ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ក្រើនរំលឹកដល់កងកម្លាំងនគរបាល និងយោធា កុំឱ្យយកយានយន្តអង្គភាព ដែលមានផ្លាកលេខនគរបាល (ន.ប) និងផ្លាកលេខចរាចរខេមរភូមិន្ទ (ខ.ម) ទៅប្រើប្រាស់ជាលក្ខណៈឯកជនខុសពីគោលការណ៍ ឬជួលទៅឱ្យជនស៊ីវិល ឬជនបរទេសបើកបរបង្កឱ្យមានការប៉ះពាល់ដល់សង្គម។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់បទបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ពង្រឹងការគ្រប់គ្រង និងចាត់វិធានការចំពោះការប្រើប្រាស់យានយន្តផ្លាកលេខនគរបាល (ន.ប) ជាលក្ខណៈឯកជនខុសពីគោលការណ៍ច្បាប់កំណត់។
លោកថ្លែងថា៖ «ខ្ញុំសុំយកឱកាសនេះដាស់តឿន និងផ្ដាំផ្ញើដល់មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃ ពិសេសកងកម្លាំងនគរបាលដែលប្រើប្រាស់ផ្លាកលេខ នប ខុសរឿង។ នប មួយចំនួនជិះទៅធ្វើការកាស៊ីណូ ហើយកាលពីមុនជិះទៅឈប់មុខ KTV អញ្ចឹងឡានហ្នឹង មិនអាចឱ្យខ្ចី ឬឱ្យទៅលើអ្នកណាម្នាក់ទៀត សូមប្រើប្រាស់ឱ្យចំមុខ ចំជំនាញ»។
ស្របពេលគ្នានេះដែរ នាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ ក៏បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ការប្រើប្រាស់យាន្តយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា ស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ឬ ខ.ម ក្នុងរយៈពេលចុងក្រោយនេះ បានកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។
សេចក្តីជូនដំណឹងដដែល រំលឹកថា អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ការប្រើប្រាស់យានយន្តដាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគវិស័យការពារជាតិនានា ក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានថ្លែងថា ករណីដែលមានជនស៊ីវិល និងជនបរទេស មានសិទ្ធិបើកបរ និងកាន់កាប់យាន្តយន្តដែលមានផ្លាកលេខខេមរភូមិន្ទ សុទ្ធសឹងតែជាករណីដែលមានការលួចជួលដោយសម្ងាត់ ពីសំណាក់បុគ្គលមិនស្គាល់អត្តសញ្ញាណ។
លោកថា៖ «អាឡានហ្នឹង ជួនកាលគាត់ជួលគេ ភាគច្រើនគេតែងតែជួលគេ ហើយអ្នកជួលហ្នឹងមិនដឹងជាបុគ្គលមកពីណាខ្លះទេ ដែលមានសិទ្ធិកាន់កាប់ឡានស្លាកលេខខេមរភូមិន្ទទាំងអស់ហ្នឹង […] ជាមុំ យើងត្រូវតែពង្រឹងវិន័យឱ្យបានច្បាស់លាស់ខាងខេមរភូមិន្ទយើង ហើយដាក់នូវកម្លាំង ផ្សព្វផ្សាយឱ្យបបានម៉ឹងម៉ាត់ ចំពោះបញ្ហាស្លាកលេខហ្នឹង»។
លោកបានបន្ថែមថា ទាំងអ្នកជួលឡានពីគេ និងអ្នកដែលជួលឡានឱ្យគេ សុទ្ធតែត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ទាំងអស់គ្នា។
លោក ឈុំ សុជាតិ ថ្លែងថា៖ «ការជួលជារឿងបុគ្គល តែមានការប៉ះពាល់ យើងត្រូវទទួលខុសត្រូវតាមច្បាប់ហើយរឿងហ្នឹង ហើយបើចាប់បានយើងត្រូវតែដាក់វិធានការទៅតាមជាក់ស្តែង […] ហើយអ្នកដែលជួលឡានឱ្យគេគឺសុទ្ធតែពាក់ព័ន្ធហើយ ឡានគេអនុញ្ញាតឱ្យប្រើតែនៅក្នុងអង្គភាព ដល់យើងយកទៅជួលឱ្យគេចឹងវាខុសច្បាប់ហើយ ហើយគាត់ដាច់ខាតត្រូវតែទទួលការចាត់វិធានការទៅតាមផ្លូវច្បាប់ដែលបានចែង។
អ្នកនាំពាក្យរូបនេះ ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ទាំងកម្ពុជា និងជនជាតិបរទេស ដែលមានសិទ្ធិបើកបរនៅក្នុងប្រទេសកម្ពុជា បង្កើនការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាអ្នករងគ្រោះ និងបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា អ្នកប្រើប្រាស់យានយន្តដែលមានបំពាក់ស្លាកលេខខេមរភូមិន្ទ និងនគរបាល ហើយបានទៅប្រព្រឹត្តរឿងមិនសមរម្យនោះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់កេរ្តិ៍ឈ្មោះនៃអង្គភាពសាម៉ីរបស់ពួកគេ។
