ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU)ស្តីពី«កិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់»។ កិច្ចសហប្រតិបត្តិការនេះ គឺដើម្បីផ្ដល់ភាពងាយស្រួល ដល់ពលរដ្ឋទាំងពីរប្រទេសអាចប្រើប្រាស់ឃ្យូអរកូត (QR Code) ក្នុងការទូទាត់ប្រាក់ឆ្លងដែន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា ៖ «អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍ របស់ប្រទេសទាំងពីរព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់»។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។
យោងតាមសេចក្ដីប្រកាសព័ត៌មាន លោក Anwar Ibrahim បានលើកឡើងថា៖ «អនុស្សរណៈ យោគយល់នេះបានឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្ត របស់ធនាគារកណ្ដាល ទាំងពីរក្នុងការលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ ដោយប្រើប្រាស់ រូបិយវត្ថុជាតិ»។
ចំណែក លោកស្រី ជា សិរី បានលើកឡើងថា៖ «តាមអនុស្សរណៈយោគយល់នេះធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នឹងសហការគ្នាដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងកែលម្អប្រព័ន្ធទូទាត់ឆ្លងដែន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្ទហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ ព្រមទាំងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ស្របតាមគោលដៅរបស់អាស៊ាន»៕