លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ព្រមានដល់បុគ្គល​ទាំង​ឡាយ​ណា​​ដែល​​យក​​កម្ពុជា ជាទី​តាំងដើម្បី​ប្រព្រឹត្ត​សកម្មភាព​មិ​​ន​ល្អ ហើយ​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា ហើយ​ត្រូវ​អនុ​វត្តតាម​​ច្បាប់។​

សារព្រមានរបស់លោកនាយករដ្ឋមន្ដ្រី ធ្វើឡើងក្រោយពីមានជនជាតិចិនតៃវ៉ាន់ ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តព្រះសីហនុ កាលពីសប្តាហ៍មុន បន្ទាប់ពីពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ សម្ដែងជាអំពើចាប់ជំរិត និងធ្វើទារុណកម្ម ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដើម្បីបានអ្នកចូលទស្សនាច្រើន រួចលក់​ផលិតផលតាម​អនឡាញដែលជាផល​ប្រយោជន៍ផ្ទាល់ខ្លួន។

ថ្លែង​ក្នុង​ពិធី​បើក​​​ការដ្ឋានសាងសង់​ស្ពានឆ្ល​ង​​ទន្លេ​​បាសាក់ ព្រែកប្រា-ចាក់អង្រែក្រោម នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ព្រមានចាត់វិធានការដាច់ណាត់​ចំពោះអ្នកផលិតមាតិកាដែលប៉ះពាល់កម្ពុជា និង​ប្រឌិតរឿងអាក្រក់ៗពីប្រទេសកម្ពុជា ទៅកាន់ពិភពលោក ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីតែទទួលបានអ្នកចូលទស្សនាច្រើននៅលើបណ្ដាញសង្គម ដែលធ្វើឱ្យមានការយល់ច្រឡំដល់ប្រទេសកម្ពុជា​​។

លោកបន្តថា កន្លងមក មាន​ជន​ជាតិ​មួយ​ចំនួន​ដែល​យល់​ច្រឡំ​អំពី​ប្រទេស​កម្ពុជា ដោយ​សារតែការ​ផ្សព្វផ្សាយបែបនេះនៅលើបណ្តាញសង្គម។

លោកមានប្រសាសន៍ថា៖ «កន្លងទៅ មានការយល់ច្រឡំមួយចំនួន ពិសេសប្រជាពលរដ្ឋនៅចិន​ ដោយសារឃើញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ផ្សាយអត់គ្រប់ជ្រុងជ្រោយ។ កាលពីថ្ងៃទី១៤ យើងចាប់ពីរនាក់ក្មេងៗតៃវ៉ាន់ គាត់ជ្រើសរើសកម្ពុជាថតរឿងចាប់ជំរិត។ គាត់មកបំផ្លាញស្រុកយើង គាត់ធ្វើឱ្យ​មនុស្ស​រាប់​សែន រាប់​លាន​នាក់ ដែលមើល TikTok គាត់​ថា​ខ្មែរអសមត្ថភាពដោយសារគាត់ចង់បាន View លក់ផលិតផលគាត់ យើងមិនអនុញ្ញាតឱ្យ​ធ្វើអញ្ចឹងទេ ឥលូវចាប់ដាក់គុក»

តាមរយៈការផលិតវីដេអូប្រឌិតបែបនេះ លោក ហ៊ុនម៉ាណែត ថាបានបំផ្លាញដល់កិត្តិយសរបស់ប្រទេសកម្ពុជា និងប៉ះពាល់ដល់វិស័យទេសចរណ៍ ហើយជះឥទ្ធិពលដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ​។

បើតាមលោកនាយករដ្ឋមន្ត្រី ​កន្លងមក ក្រៅពីការ​ប្រឌិតរឿងចាប់ជំរិត ជនបរទេសមួយចំនួននោះ បានប្រឌិតរឿងជួញដូរសរីរាង្គនៅប្រទេសកម្ពុជាថែមទៀត ដើម្បីទទួលបានជំនួយជាផលប្រយោជ​ន៍​ផ្ទាល់ ប៉ុន្ដែករណីទាំងអស់នេះក៏ត្រូវបានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវ និងលាតត្រដាងការពិតទៅកាន់មហាជន ជៀសវាងការយល់ច្រឡំ និងគិតខុសមកកម្ពុជា។​

ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ដែលផលិត​មាតិកាធ្វើឱ្យប៉ះពាល់ដល់កិតិ្តយស​កម្ពុជា​នោះ​ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ​ស្រាវ​ជ្រាវ និង​​ឃាត់​ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ​នៅបន្ទប់ខុនដូមួយកន្លែង ក្នុង​ខេត្តព្រះសីហនុ។ អាជ្ញាធរបាន​កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ហើយសាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារម្នាក់២ឆ្នាំ និងពិន័យជាប្រាក់ម្នាក់៤លានរៀលដាក់​ពន្ធនាគាររយៈពេល​ ២ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ៤លា​នរៀល ពីបទញុះ​ញង់​បង្ក​ឱ្យមាន​ភាពវឹក​វរ​ធ្ងន់ធ្ងរ​ដល់ស​ន្តិសុខ​សង្គម ក្រោយផលិតមាតិកាប៉ះពាល់ដល់កិត្តិយស និង​សណ្ដាប់ធ្នាប់​នៅខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះ​ថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សាលាដំបូង និងអយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសី​ហនុ ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

នាយកទទួលបន្ទុកចាត់ការទូទៅ នៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ​លើកឡើងថាប្រទេស​កម្ពុជាមានច្បាប់ ដូច្នេះ​ក្នុង​ករណីបុគ្គលដែលប្រព្រឹត្តខុសច្បាប់លើទឹកដីប្រទេសកម្ពុជា គួរតែអនុវត្តតាមផ្លូវច្បាប់ដោយតម្លាភាព និងយុត្តិធម៌។

លោកថ្លែងថា៖ «​យើងជាអង្គការសង្គមស៊ីវិលធ្វើការលើការលើកកម្ពស់​សិទ្ធិមនុស្ស យល់ថាប្រទេសកម្ពុជាមានច្បាប់ ដូច្នេះបុគ្គលណាដែល​ប្រព្រឹត្តខុសច្បាស់ ត្រូវតែអនុវត្តតាមច្បាប់ ទោះជាបុគ្គលនោះមានឋានន្តរស័ក្ត និង​តួនាទីយ៉ាង​ណា​ក៏ដោយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ដាយតម្លាភាព និងយុត្តិធម៌ ដូច្នេះគ្រប់បុគ្គលទាំងអស់មិនថាជនបរទេស ឬខ្មែរទេដែលប្រព្រឹត្តខុសច្បាប់ត្រូវតែទទួលទោសតាមច្បាប់»។

លោកកត់សម្គាល់ថា កន្លងមក មានសារពត៌មានជាតិ អន្តរជាតិ បានចុះផ្សាយពីជនបរទេសមួយចំនួ​នបានប្រព្រឹត្តខុសច្បាប់នៅលើទឹកដីកម្ពុជា ដូចជា ករណីឆបោកតាមប្រព័ន្ធអនឡាញ និងបទ​ល្មើសឧ​ក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន ដែលករណីនេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា។ លោក​ថា ប្រសិនបើអាជ្ញាធរទទួលបានព័ត៌មានទាំងនេះ ត្រូវមានការស្រាវជ្រាវ និងស៊ើប​អង្កេតឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងយុត្តិធម៌ដើម្បីការពារកុំឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ។

លោកបន្តថា៖ «ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ប្រទេសកម្ពុជាក៏បានទទួលស្គាល់នូវបទដ្ឋាន និងលិខិតុបករណ៍អន្តរជាតិ ស្តីពីសិទ្ធិមនុស្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបានផ្តល់សញ្ចាប័នទៅ​លើលិខិតុបករណ៍អន្តរជាតិទាំងនេះ ដូច្នេះរដ្ឋជាភាគីត្រូវមានកាតព្វកិច្ចអនុវត្ត និងគោរពតាម ដោយចាត់វិធានការណ៍នានា ដើម្បី​ធានា និងលើកកម្ពស់លើសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងកុមារ ធានានូវការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយចាត់វិធានការដាច់ខាតប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ទម្រង់រូបភាព ប្រឆាំងនឹងការធ្វើទារុណកម្មគ្រប់រូបភាព និងប្រឆាំងរាល់បទល្មើសដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងការប៉ះពាល់ដល់សន្តិសុខសណ្តាប់​ធ្នាប់​សង្គម»