រាជរដ្ឋាភិបាល បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និងអនុវត្តនូវវិធានាការមួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។
យោងតាមសារាចររបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា ក្នុងឆ្នាំកន្លងទៅ ករណីអគ្គិភ័យមានការកើនឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសនៅតាមសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាលនិងឧស្សាហកម្មទេសចរណ៍ ដែលបានបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងដំណើរការអាជីវកម្ម។
សារាចរដដែល បន្តថា មូលហេតុចម្បងៗនៃគ្រោះអគ្គិភ័យមានជាអាទិ៍ ការឆ្លងចរន្តអគ្គិសនី ការធ្វេសប្រហែសក្នុងការអនុវត្តវិធានការចាំបាច់ស្តីពីសុវត្ថិភាពអគ្គិភ័យ ជាពិសេសវិធានការត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍សម្រាប់តភ្ជាប់បណ្តាញ ចរន្តអគ្គិសនី និងសម្ភារៈដំណើរការដោយចរន្តអគ្គិសនីផ្សេងៗជាដើម។
ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការនិងទប់ស្កាត់ឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ ស្របពេលដែលមានការជូនដំណឹងស្តីពីការឡើងកម្ដៅអាកាសធាតុរហូតដល់ ៤១អង្សាសេ នៅក្នុងខែមេសា និងដើមខែឧសភា ខាងមុខនេះ រដ្ឋាភិបាល បានណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់និយោជក និងកម្មករនិយោជិត ពីច្បាប់ស្តីពីការងារ ច្បាប់ស្តីពីការបង្ការនិងការពន្លត់អគ្គិភ័យ និងលិខិតបទដ្ឋានគតិយុត្តនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ជាមួយគ្នានេះដែរ រដ្ឋាភិបាល ក៏បានណែនាំដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវគោលការណ៍ វិធានការត្រួតពិនិត្យឧបករណ៍ សម្ភារៈ បរិក្ខាបង្ការ និងពន្លត់អគ្គិភ័យ និងការហ្វឹកហាត់ពីជំនាញបង្ការ និងពន្លត់អគ្គិភ័យដល់អ្នកពាក់ព័ន្ធ និងស្ម័គ្រចិត្ត ព្រមទាំងត្រូវត្រួតពិនិត្យបច្ចេកទេសសំណង់ អនុលោមតាមបទប្បញត្តិសុវត្ថិភាពអគ្គិភ័យផងដែរ។
សារាចររបស់រដ្ឋាភិបាល បានគូសបញ្ជាក់ដែរថា៖ «និយោជកជាម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាននិមួយៗ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ច និងវិធានការសុវត្ថិភាពអគ្គិភ័យ និងទទួលខុសត្រូវរាល់ទង្វើ និងការធ្វេសប្រហែសនានា ដែលបង្កឱ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើងនៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន[…] កម្មករនិយោជិត ត្រូវចូលរួមឱ្យបានត្រឹមត្រូវតាមវិធានការសុវត្ថិភាពអគ្គិភ័យ ដែលសហគ្រាសគ្រឹះស្ថានបានកំណត់ និងដាក់ចេញ ស្របតាមច្បាប់»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា រដ្ឋាភិបាលបានចេញសេចក្តីប្រកាសនេះឡើង ក្នុងគោលបំណងដើម្បីបង្ការហានិភ័យនៃគ្រោះថ្នាក់អគ្គិភ័យ នៅតាមរោងចក្រ សហគ្រាសធំៗ នាពេលអនាគត។
