ក្រសួងមហាផ្ទៃ និង​ក្រសួងការពារ​ជាតិ ក្រើនរំលឹកដល់កងកម្លាំងនគរបាល និងយោធា កុំឱ្យ​យក​យាន​យន្ត​អង្គភាព ដែលមាន​ផ្លាកលេខនគរបាល (ន.ប) និងផ្លាកលេខចរាចរខេមរភូមិន្ទ (ខ.ម) ទៅប្រើ​ប្រាស់ជាលក្ខណៈឯកជន​​ខុសពីគោលការណ៍ ឬជួលទៅឱ្យជនស៊ីវិល ឬជនបរទេស​​បើកបរ​បង្កឱ្យមានការប៉ះពាល់​ដល់​សង្គម។​​

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បាន​ដាក់​បទ​បញ្ជាឱ្យ​​អគ្គ​ស្នង​ការ​ដ្ឋាននគរបាលជាតិ ពង្រឹង​ការ​គ្រប់​គ្រង និង​ចាត់​វិធានការ​ចំពោះការ​ប្រើប្រាស់យាន​យន្ត​​ផ្លាក​លេខ​នគរបាល (ន.ប) ជាលក្ខណៈឯកជន​ខុស​ពីគោលការណ៍ច្បាប់កំណត់។

លោកថ្លែង​ថា៖​ «ខ្ញុំសុំយកឱកាសនេះដាស់តឿន និង​ផ្ដាំផ្ញើដល់មន្ដ្រីក្រោមឱវាទ​ក្រសួង​មហា​ផ្ទៃ ពិសេស​កងកម្លាំងនគរបាលដែលប្រើប្រាស់ផ្លាកលេខ នប ខុសរឿង។ នប មួយ​ចំនួន​ជិះ​ទៅ​ធ្វើ​ការ​កាស៊ី​ណូ ហើយកាលពីមុនជិះទៅឈប់មុខ KTV អញ្ចឹងឡានហ្នឹង​ មិនអាចឱ្យ​​ខ្ចី ឬ​ឱ្យ​​ទៅលើអ្នកណាម្នាក់ទៀត សូម​ប្រើប្រា​ស់ឱ្យ​​ចំមុខ ចំជំនាញ»

ស្របពេលគ្នានេះដែរ នាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ ក៏បានចេញសេចក្តីជូនដំណឹង​មួយ ស្តីពី ការប្រើប្រាស់យាន្តយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ កាលពី​​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើក​ឡើ​ង​ថា ស្ថាន​ភាព​នៃការប្រើប្រាស់យានយន្តពាក់ផ្លាក​លេខ​ចរាចរខេមរភូមិន្ទ ឬ ខ.ម ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ បាន​កើតមាននូវបាតុភាពមួយ​ចំនួន​ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម​សាធារណៈ ដូច​ជា បញ្ហា​គ្រោះថ្នា​ក់​ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួន​មាន​ភាព​ក្រអឺតក្រទម​មិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមាន​ការវាយតម្លៃ និង​ទទួលការ​រិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។

សេចក្តីជូនដំណឹងដដែល ​រំលឹក​ថា អ្នក​​ប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ​ត្រូវ​តែ​ជានាយទាហាន​ដែល​មាន​សិទ្ធ​ពេញ​លេញ ដោយ​មិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់​បានឡើយ។

សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ការប្រើប្រាស់​យាន​យន្តដាក់​ផ្លាកលេខ​ចរាចរខេមរភូមិន្ទ ត្រូវ​ស្របតាមការ​កំណត់​របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុន​សហការ​វិនិយោគវិស័យការពារជាតិនានា ក៏ត្រូវ​បាន​អនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្ត​ការប្រើប្រាស់ផ្ទុយពីខ្លឹមសារខាង​លើ អគ្គនាយក​ដ្ឋាន​សម្ភារៈបច្ចេកទេស​ ក្រសួងការពារ​ជាតិ នឹងចាត់វិធានការ​ច្បាប់ជាធរមាន»។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានថ្លែងថា ករណី​ដែល​មានជន​ស៊ីវិល និងជន​បរទេស មានសិទ្ធិបើកបរ និងកាន់កាប់យាន្តយន្តដែលមានផ្លាក​លេខខេមរភូមិន្ទ សុទ្ធ​​សឹង​​តែជា​ករណី​ដែលមានការលួច​ជួលដោ​យសម្ងាត់ ពីសំណាក់បុគ្គលមិនស្គាល់អត្តសញ្ញាណ។

