ក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ រួមគ្នាធ្វើយុទ្ធនាការរយៈពេល ១ខែពេញ អបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ដោយផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ខណៈសង្គមស៊ីវិលមើលឃើញថា ស្ត្រី និងកុមារី ងាយប្រឈមពាក់ព័ន្ធនឹងការឆបោក និងការបៀតបៀនតាមរូបភាពផ្សេងៗក្នុងបរិវត្តកម្មឌីជីថល។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា យុទ្ធនាការនេះ គ្រោងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ឬក៏ “Women and Girls in Digital Transformation” ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
យុទ្ធនាការនេះ រៀបចំដោយក្រសួងកិច្ចការនារី ដោយមានការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងបណ្តាញផ្សព្វផ្សាយ។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងយុទ្ធនាការនេះ មានជាសកម្មភាពសំខាន់ៗ ដូចជា រៀបចំវេទិកាយុវជនដែលផ្សព្វផ្សាយតាមទូរទស្សន៍ ការធ្វើយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល រៀបចំពិធីអបអរទិវាអន្តរជាតិនារី នៅតាមក្រសួង-ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សា និងការចងបដាពាក្យស្លោកតាមមហាវិថីនានាជាដើម។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីអគ្គនាយិការងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត បានទេ។ទី
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា មិនមែនត្រឹមតែស្ត្រី និងក្មេងស្រីទេ ដែលកំពុងរងការប្រឈមក្នុងបរិបទនៃសម័យឌីជីថល គឺមនុស្សគ្រប់ភេទ គ្រប់អាយុ សុទ្ធតែកំពុងទទួលរងផលជះពីបច្ចេកវិទ្យា។
លោកស្រីថា៖ «កុំថាឡើយតែអ្នកពេញវ័យ សូម្បីតែកុមារ ពួកគេសុទ្ធតែចេះប្រើទូរស័ព្ទ ចេះរាវរកកម្មវិធីសម្រាប់មើលអ្វីផ្សេងៗ […] វាពាក់ព័ន្ធទៅនឹងរឿងព័ត៌មានដែលផ្តល់ឱ្យតាមរយៈទូរស័ព្ទ តាមអនឡាញអីហ្នឹង ជាព័ត៌មានល្អ ឬមិនល្អ។ ក្មេងៗគាត់អត់ចេះវិភាគទេ សូម្បីមនុស្សធំក៏ដោយ ដោយសារវាមានអារឿងឆបោកតាមប្រព័ន្ធហ្នឹងវាច្រើន ការជះឥទ្ធិពលទៅលើមនុស្សគ្រប់វ័យ តែបើយើងផ្តោតលើស្ត្រី និងក្មេងស្រី អ្វីដែលយើងត្រូវធ្វើហ្នឹង គឺទាំងអ្នកទទួល និងអ្នកបញ្ជូនព័ត៌មាន ពាក់ព័ន្ធនឹងព័ត៌មានមិនពិត និងព័ត៌មានដែលទាញយកការកេងប្រវ័ញ្ចពីស្ត្រីអីហ្នឹង ត្រូវតែមានចំណាត់ការតាមផ្លូវច្បាប់»។
លោកស្រី ជូ ប៊ុនអេង បន្តទៀតថា ការដែលបង្រៀនឱ្យស្ត្រីចេះ និងយល់ដឹងពីសិទ្ធិសេរីភាពរបស់ខ្លួននៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា គឺជារឿងមួយដែលចាំបាច់ត្រូវធ្វើ ដើម្បីបញ្ជៀសកុំឱ្យមានការចាញ់បោក និងការកេងចំណេញមកលើស្ត្រីនៅក្នុងគ្រប់រូបភាព។
