សមាជិកសហគមន៍ព្រៃឈើម្នាក់នៅសហគមន៍ព្រៃព្រះរកា ខេត្តព្រះវិហារ ចាត់ទុកការហាមឃាត់រូបគាត់មិនឱ្យផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានក្រៅស្រុកមួយ ពីសំណាក់អាជ្ញាធរស្រុកឆែប ថាជាការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។
លោក ហៀម គឹមហុង ជាសមាជិកគណៈកម្មការសហគមន៍សង្កែ១ និងជាបណ្តាញសហគមន៍ព្រៃព្រះរការ បានឱ្យដឹងនៅថ្ងៃទី២៩ ខែកុម្ភៈថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកឆែប នាយផ្នែករដ្ឋបាលព្រៃឈើ មេឃុំសង្កែ១ និងមេប៉ុស្តិ៍ឃុំសង្កែ១ បានឱ្យរូបលោកធ្វើកិច្ចសន្យាផ្តិតមេដៃបញ្ឈប់ផ្តល់ព័ត៌មានឱ្យសារព័ត៌មានអាស៊ីសេរី និងធ្វើសកម្មភាពផ្សេងៗដែលធ្វើឱ្យខូចកិត្តិយសថ្នាក់ដឹកនាំ ដោយអាជ្ញាធរទាំងនោះថា កិច្ចសម្ភាសន៍របស់លោកជាមួយសារព័ត៌មាននោះ បានធ្វើឱ្យពួកគេមានការរាំងស្ទះការងារមួយចំនួន។
លោកចាត់ទុកការហាមឃាត់របស់អាជ្ញាធរនេះថា បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់លោកក្នុងនាមជាប្រជាពលរដ្ឋ។
បុរសវ័យ៣៨ឆ្នាំ រូបនេះ បាននិយាយថា៖ «នេះជាការពិត ពួកគាត់បានហៅខ្ញុំទៅសួរនាំខ្ញុំអំពីមូលហេតុដែលខ្ញុំផ្តល់សម្ភាសន៍អាស៊ីសេរី គេថារឿងនោះគេកំពុងដោះស្រាយ ហើយថាប៉ះពាល់ដល់ថ្នាក់ដឹកនាំ ពេលនោះខ្ញុំបានយល់ព្រមទទួលកំហុសក្នុងកិច្ចសន្យា»។
លោកហៀម គឹមហុង បន្តថា៖«ខ្ញុំគិតថា ជាការរឹតត្បិតក្នុងការបញ្ចេញមតិ[…]ការដែលប្រជាពលរដ្ឋមានការសម្ភាសន៍ជាមួយស្ថាប័នសារព័ត៌មានណា តើយកច្បាប់ណាមកគាបសង្កត់? ថាតើការបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលគាត់សម្ភាសន៍ទៅ វាខុសតាមលក្ខខណ្ឌអ្វី?»។
Newsroom Cambodia មិនអាចសុំការបកស្រាយពីអភិបាលស្រុកឆែប លោក ឡុង សុបិន បាននៅឡើយទេនៅថ្ងៃទី១ ខែមីនានេះ។
ចំណែក មេប៉ុស្តិ៍ឃុំសង្កែ លោក ជុំ សុឡាង មានប្រសាសន៍ថា លោកបានមានវត្តមាននៅពេលចុះកិច្ចសន្យានោះមែន តែលោកមិនដឹងព័ត៌មានច្បាស់ទេ ដោយលោកបង្វែរឱ្យសួរទៅកាន់រដ្ឋបាលស្រុកវិញ។
លោកបញ្ជាក់ថា៖«រឿងនោះអ្នកជំនាញថា ការសម្ភាសន៍របស់លោកហៀម គឹមហុង នោះ គឺសម្ភាសន៍រឿងមិនពិត មិនមែនហាមមិនឱ្យសម្ភាសន៍ទេ ហាមតែរឿងណាដែលមិនពិតប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា អាជ្ញារធរគួរស្វែងរកដំណោះស្រាយលើបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលកំពុងកើតឡើង ដូចជា រឿងទំនាស់ដីធ្លី បញ្ហាដែលកើតឡើងក្នុងសហគមន៍ ជាជាងការឱ្យពលរដ្ឋធ្វើកិច្ចសន្យាផ្សេងៗ ដែលជាការរិតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «ការដែលឱ្យធ្វើកិច្ចសន្យាឈប់ផ្តល់ព័ត៌មាន ឬការបញ្ចេញមតិ ឬសកម្មភាពចូលរួមដើម្បីផលប្រយោជន៍រួម ឬផលប្រយោជន៍សង្គមទៅលើបុគ្គលណាមួយជារឿងរំលោភសិទ្ធិមនុស្ស» ។
លោកសង្កត់ធ្ងន់ថា ជនគ្រប់រូបត្រូវមានសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួន ដោយគ្មានការគម្រាមកំហែង ការវាយដំ និងការធ្វើទុក្ខបុកម្នេញគ្រប់ទម្រង់រូបភាព ហើយសិទ្ធិទាំងនេះត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស ដែលកម្ពុជាបានទទួលស្គាល់។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិទទួលនិងផ្តល់ព័ត៌មាន ត្រូវតែគោរពតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
គួរជម្រាបជូនថា ក្នុងព័ត៌មានរបស់អាស៊ីសេរីក្រោមចំណងជើង «ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់ពលរដ្ឋចំនួន២ខេត្ត» បានស្រង់សំដីលោក ហៀម គឹមហុង ថា ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន កំពុងឈូសឆាយ និងដាក់គ្រឿងចក្រនៅក្នុងដីសហគមន៍ឆែបខាងលិច ដែលជាកន្លែងគោរពបូជា និងព្រៃសហគមន៍ការពារ។ លោកបន្ថែមក្នុងសារព័ត៌មាននោះថា ពលរដ្ឋរស់នៅស្រុកឆែប ស្នើឱ្យរដ្ឋាភិបាល និងក្រុមហ៊ុន ដកគ្រឿងចក្រ និងបញ្ឈប់ការឈូសឆាយដីព្រៃសហគមន៍តទៅទៀត ពីព្រោះកន្លែងនោះជាទីពឹងរកអនុផលព្រៃឈើរបស់ប្រជាសហគមន៍នៅស្រុកឆែប ជាង៦០ភាគរយដែលបានអាស្រ័យផលនៅទីនោះ»៕