លោកថា៖ «អាឡានហ្នឹង ជួនកាលគាត់ជួលគេ ភាគច្រើនគេតែងតែជួលគេ ហើយអ្នកជួលហ្នឹងមិនដឹងជាបុគ្គលមកពីណាខ្លះទេ ដែលមានសិទ្ធិកាន់កាប់ឡានស្លាកលេខ​ខេមរភូមិន្ទទាំងអស់ហ្នឹង […] ជា​មុំ យើង​ត្រូវ​តែពង្រឹងវិន័យឱ្យ​បានច្បាស់លាស់ខាងខេមរភូមិន្ទយើង ហើយដាក់​នូវ​កម្លាំង ផ្សព្វ​ផ្សាយ​ឱ្យ​បបានម៉ឹង​ម៉ាត់​ ចំពោះបញ្ហាស្លាកលេខហ្នឹង»។

លោកបានបន្ថែមថា ទាំងអ្នកជួលឡានពីគេ និងអ្នកដែលជួលឡានឱ្យ​​គេ សុទ្ធតែត្រូវប្រឈមមុខចំពោះ​ផ្លូវច្បាប់ទាំងអស់គ្នា។

លោក ឈុំ សុជាតិ ថ្លែង​ថា៖ «ការជួលជារឿងបុគ្គល តែមានការប៉ះពាល់ យើង​ត្រូវទទួលខុសត្រូវតាមច្បាប់ហើយរឿងហ្នឹង ហើយបើចាប់បានយើងត្រូវតែដាក់វិធានការទៅតាមជាក់ស្តែង […] ហើយអ្នកដែលជួលឡានឱ្យ​គេគឺសុទ្ធតែពាក់ព័ន្ធហើយ ឡានគេអនុញ្ញាតឱ្យ​ប្រើតែនៅក្នុងអង្គភាព ដល់យើងយក​ទៅជួលឱ្យ​គេចឹងវាខុសច្បាប់ហើយ ហើយគាត់ដាច់ខាតត្រូវតែទទួលការចាត់វិធានការទៅតាមផ្លូវច្បាប់ដែលបានចែង។ 

អ្នកនាំពាក្យរូបនេះ ក៏បានជំរុញ​ឱ្យ​​ប្រជាពលរដ្ឋ ទាំងកម្ពុជា និងជនជាតិបរទេស ដែលមានសិទ្ធិបើកបរនៅក្នុងប្រទេសកម្ពុជា បង្កើន​ការ​គោរព​ច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាអ្នករងគ្រោះ  ​និង​​បាត់បង់ជីវិតក្នុង​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញ​​ថា អ្នក​ប្រើប្រាស់យានយន្តដែលមា​ន​បំពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ និង​នគរបាល ហើយ​បាន​​ទៅប្រព្រឹត្តរឿង​មិនសមរម្យនោះ​ បាន​ជះ​ឥទ្ធិពលយ៉ាងខ្លាំងទៅដល់កេរ្តិ៍ឈ្មោះនៃអង្គភាពសាម៉ីរបស់ពួកគេ​​។

លោកថា៖ «វាប៉ះពាល់ទៅដល់សង្គមច្រើន យើង​ឃើញថា​ករណីខ្លះបានបង្កជាគ្រោះថ្នាក់ចរាចរណ៍ ឬក៏យករថយន្តហ្នឹងទៅប្រព្រឹត្តិអំពើទុច្ចរិតផ្សេងៗទៀត ដែលធ្វើឱ្យ​កាន់តែប៉ះពាល់ខ្លាំងទៅដល់កេរ្តិ៍ឈ្មោះ […] រថយន្តដែលមានពាក់ស្លាកលេខខេមរភូមិន្ទទាំងនេះ ប្រើប្រាស់បានដើម្បីបំពេញបេសក​កម្ម​ប៉ុណ្ណោះ មិនអាចឱ្យ​ជនស៊ីវិល ឬជនជាតិបរទេសណាយកមកប្រើប្រាស់បានតាមអំពើចិត្តនោះទេ»។

លោក អំ សំអាត ក៏បានជំរុញ​ឱ្យ​​មានកាតដាក់ចេញនូវវិធានការច្បាប់តឹងរឹង ដើម្បីធានាឱ្យ​បាននូវសុខសន្តិភាព របៀបរៀបរយនៅក្នុងសង្គម និងរក្សាការពារនូវ​មុខមាត់របស់កងកម្លាំង​ទាំងមូល​ផង​ដែរ។

អ្នក​ជំនាញ​ផ្នែក​ទស្សនវិជ្ជា​ អប់រំ​ និង​ជា​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ច័ន្ទរឿន​ បានលើកឡើង​ដែរ​ថា ករណីដែលបានកើតឡើងទាំងនេះ បង្ហាញពីភាពអនាធិបតេយ្យ ក៏ដូចជាកម្សោយ​នៃការអនុវត្តច្បាប់នៅក្នុងសង្គម​។ លោកបន្ត​ថា ការដែលយានយន្តដែលមានស្លាកលេខខេមរភូមិន្ទ និងនគរ​បាល​​នេះ ធ្លាក់ទៅដល់ដៃជនស៊ីវិល និងជនជាតិបរទេស អាចជាករណីក្លែងបន្លំ​ផ្លាកលេខ និង​ជាប់ពាក់ព័ន្ធនឹងការគប់គិត​ ក៏ដូចជាអំពើពុករលួយ។

