ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា ជំរុញសា្ថប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យយកចិត្តទុកដាក់លើការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ដោយផ្តោតលើក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ដើម្បីបណ្តុះស្មារតីស្រលាញ់ រួមទាំងអភិរក្សអក្សរនិងភាសាជាតិ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡាចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា សិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលប្រើប្រាស់ភាសាជាតិគ្រប់កាលៈទេសៈទាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មាន និងការកម្សាន្តនានា។
ក្រសួងលើកឡើងថា៖ «គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវជំរុញឱ្យមានការប្រឡងប្រជែងអាន និងសរសេរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអាន និងសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវ និងផុសផុល»។
សេចក្តីណែនាំដដែល ក៏បានលើកទឹកចិត្ត មាតាបិតា អាណាព្យាបាលសិស្ស និងគ្រូបង្រៀន ឱ្យបន្តជំរុញកូនចៅ និងសិស្សានុសិស្សឱ្យមានទម្លាប់ប្រើប្រាស់អក្សរខ្មែរ សម្រាប់កត់ត្រា និងសរសេរភាសាខ្មែរ និងគួរចៀសវាងប្រើភាសាបរទេសផងដែរ៕