ភ្នំពេញ៖ ការប៉ះទង្គិចគ្នារវាងអាជ្ញាធរខណ្ឌព្រែកព្នៅប្រមាណជា២០០នាក់ និងសហគមន៍សំរោងត្បូងជាប់ផ្ទៃបឹងតាមោក កាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ដែលបង្កឲ្យមានកុមារីម្នាក់របួស ស្រ្តីម្នាក់សន្លប់ និងស្ត្រីមួយចំនួនទៀតរងរបួស កើតមានឡើងក្រោយមានសកម្មភាពឈូសឆាយដីដែលកាន់កាប់ដោយសមាជិកសហគមន៍។
យោងតាមអត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឲ្យដឹងថា ការប្រឈមមុខដាក់គ្នាពាក់ព័ន្ធនឹងជម្លោះដីធ្លីរ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន៣គ្រឿង ជាមួយនិងសន្តិសុខចំនួន១០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឈូសឆាយដីនៅតំបន់នោះ។
ការប៉ះទង្គិចគ្នានេះ កើតឡើងក្រោយខណ្ឌព្រែកព្នៅចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានអះអាងថាតំបន់នោះគឺជាដីរបស់រដ្ឋ ហើយបង្គាប់ឱ្យពលរដ្ឋបញ្ឈប់ការតាំងលំនៅ និងចូលរួមសហការជាមួយអាជ្ញាធរក្នុងការឈូសឆាយតំបន់នោះ។
អ្នកស្រី ស៊ា ដាវី អាយុ៤២ឆ្នាំ ជាតំណាងប្រជាពលរដ្ឋនៅសហគមន៍សំរោងត្បូង បានប្រាប់ញូវស៍រូមខេមបូឌាថា ការប្រើប្រាស់អំពើហិង្សាមកលើប្រជាពលរដ្ឋជាទង្វើរំលោភសិទ្ធិមួយយ៉ាងសាហាវព្រៃផ្សៃមកលើស្ត្រី និងកុមារ។
អ្នកស្រីបានថ្លែងថា៖ «ពួកបងជាស្រីៗ កុមារដែលចុះទៅទប់គ្រឿងចក្រហ្នឹង ហាមឃាត់គ្រឿងចក្រដើម្បីស្វែងរកដំណោះស្រាយសិន ហើយត្រូវពួកគាត់ប្រើហិង្សាយ៉ាងសាហាវ យ៉ាងកម្រោលលើពួកបង ច្រានត្រឡប់ត្រឡិន វាយអុកកែងអី ដូចពួកបងជាអ្នកប្រដាល់។ តែពួកបងគ្មានកម្លាំងអីទៅទប់ទល់ជាមួយពួកគាត់ទេ ធ្វើអោយសន្លប់ស្រ្តីម្នាក់ហើយគាត់ថា[យើង]សម្ដែង»។
អ្នកស្រីបានថ្លែងទៀតថា៖ «ពួកគាត់មានតួនាទីជាអ្នកការពារ និងបម្រើបែរជាមកប្រើហិង្សា បំពានទាំងកម្រោល ទាំងបំពានច្បាប់មកលើប្រជាពលរដ្ឋ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ថាការប្រើប្រាស់អំពើហិង្សានេះ គឺមិនមានផលចំណេញអ្វីនោះទេ។ ផ្ទុយទៅវិញ លោកថា អំពើហិង្សានេះ មានតែបង្កផលលំបាកដល់ភាគីទាំងសងខាង ជាពិសេសគឺប្រជាសហគមន៍ដែលមានបញ្ហាដីធ្លីមិនទាន់មានដំណោះស្រាយនៅឡើយ ហើយត្រូវទទួលរងអំពើហិង្សាបន្ថែមទៀត។
លោក អំ សំអាត ថ្លែងថា៖ «បញ្ហាដីធ្លីមិនគួរយកវិធានការណ៍ ឬក៏យន្តការផ្លូវច្បាប់ ឬតាមប្រព័ន្ធតុលាការការប្ដឹងផ្ដល់ ឬក៏ចោទប្រកាន់ចាប់ខ្លួនដីធ្លីតទៅទៀតដែល ពីព្រោះវាមិនមែនជាដំណោះស្រាយល្អទេ ផ្ទុយទៅវិញបញ្ហាទាំងអស់នឹងអាចនាំឲ្យមានការរិះគន់»។
លោកបន្តថា អាជ្ញាធរគួរតែសិក្សាឲ្យបានច្បាស់លាស់ និងស្វែងរកដំណោះស្រាយមួយឲ្យបានសមស្រប ដើម្បីជៀសវាងការប្រើប្រាស់ហិង្សា។
លោកថ្លែងបន្ថែមថា៖ «យើងជាអង្គការសង្គមសុីវិល យើងនៅតែទទូចសុំអោយបញ្ឈប់ទៅ រាល់ការប្រើប្រាស់អំពើហិង្សា ឬការប៉ះទង្គិចដោយអំពើហិង្សា ទោះបីជាភាគីណាមួយក៏ដោយ គួរណាតែស្វែងរកដំណោះស្រាយដោយសន្តិវិធី»។
លោក យង់ គិមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍លើកឡើងថា ប្រសិនបើការតវ៉ារបស់សហគមន៍ធ្វើឡើងដោយ សន្តិវិធី អាជ្ញាធរមានសមត្ថកិច្ចគួរធ្វើការស៊ើបអង្កេតច្បាស់លាស់ពីករណីដែលបង្កឲ្យមានរបួសស្នាមដល់សមាជិកសហគមន៍នេះ ចៀសវាងប្រើវិធានការទប់ទល់ដែលហួសប្រមាណ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋដែលភាគច្រើនជាស្រ្តី និងកុមារ រហូតដល់អ្នកខ្លះមានសន្លប់ជាដើម ហើយក្មេងស្រីគ្នារលាកភ្លើងជាដើមហ្នឹង គួរតែធ្វើការស៊ើបអង្កេតជុំវិញបញ្ហានឹង ពីព្រោះមិនអាចនឹងប្រើវិធានការទប់ទល់ដែលហួសប្រមាណដែលធ្វើអោយប៉ះពាល់ទៅដល់រូបរាងកាយរបស់ពួកគាត់ ដែលធ្វើអោយពួកគាត់ទទួលរងនូវរបួសស្នាមបែបនឹងទេ»។
Newsroom Cambodia បានទាក់ទងទៅ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែលោកមិនអាចផ្ដល់បទសម្ភាស៍បានដោយសារលោកកំពុងមានកិច្ចប្រជុំ។
រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលបានកាត់ផ្ទៃបឹងតាមោកចំនួន ៨០ក្បាលដីរួចទៅហើយ ដែលគ្របដណ្ដប់ប្រមាណជិត ៧៥%នៃផ្ទៃបឹងទាំងមូល។ បឹងនេះ គឺជាបឹងធំបំផុតចុងក្រោយនៅក្នុងរាជធានីភ្នំពេញ៕
Home Group XIII ពលរដ្ឋម្នាក់សន្លប់ និងច្រើននាក់ទៀតរងរបួសក្នុងករណីប៉ះទង្គិចគ្នារវាងអាជ្ញាធរខណ្ឌព្រែកព្នៅ និងសហគមន៍