ក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ រួមគ្នាធ្វើយុទ្ធនាការរយៈពេល ១ខែពេញ អបអរ​ទិវាសិទ្ធិនារី​អន្តរជាតិ ៨មីនា ដោយផ្តោតលើការលើក​កម្ពស់សមភាពយេនឌ័រ និងបង្កើនភាព​អង់​អាច​ដល់​ស្រ្តី និង​ក្មេង​ស្រី ខណៈសង្គមស៊ីវិលមើលឃើញថា ស្ត្រី និងកុមារី ងាយប្រ​ឈម​​​ពាក់ព័ន្ធនឹងការឆបោក និងការបៀតបៀនតាមរូបភាពផ្សេង​ៗក្នុងបរិវត្តកម្មឌីជីថល។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើង​ថា យុទ្ធនាការ​នេះ គ្រោង​ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ក្រោមមូលបទ «ស្រ្តី និង​ក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ឬក៏ “Women and Girls in Digital Transformation” ក្នុង​គោលបំណង​រំលេច​អំពី​សក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និង​ភាព​ជាតំណាង​​របស់​ស្ត្រី និង​ក្មេង​ស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព​ និងសុវត្ថិភាព។​

យុទ្ធនាការនេះ រៀបចំដោយ​ក្រសួង​កិច្ចការនារី ដោយ​មានការ​​សហការជាមួយ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងបណ្តាញ​ផ្សព្វ​ផ្សាយ។ បើតាមសេចក្តីប្រកាសព័ត៌មាន ​ក្នុងយុទ្ធនាការនេះ មានជា​សកម្មភាព​សំខាន់ៗ ដូចជា រៀប​ចំ​វេទិកា​យុវជ​ន​ដែល​ផ្សព្វផ្សាយតាមទូរទស្សន៍ ការធ្វើយុទ្ធ​នា​ការ​​ផ្សព្វផ្សាយ​តាមប្រព័ន្ធ​ឌីជីថល រៀបចំពិធីអបអរទិវាអន្តរជាតិនារី នៅតាមក្រសួង-ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សា និងការ​ចងបដាពាក្យស្លោកតាម​មហា​វិថី​នានា​ជាដើម។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយ​ពី​អគ្គនាយិការង​នៃ​អគ្គ​នាយកដ្ឋាន​អភិវឌ្ឍន៍​សង្គមនៃ​ក្រសួង​កិច្ចការ​នារី លោកស្រី ស ស៊ីណែត បានទេ។ទី

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លោក​ស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា មិនមែនត្រឹម​តែ​ស្ត្រី និងក្មេងស្រីទេ ដែលកំពុងរងការប្រឈមក្នុងបរិបទនៃសម័យ​ឌីជីថល គឺ​​មនុស្សគ្រប់​ភេទ គ្រប់អាយុ សុទ្ធតែកំពុងទទួលរងផលជះពីបច្ចេកវិទ្យា។

លោកស្រីថា៖​ «កុំថាឡើយតែអ្នកពេញវ័យ សូម្បីតែកុមារ ពួកគេសុទ្ធតែចេះប្រើទូរស័ព្ទ ចេះរាវរកកម្មវិធីសម្រាប់មើលអ្វីផ្សេងៗ […] វាពាក់ព័ន្ធទៅនឹងរឿងព័ត៌មានដែលផ្តល់ឱ្យតាមរយៈទូរស័ព្ទ តាម​អនឡាញអីហ្នឹង ជាព័ត៌មានល្អ ឬមិន​ល្អ។ ក្មេងៗគាត់អត់ចេះវិភាគទេ សូម្បីមនុស្សធំក៏ដោយ ដោយសារវាមានអារឿងឆបោកតាមប្រព័ន្ធ​ហ្នឹង​វាច្រើន ការ​ជះឥទ្ធិពលទៅលើ​មនុស្សគ្រប់វ័យ តែបើយើងផ្តោតលើស្ត្រី និង​ក្មេង​ស្រី អ្វីដែលយើងត្រូវធ្វើហ្នឹង គឺទាំងអ្នក​ទទួល និង​អ្នកបញ្ជូនព័ត៌​មាន ពាក់ព័ន្ធនឹងព័ត៌មានមិនពិត និងព័ត៌មានដែលទាញយកការកេងប្រវ័ញ្ចពីស្ត្រីអីហ្នឹង ត្រូវតែមានចំណាត់ការតាមផ្លូវច្បាប់»។

លោកស្រី ជូ ប៊ុនអេង បន្តទៀតថា ការដែលបង្រៀនឱ្យ​ស្ត្រីចេះ និងយល់ដឹងពីសិទ្ធិសេរីភាពរបស់ខ្លួននៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា គឺជារឿងមួយដែលចាំបាច់ត្រូវធ្វើ ដើម្បីបញ្ជៀសកុំឱ្យ​មានការចាញ់បោក និងការកេងចំណេញមកលើស្ត្រីនៅក្នុងគ្រប់រូបភាព។