លោកថា៖ «វាប៉ះពាល់ទៅដល់សង្គមច្រើន យើងឃើញថាករណីខ្លះបានបង្កជាគ្រោះថ្នាក់ចរាចរណ៍ ឬក៏យករថយន្តហ្នឹងទៅប្រព្រឹត្តិអំពើទុច្ចរិតផ្សេងៗទៀត ដែលធ្វើឱ្យកាន់តែប៉ះពាល់ខ្លាំងទៅដល់កេរ្តិ៍ឈ្មោះ […] រថយន្តដែលមានពាក់ស្លាកលេខខេមរភូមិន្ទទាំងនេះ ប្រើប្រាស់បានដើម្បីបំពេញបេសកកម្មប៉ុណ្ណោះ មិនអាចឱ្យជនស៊ីវិល ឬជនជាតិបរទេសណាយកមកប្រើប្រាស់បានតាមអំពើចិត្តនោះទេ»។
លោក អំ សំអាត ក៏បានជំរុញឱ្យមានកាតដាក់ចេញនូវវិធានការច្បាប់តឹងរឹង ដើម្បីធានាឱ្យបាននូវសុខសន្តិភាព របៀបរៀបរយនៅក្នុងសង្គម និងរក្សាការពារនូវមុខមាត់របស់កងកម្លាំងទាំងមូលផងដែរ។
អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន បានលើកឡើងដែរថា ករណីដែលបានកើតឡើងទាំងនេះ បង្ហាញពីភាពអនាធិបតេយ្យ ក៏ដូចជាកម្សោយនៃការអនុវត្តច្បាប់នៅក្នុងសង្គម។ លោកបន្តថា ការដែលយានយន្តដែលមានស្លាកលេខខេមរភូមិន្ទ និងនគរបាលនេះ ធ្លាក់ទៅដល់ដៃជនស៊ីវិល និងជនជាតិបរទេស អាចជាករណីក្លែងបន្លំផ្លាកលេខ និងជាប់ពាក់ព័ន្ធនឹងការគប់គិត ក៏ដូចជាអំពើពុករលួយ។
លោកថា៖ «អាចមានគេលក់ស្លាកលេខទាំងនេះទៅឱ្យជនបរទេស និងអាចមានពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយដូចគ្នា […] ការបណ្តែតបណ្តោយឱ្យជនបរទេស ប្រើប្រាស់ស្លាកលេខសម្រាប់អាជ្ញាធរមានសមត្ថកិច្ចបែបនេះ វាបង្ហាញអំពីភាពអនាធិបតេយ្យ និងការបាត់បង់នូវគុណតម្លៃ អំណាចរបស់អាជ្ញាធរ ដែលមានទាំងប៉ូលីស ទាហានអីជាដើម»។
ទោះជាយ៉ាងណា លោកថា នេះមិនមែនជារឿងអ្វីដែលថ្មីនោះទេ ដោយឡែកវិធានការដែលបានដាក់ចេញជាហូហែរកន្លងមក ហាក់មិនមានប្រសិទ្ធិភាព។
លោកថា៖ «ចំណាត់ការកន្លងមកហ្នឹងក៏មាន ប៉ុន្តែដូចជាមិនមានប្រសិទ្ធិភាព […] តាមពិតទៅអាជ្ញាធរយើងមានសមត្ថភាពខ្ពស់ បើសិនជាមានឆន្ទៈ និងគណនេយ្យភាពនយោបាយ ហើយចង់ធ្វើពិតប្រាកដ ខ្ញុំគិតថាអាចធ្វើបាន។ »
ការក្រើនរំលឹករបស់ថ្នាក់ដឹកនាំក្រសួងទាំង២ បានធ្វើឡើងក្រោយពីមានករណីអ្នកជំនួញជនជាតិវៀតណាមម្នាក់ បានបើករថយន្ត Ford ស្លាកខេមរភូមិន្ទ ខ្វះការប្រុងប្រយ័ត្ន បុករ៉ម៉ក់ដឹកកម្មករ ម៉ូតូកង់បី និងម៉ូតូ បណ្តាលឱ្យកម្មករកម្មការិនីចំនួន ៣១នាក់ រងរបួសធ្ងន់និងស្រាល កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពពីសមត្ថកិច្ច អ្នកបើកររថយន្តបង្កនោះមានឈ្មោះ PHAM MINH CANH ជនជាតិវៀតណាម អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ បច្ចុប្បន្ន បុរសជនជាតិវៀតណាមរូបនេះ ត្រូវបានសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ដោយចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យមានរបួសដល់អ្នកដទៃ (ជនរងគ្រោះជាច្រើននាក់ និងគ្មានប័ណ្ណបើកបរ), បើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន, រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា»។
ចំណែក កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏មានករណីបុរសជនជាតិចិន បើករថយន្ត LEXUS GS300 ពណ៌ខ្មៅ ពាក់ផ្លាកលេខខេមរភូមិន្ទ 02 2-4572 បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ ហើយជនបង្កឈានដល់មានការប៉ះទង្គិចពាក្យសម្ដីគ្នាជាមួយសមត្ថកិច្ចនគរបាលខេត្តថែមទៀតផង។ នេះបើតាមការឱ្យពីអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន។ ប្រភពដដែលបន្តថា ជនជាតិចិនដែលជាអ្នកបើកបររូបនេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៣ កុម្ភៈ និងត្រូវបានសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីច្បាប់៕