លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនានេះ បានទៅបង់ប្រាក់ពិន័យចំនួន ២លានរៀល ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅសាលាដំបូងរាជធានីភ្នំពេញ ទៅតាមការបង្គាប់របស់តុលាការ។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតដោយបង្គាប់ឱ្យលោក រ៉ុង ឈុន បង់ប្រាក់ពិន័យចំនួន ២លានរៀល ក្នុងសំណុំរឿងរបស់លោក ឱ្យបានមុនថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ទៅតាមអំណាចសាលដីការបស់តុលាការកំពូល។
លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកបានយកប្រាក់ចំនួន ២លានរៀល ដែលទទួលបានពីសប្បុរសជនមួយចំនួន ទៅបង់ឱ្យតុលាការហើយ នៅព្រឹកថ្ងៃសុក្រនេះ។ លោកយល់ថា ការតម្រូវឱ្យលោកបង់ប្រាក់ពិន័យតក់ក្រហល់បែបនេះ ថាជាការរឹតបន្តឹងធ្ងន់ធ្ងរទៅលើរូបលោក។
លោកបន្តថា៖ «ការជូនដំណឹងនេះតក់ក្រហល់ ហាក់បីដូចជាស្ទើតែអស់ពេល ព្រោះយើងដឹងហើយថា លិខិតចេញថ្ងៃទី១៩ ខ្ញុំបានទទួលថ្ងៃទី២៨ ម៉ោង៤កន្លះ ក្នុងលិខិតនោះបញ្ជាឱ្យបានមុនថ្ងៃទី៤ រៀងរាល់ម៉ោងធ្វើការ អញ្ចឹងមុនថ្ងៃទី៤ មានតែថ្ងៃពីម្សិលមិញ […] យើងឃើញថាវាជាការដាក់បន្ទុក រឹតបណ្តឹងធ្ងន់ធ្ងរ យើងដឹងហើយលុយ ២លានរៀល ចំពោះអ្នកមានលទ្ធភាព មិនបញ្ហា ប៉ុន្តែអ្នកអត់លុយដូចខ្ញុំ មានការលំបាក ព្រោះយើងគ្មានប្រាក់ចំណូលប្រចាំខែផង»។
កាលពីចុងខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយលោកនិយាយរិះគន់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។
នៅខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍បានសម្រេចដោះលែងលោក រ៉ុង ឈុន ក្រោយពីលោកជាប់ពន្ធនាគាររយៈពេល ១៥ ខែ និង ១១ ថ្ងៃ នៃពន្ធនាគារសរុបចំនួន ២៤ខែ ហើយទោសដែលនៅសល់ត្រូវបានព្យួរ។
ជុំវិញសំណុំរឿងនេះ លោក រ៉ុង ឈុន បានថ្លែងថា៖ «វាជារឿងអយុត្តិធម៌ បើតុលាការអនុវត្តតាមវិជ្ជាជីវៈ វិនិច្ឆ័យទៅតាមគតិទាំងបួនយ៉ាង មិនលម្អៀង ប្រកាន់នូវយុត្តិធម៌ តាមវិជ្ជាជីវៈ ម្លេះយើងមិនត្រូវទទួលពិន័យ ឬមួយត្រូវចាប់ខ្លួនដាក់ពន្ធនាគារទេ ពីព្រោះយើងធ្វើកិច្ចការងារសង្គម ហើយមិនមែនធ្វើការញុះញង់ប្រជាពលរដ្ឋ ឱ្យសង្គមប៉ះបោរឱ្យមានចលាចលសង្គមអីណា អត់មានផង វាអយុត្តិធម៌ ប៉ុន្តែធ្វើម៉េចប្រព័ន្ធតុលាការបែបនឹងហើយ»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេគិតត្រឹមល្ងាចថ្ងៃទី១ ខែមីនានេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កាលណាសាលក្រម ឬសាលដីកាចូលជាស្ថាពរ តំណាងរដ្ឋដែលជាអយ្យការអាចទាមទារឱ្យសាមីជនបង់ប្រាក់ពិន័យដើម្បីចូលរដ្ឋ។ ទោះជាយ៉ាងណា លោកថា តំណាងអយ្យការគួរតែទុកពេលវេលាសមស្របមួយ ដើម្បីឱ្យសាមីខ្លួនមានពេលវេលានៅក្នុងការបង់ប្រាក់ផាកពិន័យនេះ។
លោកថ្លែងថា៖ «ករណីលោក រ៉ុង ឈុន នេះដីកាឃើញចេញយូរ ប៉ុន្តែលោក រ៉ុង ឈុន ទទួលបាន វារាងគៀកនៅក្នុងការបង់ ចឹងនីតិវិធីនៃការបង់វាហាក់បីដូចជាយឺតយ៉ាវ ពេលវេលាសមរម្យវាជារឿងល្អ ហើយសាមីខ្លួន និងព្រះរាជាអាជ្ញាក៏ជជែកគ្នាផងដែរចំពោះបញ្ហាហ្នឹង ថាលទ្ធភាពនៃការបង់វាយ៉ាងម៉េច ទៅតាមនីតិវិធីទេ»។
គួរបញ្ជាក់ថា ការទៅបង់ប្រាក់ពិន័យរបស់ លោក រ៉ុង ឈុន នៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រនេះ ក៏មានការអមដំណើរពីថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិជាច្រើននាក់ផងដែរ៕