចចំនួន ១ក្បាល និងរអាតទន្សាយចំនួន ១ក្បាល (មិនទាន់ងាប់ និងត្រូវបានជួយសង្រ្គោះ)។
ប្រភពដដែល បន្តថា បច្ចុប្បន្ន សំណាកសត្វស្លាបទាំងនោះត្រូវបានកត់ត្រា និងវេចខ្ចប់យ៉ាងត្រឹមត្រូវ ដើម្បីបញ្ជូនបន្តទៅស្ថាប័នជំនាញដើម្បីធ្វើការពិនិត្យបន្ថែម តាមរយៈអង្គការសមាគមអភិរក្សសត្វព្រៃ ដែលជាដៃគូផ្នែកអង្កេតតាមដានសុខភាពសត្វព្រៃ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា បានបន្ថែមថា៖ «ព្រានដាក់បំពុលសត្វនេះ គឺដើម្បីយកទៅបរិភោគ និងដាក់លក់នៅទីផ្សារ ដែលអាចបង្ករផលវិបាកដល់សុខភាព និងរហូតដល់បាត់បង់ជីវិតមនុស្សដែលបានទិញទៅបរិភោគផងដែរ»។
អង្គការនេះ ក៏បានអំពាវនាវដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់ការបំពុល និងការបរបាញ់សត្វគ្រប់ប្រភេទ នៅតំបន់ការពារបឹងព្រៃកល្ពៅនេះ ដើម្បីការពារសត្វព្រៃដែលកំពុងរងការគំរាមកំហែង និងដើម្បីការពារដល់សុខភាពប្រជាពលរដ្ឋ។
នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា លោក ប៊ូ វរសក្ស មានប្រសាសន៍នៅថ្ងៃទី១៩ ខែកុម្ភៈនេះថា ករណីបំពុលនេះ ត្រូវបានបុគ្គលិករបស់អង្គការជីវិតធម្មជាតិនៃកម្ពុជា និងឧទ្យានុរក្សដែលប្រចាំការនៅទីនោះជាអ្នករកឃើញ ដោយក្រុមជំនាញដាក់ការសង្ស័យថាជាការបំពុលដោយប្រើប្រាស់ថ្នាំគីមីកសិកម្ម។
លោកថ្លែងថា៖ «បំពុលដោយប្រើ ថ្នាំគីមីកសិកម្ម ដាក់បំពុលដើម្បីគោលបំណងចាប់សត្វដែលទៅរកចំណីនៅក្នុងតំបន់ដែលមានទឹក នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅហ្នឹង»។
លោកថា ដើម្បីទប់ស្កាត់កុំឱ្យមានការបរបាញ់ការបំពុលនេះ គឺត្រូវធ្វើការរួមគ្នារវាងអាជ្ញាធរមូលដ្ឋានជាឧទ្យានុរក្ស និងអង្គការសង្គមស៊ីវិល ដើម្បីទប់ស្កាត់ការបំពុល និងការបរបាញ់។
លោកបន្ថែមថា៖ «សុំឱ្យទប់ស្កាត់កន្លែងលក់ដូរកន្លែងធ្វើម្ហូបពីសាច់សត្វព្រៃ និងបិទកុំឱ្យមានការលក់ដូរសាច់ព្រៃយកធ្វើម្ហូបពិសេស លើសពីនេះសូមចូលរួមអប់រំផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋានឱ្យលោកយល់ពីផលលំបាកនៃការបំពុល ធ្វើការល្បាតនៅទីតាំងជាក់ស្តែង ដើម្បីទប់ស្កាត់កុំឱ្យហេតុការណ៍ហ្នឹងកើតឡើងបន្តទៀត»។
នាយកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង ស្នើឱ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបជាបន្ទាន់ទៅលើសកម្មភាពបំពុលសត្វ ឬក៏សកម្មភាពផ្សេងទៀត ដែលជាការបំពុលទឹកនៃទីជម្រករបស់សត្វ ជាពិសេសនៅតំបន់អភិរក្ស។
លោកមានប្រសាសន៍ថា៖ «នេះជារឿងមួយមិនគួរឱ្យកើតមាន វាប៉ះពាល់ធ្ងន់ធ្ងរទៅដល់បក្សី សត្វស្លាប និងជីវចម្រុះនៅប្រទេសកម្ពុជាយ៉ាងខ្លាំង អាជ្ញាធរត្រូវធ្វើអន្តរាគមន៍ជាបន្ទាន់កុំឱ្យមានករណីបែបនេះតទៅទៀត ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់សត្វស្លាប និងជីវចម្រុះ និងសុខមាលភាពរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះ ដែលអាចកើតឡើងដោយសារការប្រឈមជាមួយនឹងការបំពុលទឹកជាដើម»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបង្ហាញការសោកស្តាយ និងមានការព្រួយបារម្ភពីការគំរាមកំហែងដល់អាយុជីវិតសត្វព្រៃ តាមរយៈការដាក់ថ្នាំបំពុលនៅតាមវាលស្រែ បឹងបួរ និងត្រពាំងនានា ទីដែលសត្វព្រៃត្រូវទៅរកចំណី ខណៈដែលការប្រើថ្នាំបំពុល វាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សផងដែរ។
លោកបន្តថា ពាក់ព័ន្ធនឹងករណីសត្វស្លាបងាប់ដោយសារការបំពុលនៅតំបន់បឹងព្រៃកល្ពៅនេះ មន្រ្តីជំនាញ បានធ្វើកំណត់ហេតុ និងបានដាក់ពាក្យបណ្តឹងទៅរដ្ឋបាលស្រុក និងខេត្ត ដើម្បីសហការស្វែងរកចាប់ខ្លួន និងទប់ស្កាត់បទល្មើសរួចរាល់ហើយ។
តែយ៉ាងណា លោកបានស្នើថា៖ «ស្នើឱ្យអាជ្ញាធរចាត់វិធានការច្បាប់ចំពោះជនល្មើស ព្រមទាំងស្នើឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអំពើល្មើសច្បាប់ ដូចការបំពុល ការបរបាញ់ ជួញដូរ និងបរិភោគសត្វព្រៃ ដែលបង្កនៅផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ដល់ជីវៈចម្រុះ និងសុខភាពមនុស្សសត្វ»។
យោងតាមអនុក្រឹត្យស្តីពីការបង្កើតតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨,៣០៥ ហិចតា ស្ថិតនៅភូមិសាស្ត្រខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានប្រភេទសត្វស្លាបព្រៃរាប់ម៉ឺនក្បាល និងសត្វស្លាបជាង ៧០ប្រភេទកំពុងរស់នៅ ហើយតំបន់ដីសើមមួយនេះ ក៏ជាប្រភពចំណី ជម្រកដ៏មានសុវត្ថិភាព សម្រាប់សត្វស្លាបទឹកពងកូន និងបន្តពូជផងដែរ៕