លោកស្រីថា៖ «បើនិយាយពីស្ត្រី និងក្មេងស្រី គឹយើងនិយាយពិរឿងគាត់ចេះការពារខ្លួន ដើម្បីឱ្យគាត់ដឹងថាគាត់ត្រូវធ្វើយ៉ាងម៉េច ដើម្បីកុំឱ្យខ្លួនគាត់ធ្លាក់ទៅក្នុងការអូសទាញ ឬមួយក៏លង់ទៅក្នុងព័ត៌មានដែលគាត់ទទួលបានតាមប្រព័ន្ធអនឡាញហ្នឹង […] ភាគច្រើនរងគ្រោះដោយសារតែទំនាក់ទំនងរបស់គាត់ មិនបានប្រើប្រាស់ការជជែកគ្នាជាមួយនឹងចាស់ទុំ គឺគាត់ទាក់ទងតែតាមទូរស័ព្ទ ឬអនឡាញភាគច្រើន។ ពួកគាត់ត្រូវតែចូលរួមនៅក្នុងការស្វែងយល់ អំពីស្ថានភាពជាក់ស្តែង អំពីបទពិសោធន៍អ្នកដទៃ ហើយនិងចូលរួមស្តាប់ និងស្វែងយល់អំពីកលល្បិចជនល្មើស ហើយនិងវិធីសាស្ត្រនៅក្នុងការការពារខ្លួន ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ដើម្បីការពារខ្លួនកុំឱ្យក្លាយទៅជាចំណាប់ខ្មាំងនៃបទល្មើសបច្ចេកវិទ្យានានា»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បង្ហាញការគាំទ្រចំពោះការធ្វើយុទ្ធនាការនេះ ដើម្បីបង្កើនការយល់ដឹងដល់ស្ត្រី និងសាធារណជន។ លោកបន្តថា បញ្ហាប្រឈមដែលស្ត្រី និងក្មេងស្រី កំពុងជួបប្រឈមនៅក្នុងយុគ្គសម័យឌីជីថលនេះ គឺមានច្រើនរូបភាព ក្នុងនោះរួមមាន ការឆបោកតាមប្រព័ន្ធឌីជីថល ការបៀតបៀនតាមរូបភាពផ្សេងៗជាដើម ធ្វើឱ្យមានការប៉ះពាល់ដល់កិត្តិយសស្ត្រីជាខ្លាំង។
លោកថា៖ «ក្នុងសម័យឌីជីថលនេះ ការប្រឈមរបស់ស្ត្រី និងក្មេងស្រីគឺមានជាច្រើន ពាក់ព័ន្ធនឹង ការឆបោកតាមប្រព័ន្ធឌីជីថល ការបៀតបៀនតាមរូបភាពផ្សេងៗជាដើម ដែលទាំងនេះធ្វើឱ្យមានការប៉ះពាល់ដល់កិត្តិយសស្ត្រីជាច្រើន […] ដោយសារគ្នាអត់សូវមានការយល់ដឹង ដូច្នេះហើយទើបធ្វើឱ្យពួកគេធ្លាក់ចូលទៅក្នុងការចាញ់បោកគេ នេះជាបញ្ហាដែលយើងឃើញមានកើតមានឡើង»។
លោក យង់ គិមអេង សង្កេតឃើញដែរថា សំឡេងស្ត្រីនៅតែមានចំនួនតិច ក្នុងការការចូលរួមសម្រេចចិត្តផ្សេងៗ ជាពិសេសការចូលរួមក្នុងការរៀបចំគោលនយោបាយផ្សេងៗ និងការចូលបម្រើការងារក្នុងជួររដ្ឋាភិបាល ខណៈពួកគេមានឧបសគ្គនៅក្នុងការការពារផលប្រយោជន៍ និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ផងដែរ។
លោកនិយាយថា៖ «ការចូលរួមរបស់ស្ត្រី យើងឃើញថាស្ត្រីនៅក្នុងសង្គមស៊ីវិល នៅក្នុងវិស័យឯកជន ហាក់ដូចជា មានការចូលរួមសស្រាក់សស្រាំច្រើន ដែលសម្ថភាពរបស់ពួកគាត់ត្រូវបានគេទទួលស្គាល់ច្រើន […] ប៉ុន្តែនៅក្នុងរដ្ឋាភិបាល គឺការទទួលយកតួនាទីស្ត្រីនៅតែជាបញ្ហាចោទនៅឡើយទេ មិនសូវមានស្ត្រីដែលទទួលបានសិទ្ធិជាអ្នកសម្រេចចិត្តជាន់ខ្ពស់នៅតាមថ្នាក់ឃុំ សង្កាត់ ស្រុកអីនោះទេ»។
គួរបញ្ជាក់ថា យុទ្ធនាការទិវានាទីអន្តរជាតិ ៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។
ជារៀងរាល់ឆ្នាំ កម្ពុជា បានរៀបចំទិវានេះ ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប៕