លោកស្រីថា៖ «បើនិយាយពីស្ត្រី និងក្មេងស្រី គឹយើងនិយាយពិរឿងគាត់ចេះការពារខ្លួន ដើម្បីឱ្យ​គាត់ដឹងថាគាត់ត្រូវធ្វើយ៉ាងម៉េច ដើម្បីកុំឱ្យ​ខ្លួនគាត់ធ្លាក់ទៅក្នុងការអូសទាញ ឬមួយក៏លង់ទៅក្នុងព័ត៌មានដែលគាត់ទទួលបានតាមប្រព័ន្ធអនឡាញហ្នឹង […] ភាគច្រើនរងគ្រោះដោយសារតែទំនាក់ទំនងរបស់គាត់ មិនបានប្រើប្រាស់ការជជែកគ្នាជាមួយ​នឹង​ចាស់ទុំ គឺគាត់ទាក់ទងតែតាមទូរស័ព្ទ ឬអនឡាញភាគច្រើន។ ពួកគាត់ត្រូវតែចូលរួមនៅក្នុងការស្វែងយល់ អំពីស្ថានភាពជាក់ស្តែង អំពីបទពិសោធន៍អ្នកដទៃ ហើយនិងចូលរួមស្តាប់ និងស្វែងយល់អំពីកលល្បិចជនល្មើស ហើយនិងវិធីសាស្ត្រនៅក្នុងការការពារខ្លួន ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ដើម្បីការពារខ្លួនកុំឱ្យ​ក្លាយទៅជាចំណាប់ខ្មាំងនៃបទល្មើសបច្ចេកវិទ្យានានា»។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បង្ហាញ​ការ​​គាំទ្រចំពោះការ​ធ្វើយុទ្ធនាការនេះ ដើម្បីបង្កើនការយល់ដឹងដល់ស្ត្រី និងសាធារណជន។ លោក​បន្ត​​​ថា បញ្ហាប្រឈមដែលស្ត្រី និងក្មេងស្រី កំពុងជួបប្រឈមនៅក្នុងយុគ្គសម័យឌីជីថលនេះ គឺមានច្រើនរូបភាព ក្នុងនោះរួមមាន ការឆបោក​តាម​ប្រព័ន្ធឌីជីថល ការបៀត​បៀន​តាម​រូបភាពផ្សេងៗជាដើម ធ្វើឱ្យ​មានការប៉ះពាល់​ដល់កិត្តិយស​ស្ត្រីជាខ្លាំង។

លោក​ថា៖ «ក្នុងសម័យឌីជីថលនេះ ការប្រឈមរបស់ស្ត្រី និងក្មេងស្រី​គឺ​មាន​ជា​ច្រើន ពាក់​ព័ន្ធ​នឹង ការ​ឆបោកតាមប្រព័ន្ធឌីជីថល ការបៀតបៀនតាមរូបភាពផ្សេងៗជាដើម ដែលទាំងនេះធ្វើឱ្យ​មានការប៉ះពាល់ដល់កិត្តិយសស្ត្រីជាច្រើន […] ដោយសារគ្នាអត់សូវមានការយល់ដឹង ដូច្នេះហើយទើបធ្វើឱ្យ​ពួកគេធ្លាក់ចូលទៅក្នុងការចាញ់បោកគេ នេះជាបញ្ហាដែលយើងឃើញមានកើតមានឡើង»។

លោក យង់ គិមអេង សង្កេតឃើញដែរថា សំឡេង​ស្ត្រី​នៅតែមានចំនួន​តិច​ ក្នុងការ​​ការចូលរួមសម្រេចចិត្តផ្សេងៗ ជាពិសេសការចូលរួមក្នុងការរៀបចំ​គោលនយោបាយផ្សេងៗ និង​ការ​​ចូលបម្រើការងារ​ក្នុងជួររដ្ឋាភិបាល ខណៈ​ពួក​គេ​​​មាន​ឧបសគ្គនៅក្នុងការការពារផលប្រយោជន៍ និងដោះស្រាយ​​បញ្ហាប្រឈមរបស់​ពួកគាត់ផងដែរ។

លោកនិយាយថា៖ «ការចូលរួមរបស់ស្ត្រី យើងឃើញថាស្ត្រីនៅក្នុងសង្គមស៊ីវិល នៅក្នុងវិស័យឯកជន ហាក់ដូច​ជា មានការចូលរួមសស្រាក់សស្រាំច្រើន ដែលសម្ថភាពរបស់ពួកគាត់ត្រូវបានគេទទួលស្គាល់ច្រើន […] ប៉ុន្តែនៅក្នុងរដ្ឋាភិបាល គឺការទទួលយកតួនាទីស្ត្រីនៅតែជាបញ្ហាចោទនៅឡើយទេ មិនសូវមានស្ត្រីដែលទទួលបានសិទ្ធិជាអ្នក​សម្រេចចិត្តជាន់ខ្ពស់នៅតាមថ្នាក់ឃុំ សង្កាត់ ស្រុកអីនោះទេ»។

គួរបញ្ជាក់ថា យុទ្ធនាការទិវានាទី​អន្តរជាតិ ៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែល​មហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។

ជារៀងរាល់ឆ្នាំ កម្ពុជា បានរៀបចំទិវានេះ ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប៕