សមាជិក​សហគមន៍​​ព្រៃឈើម្នាក់​​នៅសហគមន៍​ព្រៃព្រះរកា ខេត្តព្រះវិហារ ចាត់ទុកការ​ហាម​ឃាត់រូបគាត់មិនឱ្យ​ផ្តល់​សម្ភាសន៍​​ជាមួយ​សារព័ត៌មាន​ក្រៅស្រុក​មួយ ពីសំណាក់អាជ្ញាធរ​ស្រុកឆែប ថាជាការ​រិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។

លោក ហៀម គឹមហុង ជាសមាជិកគណៈកម្មការ​សហគមន៍សង្កែ១ និងជាបណ្តាញសហគមន៍ព្រៃព្រះរការ បានឱ្យដឹងនៅថ្ងៃទី២៩ ខែកុម្ភៈថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកឆែប នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើ មេឃុំសង្កែ១ និងមេប៉ុស្តិ៍​ឃុំសង្កែ១ បានឱ្យ​​រូប​លោក​ធ្វើ​កិច្ច​សន្យា​ផ្តិត​មេដៃ​បញ្ឈប់​ផ្តល់​ព័ត៌​មាន​​ឱ្យ​សារព័ត៌​មាន​​អាស៊ីសេរី និង​ធ្វើសកម្មភាពផ្សេងៗដែលធ្វើឱ្យ​ខូចកិត្តិយសថ្នាក់ដឹកនាំ ដោយអាជ្ញាធរ​​ទាំងនោះ​ថា កិច្ច​សម្ភាសន៍​​របស់​​លោកជាមួយសារព័ត៌មាន​នោះ​ បាន​​ធ្វើឱ្យពួកគេ​​មានការរាំងស្ទះការងារមួយចំនួន។

លោកចាត់ទុកការ​ហាម​ឃាត់​របស់អាជ្ញាធរនេះ​ថា​ ​បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់លោក​ក្នុង​នាម​ជាប្រជាពលរដ្ឋ។

បុរសវ័យ​៣៨ឆ្នាំ រូប​នេះ បាននិយាយថា៖ «នេះជាការពិត ពួកគាត់បានហៅខ្ញុំទៅសួរនាំខ្ញុំអំពីមូលហេតុដែលខ្ញុំ​ផ្តល់​សម្ភាសន៍​អាស៊ីសេរី គេថារឿងនោះគេកំពុងដោះស្រាយ ហើយថាប៉ះពាល់ដល់ថ្នាក់ដឹកនាំ ពេលនោះខ្ញុំ​បាន​​​យល់​​ព្រម​ទទួលកំហុស​ក្នុងកិច្ច​សន្យា»។

លោកហៀម គឹមហុង បន្តថា៖«ខ្ញុំគិតថា ជាការរឹតត្បិតក្នុងការបញ្ចេញមតិ[…]​ការដែលប្រជាពលរដ្ឋមានការសម្ភាសន៍​ជាមួយស្ថាប័នសារព័ត៌មានណា តើយក​ច្បាប់​ណាមក​គាបសង្កត់? ថាតើការបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលគាត់សម្ភាសន៍​ទៅ វាខុសតាមលក្ខខណ្ឌអ្វី?»។

Newsroom Cambodia មិនអាចសុំការបកស្រាយពីអភិបាល​ស្រុក​ឆែប លោក ឡុង សុបិន បាននៅឡើយទេនៅថ្ងៃទី១ ខែមីនានេះ។

ចំណែក មេប៉ុស្តិ៍ឃុំសង្កែ លោក ជុំ សុឡាង មាន​ប្រសាសន៍​ថា លោកបានមានវត្តមាននៅពេលចុះកិច្ចសន្យា​នោះ​មែន តែលោកមិនដឹងព័ត៌មានច្បាស់ទេ ដោយលោកបង្វែរ​ឱ្យសួរទៅកាន់​​រដ្ឋបាលស្រុកវិញ។

លោកបញ្ជាក់ថា៖«រឿងនោះអ្នកជំនាញថា ការសម្ភាសន៍របស់លោកហៀម គឹមហុង នោះ គឺសម្ភាសន៍រឿងមិនពិត មិន​មែន​ហាម​មិន​ឱ្យ​សម្ភាសន៍​ទេ ហាម​តែ​រឿង​ណាដែ​ល​មិន​ពិតប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា អាជ្ញារធរគួរស្វែងរកដំណោះ​ស្រាយលើ​​​បញ្ហាផ្សេង​ៗរបស់ប្រជាពលរដ្ឋ​​ ​ដែលកំពុងកើតឡើង ដូចជា រឿងទំនាស់ដីធ្លី បញ្ហាដែលកើតឡើង​ក្នុងសហគមន៍ ជាជាងការឱ្យពលរដ្ឋធ្វើកិច្ចសន្យាផ្សេងៗ ដែលជាការរិតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ​។

លោកបន្ថែមថា៖ «ការដែលឱ្យធ្វើកិច្ចសន្យាឈប់ផ្តល់ព័ត៌​មាន ឬការបញ្ចេញមតិ ឬ​សកម្មភាព​ចូល​រួម​ដើម្បី​ផលប្រយោជន៍រួម ឬផលប្រយោជន៍សង្គមទៅលើបុគ្គលណាមួយជារឿងរំលោភសិទ្ធិមនុស្ស» ។

លោកសង្កត់ធ្ងន់ថា ជនគ្រប់រូបត្រូវមានសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួន ដោយ​គ្មាន​ការ​គម្រាម​កំហែង ការ​វាយ​ដំ និងការធ្វើទុក្ខបុកម្នេញគ្រប់​ទម្រង់រូបភាព ហើយ​សិទ្ធិទាំងនេះត្រូវបានការពារ​ដោយ​រដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរ​ជាតិស្តីពី​សិទ្ធិមនុស្ស ដែលកម្ពុជាបានទទួលស្គាល់។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិទទួលនិងផ្តល់​ព័ត៌​មាន ត្រូវតែគោរពតាមគោលការណ៍​នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។

គួរជម្រាបជូនថា ក្នុងព័ត៌មានរបស់​អាស៊ីសេរីក្រោមចំណងជើង «ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់ពលរដ្ឋចំនួន២ខេត្ត» បានស្រង់សំដីលោក ហៀម គឹមហុង ថា ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន កំពុងឈូសឆាយ និងដាក់គ្រឿងចក្រនៅក្នុងដីសហគមន៍ឆែបខាងលិច ដែលជាកន្លែងគោរពបូជា និងព្រៃសហគមន៍ការពារ។ លោក​​បន្ថែមក្នុងសារព័ត៌មាន​នោះ​​ថា ពលរដ្ឋរស់នៅស្រុកឆែប ស្នើឱ្យរដ្ឋាភិបាល និងក្រុមហ៊ុន ដកគ្រឿងចក្រ និងបញ្ឈប់​ការឈូសឆាយដីព្រៃសហគមន៍តទៅទៀត ពី​ព្រោះកន្លែងនោះជាទីពឹងរកអនុផលព្រៃឈើរបស់ប្រជាសហគមន៍​នៅស្រុកឆែប ជាង​៦០ភាគរយដែលបានអាស្រ័យផលនៅទីនោះ»៕