លោកថា៖ «នាយករដ្ឋមន្រ្តីដែលលោកចេញសារាចរនេះ គឺដោយសារតែលោកយកចិត្តទុកដាក់សុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ របស់សហគ្រិនអ្នករកស៊ីនៅស្រុកខ្មែរយើង ក៏ដូចជាទេសចរណ៍ ដូច្នេះហើយបានជាលោកចេញសារាចរណែនាំហ្នឹង ពីព្រោះរដូវនេះ ជារដូវប្រាំងដែលមានអគ្គិភ័យកើតឡើង ហើយអគ្គិភ័យខ្លះកើតឡើងក្នុងទ្រង់ទ្រាយធំ វាធើ្វឱ្យឆេះខូចខាតរោងចក្រសហគ្រាស វាខូចខាតទ្រព្យសម្បត្តិច្រើន ហើយក៏ជួនកាល វាប៉ះពាល់ដល់អាយុជីវិតមនុស្សទៅទៀត»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្កាលវិជ្ជាជីវ: លោក កត្តា អ៊ន មានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងក៏បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីស្វែងរកវិធានការទប់ស្កាត់ផងដែរ ក្នុងនោះ អន្តរក្រសួងបានចេញសេចក្តីណែនាំ និងចុះផ្សព្វផ្សាយដល់ម្ចាស់គ្រឹះស្ថាន សហគ្រាសនានា។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវថា៖ «អំពាវនាវឱ្យការចូលរួមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ពីប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជក នឹងអាចជៀសផុតពីអគ្គភ័យបាន»។
ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍កម្ពុជា លោក ម៉ម រិទ្ធី គាំទ្រឱ្យមានការដាក់ចេញនូវវិធានការទប់ស្កាត់ឱ្យបានជាក់លាក់ និងមានប្រសិទ្ធភាព ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដោយក្នុងនោះសមត្ថកិច្ចពាក់ព័ន្ធត្រូវមានជំនាញច្បាស់លាស់ និងមានឧបករណ៍គ្រប់គ្រាន់ ក្នុងការពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលា ក្នុងករណីកើតមានជាយថាហេតុ ព្រមទាំងត្រូវមានបច្ចេកទេសក្នុងការការពារសុវត្ថិភាពដល់ជនរងគ្រោះផងដែរ។
លោកថា៖ «ក្រសួងដែលពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ឬក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការ គឺគ្រប់សហជីព សហគ្រាសទាំងអស់ ដែលរកស៊ីនៅប្រទេសកម្ពុជា ឬប្រជាជនត្រូវបង្រៀនគាត់ឱ្យចេះប្រើឧបករណ៍ពន្លត់អគ្គិភ័យ និងនៅតាមផ្ទះមួយៗ ឬក៏តាមអគារ គឺត្រូវតែមានបំពង់ពន្លត់អគ្គិភ័យឱ្យបានគ្រប់គ្រាន់ ហើយមានគុណភាព។ ក្រសួងត្រូវចុះឆែកតាមក្រុមហ៊ុនមួយៗ ដែលកំពុងតែរកស៊ីហ្នឹង តើគាត់មានបានគោរពទៅតាមគោលការណ៍អត់ ពីព្រោះកន្លងមកយើងឃើញថា ក្រុមហ៊ុនមួយចំនួន អត់មានបំពង់ពន្លត់អគ្គិភ័យបានត្រឹមត្រូវទេ ហើយមានការស្លាប់មនុស្សដោយសារការជម្លៀសពុំបាន។ ក្រសួងត្រូវចុះពិនិត្យថាអគារមួយដែលគាត់ធើ្វឡើង តើមានការទប់ស្កាត់នឹងអគ្គិភ័យទេ មានច្រកចេញចូល និងមានប្រដាប់ពន្លត់អគ្គិភ័យច្បាស់លាស់អត់ អញ្ចឹងក្រសួងត្រូវចុះពិនិត្យដើម្បីការពារ។»
គួរបញ្ជាក់ថា ការដាក់ចេញនូវវិធានការជាបន្តបន្ទាប់របស់រដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីមានករណីអគ្គិភ័យបានឆាបឆេះអគាររោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ឈ្មោះ យីដា (មេនូហ្វេកធីរើ ខូ អិលធីឌី) ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីអំឡុងខែមករា ឆ្នាំ២០២៤ បណ្តាលឱ្យកម្មការិនីម្នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សច្រើននាក់ទៀត បានរងរបួស។
ចំណែករបាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ មានគ្រោះអគ្គិភ័យកើតឡើងសរុបចំនួន ៧៦១ លើក កើនឡើងលើសឆ្នាំ២០២២ ចំនួន ១៤៣លើក ក្នុងនោះមានអ្នកស្លាប់ចំនួន ៥៤នាក់ និង ៩៧នាក់ផ្សេងទៀតរងរបួស ខណៈផ្ទះចំនួន ៥៧៩ខ្នង និងតូបចំនួន៥៧ រួមនិងសម្ភារៈជាច្រើនទៀត ត្រូវបានបំផ្លាញដោយសារគ្រោះអគ្គិភ័យ៕