ភ្នំពេញ៖​ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU)ស្តីពី«កិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់»។ កិច្ចសហប្រតិបត្តិការនេះ គឺ​ដើម្បីផ្ដល់ភាពងាយស្រួល ដល់ពលរដ្ឋទាំងពីរប្រទេស​អាចប្រើប្រាស់ឃ្យូអរកូត ​(QR Code) ក្នុងការទូទាត់ប្រាក់ឆ្លងដែន។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់​ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា ៖ «អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួល​ដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍ របស់ប្រទេសទាំងពីរព្រមទាំង​ជួយ​ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់»។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី បានចុះហត្ថលេខា​លើអនុស្សរណៈយោគយល់​នេះ ក្រោមអធិបតីភាព​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។

យោងតាមសេចក្ដីប្រកាសព័ត៌មាន លោក Anwar Ibrahim បានលើកឡើងថា៖ «អនុស្សរណៈ យោគយល់នេះបានឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្ត របស់ធនាគារកណ្ដាល ទាំងពីរក្នុងការលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ ដោយប្រើប្រាស់ រូបិយវត្ថុជាតិ»។

ចំណែក លោកស្រី ជា សិរី បានលើកឡើងថា៖ «តាមអនុស្សរណៈយោគយល់នេះ​ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នឹងសហការគ្នាដើម្បី​ជំរុញ​នវានុវត្តន៍ហិរញ្ញវត្ថុ និងកែលម្អប្រព័ន្ធទូទាត់ឆ្លងដែន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្ទហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ ព្រមទាំងជួយលើកកម្ពស់​ការប្រើប្រាស់​រូបិយវត្ថុក្នុងស្រុក ស្របតាមគោលដៅរបស់អាស៊ាន»៕