លោកថា៖ «អាចមានគេលក់ស្លាកលេខទាំងនេះទៅឱ្យ​ជនបរទេស និងអាចមានពាក់ព័ន្ធនឹងបញ្ហាអំពើ​ពុករលួយដូចគ្នា […] ការបណ្តែតបណ្តោយឱ្យ​ជនបរទេស ប្រើប្រាស់​ស្លាក​លេខ​សម្រាប់​អាជ្ញាធរ​មាន​ស​មត្ថកិច្ចបែបនេះ វាបង្ហាញអំពីភាពអនាធិបតេយ្យ និងការបាត់បង់នូវគុណតម្លៃ អំណាចរបស់អាជ្ញាធរ ដែលមានទាំងប៉ូលីស ទាហានអីជាដើម»។

ទោះជាយ៉ាងណា លោកថា នេះ​​មិនមែនជារឿងអ្វីដែលថ្មីនោះទេ ដោយឡែក​វិធានការដែលបានដាក់ចេញជាហូហែរកន្លងមក ហាក់មិនមានប្រសិទ្ធិភាព។

លោកថា៖ «ចំណាត់ការកន្លងមកហ្នឹងក៏មាន ប៉ុន្តែដូចជាមិនមានប្រសិទ្ធិភាព […] តាមពិតទៅអាជ្ញាធរយើងមានសមត្ថភាពខ្ពស់ បើសិនជាមានឆន្ទៈ និងគណនេយ្យភាពនយោបាយ ហើយចង់ធ្វើពិតប្រាកដ ខ្ញុំគិតថាអាចធ្វើបាន។ »

ការក្រើនរំលឹករបស់ថ្នាក់ដឹកនាំក្រសួងទាំង២ បានធ្វើឡើង​ក្រោយពីមាន​ករណីអ្នកជំនួញជនជាតិ​វៀតណាម​ម្នាក់ បាន​បើករថយន្ត Ford ស្លាកខេមរភូមិន្ទ ខ្វះការប្រុងប្រយ័ត្ន បុករ៉ម៉ក់ដឹកកម្មករ ម៉ូតូកង់បី និងម៉ូតូ បណ្តាល​ឱ្យ​កម្មករ​កម្មការិនីចំនួន ៣១នាក់ រងរបួស​ធ្ងន់និងស្រាល កាលពី​​រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ច អ្នកបើកររថយន្តបង្កនោះមាន​ឈ្មោះ PHAM MINH CANH ជនជាតិវៀតណាម អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ បច្ចុប្បន្ន បុរសជនជាតិវៀតណាមរូបនេះ ត្រូវបានសាលាដំបូង​ខេត្តកណ្តាល​សម្រេចឃុំខ្លួន​ជាបណ្តោះអាសន្ននៅពន្ធនាគារ ដោយចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យមាន​របួស​ដល់អ្នកដទៃ (ជនរងគ្រោះជាច្រើននាក់ និងគ្មានប័ណ្ណបើកបរ), បើកបរក្រោមឥទ្ធិ​ពល​នៃ​គ្រឿងញៀន, រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយាន​យន្ត​ដែល​មានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា»។​

ចំណែក កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏មានករណីបុរសជនជាតិ​ចិន បើករថយន្ត LEXUS GS300 ពណ៌ខ្មៅ ពាក់ផ្លាកលេខខេមរភូមិន្ទ 02 2-4572 បានបង្កឱ្យ​​មានគ្រោះថ្នាក់ចរាចរណ៍ នៅ​ខេត្តព្រះសីហនុ ហើយ​​ជនបង្ក​ឈានដល់មាន​ការប៉ះទង្គិចពាក្យសម្ដីគ្នាជាមួយ​សមត្ថកិច្ចនគរបាល​ខេត្តថែមទៀតផង។​ នេះបើតាមការ​ឱ្យពីអភិបាល​ខេត្តព្រះសីហនុ​ លោក គួច ចំរើន។ ប្រភពដដែលបន្តថា ជនជាតិចិនដែលជាអ្នកបើកបររូបនេះ ត្រូវបានឃាត់ខ្លួនកាលពី​ថ្ងៃទី២៣ កុម្ភៈ និងត្រូវបាន​សមត្ថកិច្ច​ចាត់ការទៅតាមនីតិវិធីច្បាប់៕